ពួក​ចោរ​ប្លន់​បាន​ប្រាក់១៣.០០០​ដុល្លារ​ពី​ម្ចាស់​ហាង​វេរ​ប្រាក់​វីង​ខេត្ត​កំពង់​ធំ

នគរបាល​ក្នុង​ខេត្ត​កំពង់​ធំ​កំពុង​ស្វែងរក​ចាប់​ខ្លួន​បុរស​បី​នាក់ ដែល​បាន​ប្លន់​ម្ចាស់​ហាង​វេរ​ប្រាក់​វីង​ជាច្រើន​នាក់​នៅ​ស្រុក​ស្វាយ​កំពង់​កាលពី​ថ្ងៃ​យប់​ច័ន្ទ ដែល​ជា​ហេតុការណ៍​ចុង​ក្រោយ​ក្នុង​ការ​ប្លន់​ជាច្រើន​លើក​ស្រដៀង​គ្នា​នេះ។

លោក ខាន់ ចាន់គ័រ អធិការ​នគរបាល​ស្រុក បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ពួក​ចោរ​បាន​ចូល​ផ្ទះ​ដែល​បើក​កន្លែង​វេរ​ប្រាក់​នៅ​ម៉ោង​ប្រហែល​៨​យប់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​៤៧ កាំភ្លើង​ខ្លី និង​ដែក​គាស់ បន្ទាប់មក​ពួកវា​បាន​គំរាម​សម្លាប់​ប្តី​ប្រពន្ធ​និង​កូនៗ​របស់​ពួកគាត់ ប្រសិនបើ​ពួកគាត់​មិន​ប្រគល់​ប្រាក់​ឲ្យ​ពួក​វា​ទេ​នោះ។

លោក​អធិការ​បាន​និយាយ​ថា “ពួក​ចោរ​ប្លន់​មិន​បាន​សម្លាប់​ឬ​ធ្វើ​ឲ្យ​នរណា​ម្នាក់​រង​របួស​ទេ ពីព្រោះ​ជន​រងគ្រោះ​បាន​យល់ព្រម​ប្រគល់​ប្រាក់​ឲ្យ​ពួក​គេ”។

លោក ចាន់គ័រ បាន​និយាយ​ថា ពួក​ចោរ​ប្លន់​យក​បាន​ប្រាក់​ដុល្លារ ប្រាក់​រៀល និង​ប្រាក់​បាត​ថៃ ប្រហែល​១៣.០០០​ដុល្លារ​អាមេរិក ព្រម​ទាំង​កង​ជើង​ប្លាទីន និង​ទូរស័ព្ទ​ដៃ​មួយ​ចំនួន។

លោក សិន លិង អធិការ​រង​ស្រុក បាន​និយាយ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចាត់​វិធានការ​ជាច្រើន​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ ក្នុង​នោះ​មាន​ទាំង​ការ​យាម​ល្បាត​ញឹកញាប់​ថែម​ទៀត​ដោយ​មន្ត្រី​និង​អ្នក​ស្ម័គ្រ​ចិត្ត​ឃុំ ហើយ​លោក​បាន​ចោទ​ប្តី​ប្រពន្ធ​រង​គ្រោះ​ថា​បាន​ធ្វើ​ឲ្យ​ខកខាន​ចាប់​ខ្លួន​ពួក​ចោរ​ប្លន់ ដោយ​យឺត​១៥​នាទី បន្ទាប់ពី​ពួក​ចោរ​ប្លន់​ចេញ​បាត់ ទើប​ហៅ​នគរបាល។

លោក​បាន​និយាយ​ថា “ប្រសិនបើ​ជន​រងគ្រោះ​បាន​រាយការណ៍​អំពី​ចោរ​ប្លន់​ភ្លាម​ក្រោយ​ពី​ពួកវា​ចេញ​ពី​ផ្ទះ យើង​ប្រហែល​មក​ដល់​ទាន់​ពេល​ចាប់​ខ្លួន​ពួក​វា​បាន”។ លោក​បាន​បញ្ជាក់​ថា ទីស្នាក់ការ​នគរបាល​ស្រុក​ស្ថិត​នៅ​ក្បែរ​នោះ។

លោក លិង បាន​និយាយ​ថា នគរបាល​មាន​តម្រុយ​ខ្លះ​អំពី​ភិនភាគ​របស់​ជន​សង្ស័យ ដោយ​លោក​លើក​ឡើង​ថា មាន​តែ​អ្នក​កាន់​កាំភ្លើង​វែង​ទេ​ពាក់​ម៉ាស់​មុខ។

ការ​ប្លន់​កាលពី​ថ្ងៃ​ច័ន្ទ​ជា​ការ​ប្លន់​ប្រដាប់​អាវុធ​នៅ​កន្លែង​វេរ​ប្រាក់​វីង​យ៉ាង​ហោច​ណាស់​បួន​លើក​បន្ត​បន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ និង​ជា​ការ​ប្លន់​កើត​ឡើង​ដដែលៗ​នៅ​ហាង​និង​កន្លែង​លក់​គ្រឿង​ទេស​តូចតាច។

កាលពី​ថ្ងៃ​សៅរ៍ អនុសេនីយ៍​ទោ​កង​កម្លាំង​រាជ​អាវុធហត្ថ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​កំពង់ស្ពឺ ទាក់ទិន​អំពើ​ប្លន់​មួយ​បែប​នេះ​កាលពី​ថ្ងៃ​ទី​៣១​ខែ​មករា។

ក្រុមហ៊ុន​វីង​បាន​និយាយ​ថា សាខា​របស់​ខ្លួន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​សុវត្ថិភាព និង​ការ​ណែនាំ​មិន​ឲ្យ​ទុក​ប្រាក់​ច្រើន​ទេ៕ និត

 

The post ពួក​ចោរ​ប្លន់​បាន​ប្រាក់១៣.០០០​ដុល្លារ​ពី​ម្ចាស់​ហាង​វេរ​ប្រាក់​វីង​ខេត្ត​កំពង់​ធំ appeared first on ខេមបូឌា ដេលី.