កងទ័ពជើងទឹក កម្ពុជា-ចិន នឹងធ្វើសមយុទ្ធ រួមគ្នាក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ

ភ្នំពេញ៖កងទ័ពជើងទឹកកម្ពុជានិងកងទ័ព ជើងទឹករំដោះប្រជាជនចិន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ នឹងសហការ គ្នាធ្វើលំហាត់ហ្វឹកហ្វឺន លើវិញ្ញាសារ មួយចំនួន ក្នុងតំបន់សមុទ្រខេត្ត ព្រះសីហនុ នៅចន្លោះ កោះតាង កោះរ៉ុងសន្លឹម និងកោះឬស្សី។
យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៧ កុម្ភៈ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នាវាកងទ័ពជើងទឹករំដោះប្រជាជន ចិនចូលសំចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ប្រភពខាងលើបន្តថា “ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជានាពេលនេះ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងកងទ័ពជើងទឹក នៃកងយោធពល ខេមរភូមិន្ទ គ្រោងនឹងធ្វើលំហាត់ ហ្វឹកហ្វឺនរួមគ្នាលើវិញ្ញាសារ មួយចំនួន ក្នុងតំបន់សមុទ្រខេត្តព្រះសីហនុ”។

គួរបញ្ជាក់ថា នៅថ្ងៃទី១៧ កុម្ភៈ នេះដែរ ក៏មាននាវាកងទ័ពស្វយ័ត ការពារជប៉ុនចំនួន ៣គ្រឿងផងដែរ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញ ទស្សនកិច្ច នៅកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២០ កុម្ភៈ  ប៉ុន្តែការមកដល់របស់នាវាកងទ័ពស្វយ័ត ការពារជប៉ុននាពេលនេះ គឺមិនមានគម្រោង ធ្វើសមយុទ្ធហ្វឹកហាត់ ជាមួយគ្នាណាមួយនោះទេ ៕