អាជីវករផ្សាររ៉ុងក្លឿ៖ ថៃទុកពេលឲ្យ ខ្មែរពីរខែ លក់ទំនិញ នាំចូលពី បរទេសឲ្យអស់

ភ្នំពេញ៖ ភាពភ័យខ្លាចនៅតែបន្ត កើតមានសម្រាប់អាជីវករខ្មែរ លក់ដូរនៅ ផ្សាររ៉ុងក្លឿ របស់ថៃ បន្ទាប់ពីកើតមានករណីផ្ទុះហិង្សា រវាងអាជីវករខ្មែរជាមួយ និងប៉ូលីសកម្មសិទ្ធបញ្ញា របស់ថៃកាលពីប៉ុន្មានសប្ដាហ៍មុន។ ប៉ុន្តែអាជីវករខ្មែរម្នាក់លក់ដូរ នៅផ្សាររ៉ុងក្លឿសុំ មិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា  អាជ្ញាធរថៃសម្រេចទុកពីរខែ ឲ្យពលរដ្ឋខ្មែរលក់ទំនិញ ដែលនាំចូលពីបរទេស ឲ្យអស់មុនពេល ប៉ូលីសថៃបើការ ត្រួតពិនិត្យជាថ្មី។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះ អាជីវករខ្មែរដដែល បន្តថា «មកដល់ម៉ោងនេះ អាជីវករយើងគាត់បិទ បើកតូបបីបួនដងហើយ។ គាត់ចេះតែ ផ្អើលៗតាមគ្នា។ ប៉ូលីស ថៃគេអត់មាន ចុះមកចាប់ទេ។ គេទុកពេលឲ្យ យើងលក់ពីរខែលក់ ឲ្យអស់ទំនិញយកមក ពីក្រៅហ្នឹង។ បើសិនពេលពីរខែហ្នឹង លក់មិនអស់ទេ គេចុះមកម្ដងទៀត»។

អាជីកររូបនេះ ឲ្យដឹងទៀតថា តាមគម្រោងនៅថ្ងៃទី១៨ កុម្ភៈស្អែកនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ ជួបប្រជុំជាមួយគ្នាម្ដងទៀត នៅច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តរកដំណោះស្រាយ ជូនអាជីវករខ្មែរ។ បើតាមអាជីវករ  រហូតមកពេលនេះ ពលរដ្ឋខ្មែរប្រមាណតែ ៦០ភាគរយ បើកតូបដំណើរការលក់ដូរ នៅផ្សាររ៉ុងក្លឿ។ លោកថា «ភាគច្រើនពួកគាត់បើកលក់ នៅថ្ងៃសៅរ៍ អាទិត្យ ។ ថ្ងៃធម្មតាគាត់មិនសូវហ៊ាន បើកទេព្រោះខ្លាច»។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ នៃការប៉ះទង្គិច គ្នារវាងក្រុមអាជីវករខ្មែរ និងក្រុមស៊ើបអង្កេត ពិសេសថៃមកពី ទីក្រុងបាងកក ដែលចុះមកពិនិត្យ កម្មសិទ្ធិបញ្ញាលើទំនិញ នៅផ្សាររ៉ុងក្លឿ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦  ស្ថានអគ្គកុងស៊ុល កម្ពុជានៅខេត្តសាកែវ បានជូនព័ត៌មានថា សាលាឧទ្ធរណ៍ថៃ  បានបដិសេធសំណើធានា ឲ្យនៅក្រៅឃុំរបស់ មេធាវីស្ថានអគ្គ- កុងស៊ុល។

លោកឧបនាយក រដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ខ្មែរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានអំពាវនាន ឲ្យអាជីវករ ខ្មែរដែលលក់ដូរបើកលក់ ជាធម្មតាវិញ ព្រោះគ្មានអាជ្ញាធរថៃ ណាចុះចាប់ទំនិញទេ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានណែនាំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ ចុះសួរសុខទុក្ខអាជីវករទាំងអស់ និងណែនាំឲ្យបើកលក់ដូរជាធម្មតាវិញ តែជៀស វាងការលក់ទំនិញ ក្លែងក្លាយខុសច្បាប់ ដែលនាំឲ្យមានបញ្ហាជាមួយសមត្ថកិច្ចផ្នែកកម្មសិទ្ធិ បញ្ញារបស់ថៃ៕

អាជីវករផ្សាររ៉ុងក្លឿ៖ ថៃទុកពេលឲ្យ ខ្មែរពីរខែ លក់ទំនិញ នាំចូលពី បរទេសឲ្យអស់