ពលរដ្ឋ​៨៩ នាក់​នៅ​ត្រាំកក់​ដែល​ពុល​នំ​បញ្ចុក អាច​បណ្តាល​ពី​ម្សៅ​នំ​បញ្ចុក​ខុស​បច្ចេកទេស​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន ៨៩​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦២ នាក់ បាន​ពុល នំ​បញ្ចុក កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​។ អធិការរង​ស្រុក​ត្រាំកក់ មានប្រសាសន៍ថា ការពុល​នេះ​កើតឡើង ក្នុង​ឧកាស​ពិធីបុណ្យ​ចំនួន​ពីរ ដែល​ប្រជាពលរដ្ឋ​ទាំង​៨៩​នាក់​នេះ បាន​បរិភោគ​នំ​បញ្ចុក​ក្នុង​ពី​ធី​ទាំង​២​នេះ​។ លោក សន្និដ្ឋានថា ការពុល​នេះ​បណ្តាលមកពី​ម្សៅ​នំ​បញ្ចុក​។

​ប្រជាពលរដ្ឋ​ចំនួន​៨៩​នាក់ បាន​ពុល​នំ​បញ្ចុក កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ក្នុង​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ នេះ​បើតាម​ការអះអាង​របស់​លោក សុខ សុជា អធិការ​ស្រុក​ត្រាំកក់ មុននឹង​លោក មានប្រសាសន៍ថា កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ នៅក្នុង​ឃុំ​ជាងទង មាន​ពិធីបុណ្យ​ចំនួន​២ ដែល​ម្ចាស់ដើមបុណ្យ​ទាំង​២​បាន​ទិញ​នំ​បញ្ចុក​ពី​កន្លែង​តែមួយ​ដូចគ្នា​។ លុះដល់​ថ្ងៃទី​១៥ ប្រជាពលរដ្ឋ​ដែល​បាន​បរិភោគ​នំ​បញ្ចុក​ក្នុង​ពិធីបុណ្យ​ទាំង​២​នេះ ក៏​កើតមាន​អាកា​រៈ ក្អួតចង្អោរ រាគរូស និង ហេវ​ហត់​អស់កម្លាំង ទុន​ដៃ​ទុន​ជើង​។​

​បើតាម​ការសន្និដ្ឋានរ​បស់​មន្ត្រី​រូបនេះ ករណី​ពុល​នេះ​បណ្តាលមកពី​ម្សៅ​នំ​បញ្ចុក​។ លោក​ថា អ្នកធ្វើ​អ្នក​បញ្ចុក​អាចធ្វើ​ខុស​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​ម្សៅ​នំ​បញ្ចុក​ខូចគុណភាព​។  លោក សុខ សុជា បញ្ជាក់ថា មូលហេតុ​ដែល​អាជ្ញាធរ​សន្និដ្ឋាន​បឋម​បែបនេះ ព្រោះ​ពលរដ្ឋ​ម្នាក់​ក្នុង​ឃុំ​នេះ​ដែល​មិ​បាន​ហូប​នំ​បញ្ចុក​ស្រូប​ជាមួយ​សម្ល​នំ​ញ្ចុ​ក​ផង ដោយ​គ្រាន់តែ​ពលរដ្ឋ​ម្នាក់​នោះ យកនំ​បញ្ចុក​ពី​កម្ម​វិធី​បុណ្យ​មក​បរិភោគ​ជាមួយ​ទឹកត្រី ក៏មាន​អា​ការៈពុល​នេះដែរ​។ តែ​យ៉ាងណា​បើតាម​មន្ត្រី​ដដែល​នេះ គេ​នៅ​មិនទាន់​ដឹង​ពី​ការសន្និដ្ឋាន​ជា​ផ្លូវការ​ណាមួយ​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការបញ្ជាក់​ពី​ខាង​មន្ត្រី​ជំនាញ​សុខាភិបាល​។​

ជាមួយគ្នានេះ​ លោក សុខ សុជា បានថ្លែងថា ប្រជា​ពល​ទាំង​៨៩​នាក់​ដែល​រងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ត្រាំកក់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​