​លោកស្រី កែ សុវណ្ណ​រតន៍ ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​បំពេញការងារ​៤​ខេត្ត​

​នៅក្នុង​សប្តាហ៍​នេះ លោកស្រី កែ សុវណ្ណ​រតន៍ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ចុះ​បំពេញបេសកកម្ម​ការងា​រពាក់​ព័ន្ធ​វិស័យ​ជំនាញ​របស់​គណៈកម្មកា​រ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ក្រចេះ​។ គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោកស្រី កែ សុវណ្ណ​រតន៍ ត្រូវគេ​ដឹងថា​ផ្តោត​ការងារ​សំខាន់​ទៅលើ​វិស័យ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វី​ជ្ជា​ជីវៈ និង​កិច្ចការនារី​។​

​ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ជួបពិភាក្សា​ការងារ​ជាមួយ​គណៈ​អភិបាលខេត្ត និង​មន្ទីរជំនាញ​នានា​ក្នុង​ខេត្ត​ទាំង​៤ លោកស្រី កែ សុវណ្ណ​រតន៍ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បាន​បញ្ជាក់ថា ដើម្បី​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​ដូចជា​៖ ទី​១- ការពង្រឹង​គុណភាព និង​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​សុខាភិបាល​ដល់​ជនជាតិភាគតិច​នៅ​តំបន់​ដាច់ស្រយាល ទី​២- តាមដាន​បញ្ហា​ពលករ​ចំណាកស្រុក ទី​៣- បញ្ហា​អំពើហិង្សា និង​ទី​៤- របប​សន្តិសុខ​សង្គម និង​ប្រាក់ មូលនិធិ​សោធន​និវត្តន៍​ជាដើម​។​

​ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​ចំនួន​៤ ក៏បាន​ចុះទៅ​ពិនិត្យមើល​ការផ្តល់សេវា​សុខាភិបាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ផងដែរ​។ គួរ​បញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំពេញការងារ​យ៉ាងសកម្ម​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ និង​នៅក្នុង​រដ្ឋសភា​៕

12743690_586628721489280_2455396467355753015_n 12744011_586628858155933_8792704378178917074_n 12744696_586605268158292_4999671750786971397_n