ក្រសួងការងារ ត្រូវការពេលវេលា ដើម្បីកែលម្អ លើបញ្ហា លក្ខខណ្ឌការងារ និងការធានាបាន សមភាពយេនឌ័រ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវការពេលវេលា ដើម្បីកែលម្អលើបញ្ហាលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ  និងការធានាបានសមភាពយេនឌ័រ ពោលគឺត្រូវចំណាយពេលវេលា បង្កើនការយល់ដឹងអំពី ច្បាប់ដល់អ្នកជាប់ពាក់ព័ន្ធ។

តាមរបាយការណ៍ សង្ខេបស្តីពីលទ្ធផលការងារ២០១៥ និងទិសដៅការងារអនុវត្តន៍ឆ្នាំ២០១៦ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា បើទោះបីជាក្រសួងការងារ បានខិតខំប្រឹងប្រែងជំរុញការអនុវត្តច្បាប់ ស្តីពីការងារយ៉ាងណាក៏ដោយ បញ្ហាលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ និងការធានាបានសមភាពយេនឌ័រ នៅតែទាមទារពេលវេលា ដើម្បីកែលម្អជាបន្តបន្ទាប់។ ពោលគឺត្រូវបង្កើនការយល់ដឹងអំពីច្បាប់ និងធានាសុខដុមនីយកម្មរវាងនិយោជក និងកម្មករនិយោជិក សំដៅលើកកម្ពស់ផលិតកម្ម ស្របតាមការវិវត្តន៍ជាក់ស្តែងនៅកម្ពុជា ។

ឆ្នាំ២០១៦នេះ គឺជាឆ្នាំទី៣ នៃការអនុវត្តផែនការ យុទ្ធសាស្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៤-២០១៨ ក្រសួងការងារ នឹងបន្តអនុវត្តខ្លឹមសារមួយចំនួនដូចជា៖ ទី១៖បន្តពង្រឹង និងជំរុញការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធការធ្វើវិសោធកម្មច្បាប់ ស្តីពីការតាក់តែងបទប្បញ្ញត្តិ សំដៅធានា និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ លើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ របស់កម្មករនិយោជិក។ ទី២៖បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសជាមួយក្រសួងមហាផ្ទៃ ដើម្បីក្តាប់បាននូវស្ថិតិជនបរទេស ដែលបានទិដ្ឋាការប្រភេទ Eចូលមកស្នាក់នៅ និងធ្វើការងារនៅក្នុងប្រទេសកម្ពុជា។ ទី៣៖ ពង្រឹងភាពជាដៃគូអភិវឌ្ឍ ពាក់ព័ន្ធក្នុងគោលបំណងដកហូត និងទប់ស្កាត់ពលកម្មកុមារ ដែលធ្វើការងារស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរ។ ទី៤៖ អនុវត្តច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ និងអនុសញ្ញាអន្តរជាតិ ដើម្បីធានាបាននូវសុខដុមនីយកម្ម រវាងកម្មករនិយោជិក និងនោយោជក។ ទី៥៖ ក្រសួងនឹងបន្តស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីតុលាការការងារឲ្យចប់នៅឆ្នាំ២០១៧ខាងមុខ។ ទី៦៖ បន្តពង្រឹង និងពង្រីកការអនុវត្តតាម គោលការណ៍ច្បាប់ជាធរមាន ចំពោះនិយោជិត និងអង្គភាពផ្តល់សេវាវេជ្ជសាស្រ្ត។ ទី៧៖ បន្តផ្សព្វផ្សាយ សម្របសម្រួល និងពន្តល់នែនាំការអនុវត្តនូវវិធានការរដ្ឋបាល ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាព និងជាជម្រើសចុងក្រោយ ចំពោះការមិនអនុវត្តតាមច្បាប់ជាចម្បង ចំពោះសហគ្រាស គ្រឹះស្ថានដែលមិនព្រមមកចុះបញ្ជីការ និងបង់វិភាគទាន ឬមានការយឺតយ៉ាវ ក្នុងការបង់ភាគទាន និងរាយការណ៍ពីចំនួនកម្មករនិយោជិក និងប្រាក់បៀវត្ស មិនគ្រប់តាមចំនួនជាក់ស្តែង។ និងទី៨៖ បន្តពង្រឹងការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់ថវិកាដោយតម្លាភាព និងប្រសិទ្ធភាព ការកៀងគរធានធានវិនិយោគ និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ល។