ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​វិទ្យាស្ថាន​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​អង្គារ​ទី​១៦ កុម្ភៈ កន្លង​មកនេះ មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ប្រកាសប្រាប់​ដល់​បណ្ដា​សហព័ន្ធ​កីឡា​ទាំងអស់​ឱ្យ​បានដឹង​ថា ឆ្នាំ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កំណត់​យក​តែ​៩​វិញ្ញាសា​កីឡា​ប៉ុណ្ណោះ សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ ។ 

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា មាន​ប្រសាសន៍​ថា ចំពោះ​វិញ្ញាសា​ទាំង​៩​ដែល​ត្រូវ​ប្រមូលផ្ដុំ​ឆ្នាំ​នេះ​មាន បាល់ទាត់​, បាល់ទះ​, បាល់បោះ​, តេ​ក្វា​ន់​ដូ​WTF, ហែល​ទឹក​, អត្តពលកម្ម​, ប៉េតង់​, ចំបាប់ និង​ប្រដាល់​។ ចំពោះ​វិញ្ញាសា​បាល់ទាត់​ចែក​ចេញ​ជា​២​ប្រភេទ​គឺ អាយុ​ក្រោម​១៦​ឆ្នាំ និង​អាយុ​ក្រោម​១៤​ឆ្នាំ​។ សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៦​ឆ្នាំ​មាន​កីឡាករ​២៥​នាក់ គ្រូបង្វឹក​៤​នាក់ និង​អាយុ​ក្រោម​១៤​ឆ្នាំ​មាន​កីឡាករ​២០​នាក់ និង​គ្រូបង្វឹក​៥​នាក់ ។ វិញ្ញាសា​ហែល​ទឹក​មាន​កីឡាករ​៧​នាក់ កីឡាការិនី​៧​នាក់ និង​គ្រូបង្វឹក​២​នាក់ ។ វិញ្ញាសា​តេ​ក្វា​ន់​ដូ​WTF មាន​កីឡាករ​៥​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​២​នាក់ ។ វិញ្ញាសា​បាល់បោះ​មាន​កីឡាករ​១២​នាក់ គ្រូបង្វឹក​២​នាក់ ។ ចំបាប់​មាន​កីឡាករ​១០​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​២​នាក់ ។ អត្តពលកម្ម​មាន​កីឡាករ​៤​នាក់ កីឡាការិនី​៤​នាក់ និង​គ្រូបង្វឹក​២​នាក់ ។ បាល់ទះ​មាន​កីឡាករ​១២​នាក់ និង​គ្រូបង្វឹក​២​នាក់ ។ ប្រដាល់​មាន​កីឡាករ​១២​នាក់ គ្រូបង្វឹក​២​នាក់ និង​ប៉េតង់​មាន​កីឡាករ​៥​នាក់ កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​២​នាក់ ។

លោក អ៊ុ​ក សិទ្ធិ​ជាតិ បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​អប់រំ​សម្រេច​កំណត់​យក​វិញ្ញាសា​កីឡា​តិច​បែប​នេះ គឺ​ដើម្បី​ចម្រាញ់​យក​តែ​ប្រភេទ​កីឡា​ណា​ដែល​មាន​សក្ដានុពល និង​កីឡាករ​-​កីឡាការិនី​ដែល​មាន​ចំណាត់ថ្នាក់​នៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស​ដែល​មាន​វ័យក្មេង មាន​សីលធម៌​ល្អ មាន​វិន័យ មាន​ឆន្ទៈ​ក្នុង​ការ​ហ្វឹក​ហាត់​និង​មានការ​ត្រួតពិនិត្យ​សុខភាព​ត្រឹមត្រូវ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រមូលផ្ដុំ​នេះ​ស្ថិត​ក្នុង​កម្រិត​ថ្នាល​មាន​រយៈពេល​១០​ខែ​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ចំណែក​គ្រូបង្វឹក​ក៏​ដូច​គ្នា​ដែរ​ត្រូវ​មាន​ចំណាត់ថ្នាក់ និង​មានការ​ទទួលស្គាល់​ជា​ផ្លូវការ មាន​សញ្ញាបត្រ មានបទពិសោធន៍ និង​មាន​ពេលវេលា​គ្រប់គ្រាន់ ព្រមទាំង​មាន​សីលធម៌​ល្អ​ទៀត​ផង ។ វិញ្ញាសា​បាល់ទាត់​បាន​ប្រមូលផ្ដុំ​គ្នា​តាំងពី​ថ្ងៃ​ទី​១ មក​រា មក​ម្ល៉េះ ចំណែក​វិញ្ញាសា​បាល់ទះ​ប្រមូលផ្ដុំ​គ្នា​ចាប់ពី​ថ្ងៃ​ទី​១ មេ​សា និង​កំណត់​បញ្ចប់​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៦៕