ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​ជាប់មាត់​ស្ទឹង​ប​រយ៉ា​ខា ស្ថិត​នៅ​ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន មាន​ឈ្មួញ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​ជីក​កកាយ​ដី ដើម្បី​រែង​យក​រ៉ែ​ត្បូង​ជា​ទ្រង់ទ្រាយ​ធំ ដែល​មាន​ទទឹង​ប្រវែង​ជិត​៥០​ម៉ែត្រ និង​បណ្តោយ​ប្រហែល​៧០​ម៉ែត្រ និង​មាន​ជម្រៅ​ប្រហែល​ជាង​៥​ម៉ែត្រ ដែរ ។

សកម្មភាព​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​ខ្លាំង ហើយ​ការ​ជីក​រុករក​រ៉ែ​ត្បូង​នេះ ត្រូវ​គេ​និយាយ​ថា មានការ​សម្របសម្រួល​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន ដែល​ជា​អ្នក​អនុញ្ញាត​ច្បាប់ តែ​ខាង​មន្ទីរ​បរិស្ថាន មិន​អនុញ្ញាត​ទេ ខណៈ​អភិបាលក្រុង​ប៉ៃលិន​មិន​ទាន់​ដឹង ។

បើ​តាម​សម្តី​របស់​លោក​រ៉ា​ន់ សា​រុំ ហៅ​ឌុ​ច អាយុ​៥៩​ឆ្នាំ ដែល​ជា​ម្ចាស់​គ្រឿងចក្រ និង​ជា​ឈ្មួញ​បានឱ្យ​ដឹង​ថា គាត់​បាន​ជីក​កកាយ​ដី​នេះ រែង​យក​រ៉ែ​ត្បូង គឺ​មានច្បាប់​តាំងពី​សង្កាត់​-​ក្រុង រហូត​ដល់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ផង​ដែរ ទើប​ហ៊ាន​ជីក បើ​អត់​ច្បាប់​វិញ គេ​នឹង​មក​ចាប់​គាត់​បាត់​ទៅ​ហើយ ។

ពាក់ព័ន្ធ​នឹង​ការ​ជីករណ្តៅ​ដ៏​ជ្រៅ​ឃើញ​ក្បាល​ប្រែ ត​ដើម្បី​យក​រ៉ែ​ត្បូង​នេះ​ដែរ គាត់​បាន​ប្រាប់​ថា បើ​រ៉ែ​ជ្រៅ គឺ​គាត់​ជីក​ជ្រៅ​ទោះ​ប៉ុន្មាន​ម៉ែត្រ ក៏​គាត់​បន្ត​ជីក​ដែរ ហើយ​គាត់​មិន​ខ្វល់​អំពី​អ្វី​ទាំងអស់ ព្រោះ​មានច្បាប់​ត្រឹមត្រូវ​អស់ហើយ បើ​មិន​ជឿ​ទេ ទៅ​សួរ​លោក​ប្រធាន​មន្ទីរ​រ៉ែ​ខេត្ត​ទៅ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​វណ្ណ ស៊ី​រ៉ា​ណេ ប្រធាន​ការិយាល័យ​រ៉ែ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បាន​ទទួលស្គាល់​ថា ខាង​មន្ទីរ​បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​ជីក​កកាយ​ដី​យក​រ៉ែ​នោះ​មែន ព្រោះ​ក្រសួង​ក៏​អនុញ្ញាត​ចេញ​ច្បាប់​ជា​លក្ខណៈ​គ្រួសារ ហើយ​គេ​អាច​ប្រើ
គ្រឿងចក្រ​តូច​-​ធំ​ក៏​បាន​ដែរ ស្រេច​នឹង​គេ​ធ្វើ​ប៉ុណ្ណោះ ។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក​គឹ​ម សុខា បានឱ្យ​ដឹង​ដែរ​ថា ខាង​មន្ទីរ​របស់​លោក មិន​បាន​អនុញ្ញាត​ច្បាប់​ណាមួយ​ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​រែង​យក​ត្បូង​បែប​អ៊ីចឹង​ទេ ព្រោះ​វា​បង្ក​ឱ្យ​ប៉ះពាល់​ខ្លាំង​ណាស់ ដល់​បរិស្ថាន​ធម្មជាតិ បើ​ខាង​ណា​គេ​អនុញ្ញាត ក៏​អនុញ្ញាត​ទៅ​ចុះ តែ​ខាង​លោក​មិន​អាច​អនុញ្ញាត​ឱ្យ​ជីក​កកាយ​ឡើយ ។ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​សន្យា​ថា នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក្រាប​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។