ឆ្នាំ២០១៥ មានកម្មករនិយោជិត ជាង៣ពាន់នាក់ មានគ្រោះថ្នាក់ក្នុង អំឡុងបំពេញការងារ

ភ្នំពេញ៖ យ៉ាងហោចណាស់ កម្មករនិយោជិតចំនួនជាង ៣.០០០នាក់ ស្មើនឹងប្រមាណ ៣ភាគរយ នៅតាមបណ្តា រាជធានី-ខេត្ត នៅទូទាំងប្រទេស កាលពីឆ្នាំ២០១៥កន្លងទៅ បានទទួលគ្រោះថ្នាក់ ក្នុងអំឡុងពេលបំពេញការ ដោយសារគ្រោះថ្នាក់ផ្សេងៗ។

 យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៥ និងទិសដៅ ឆ្នាំ២០១៦ របស់ក្រសួង ការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានឲ្យដឹងថា គ្រោះថ្នាក់ការងារតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស មានចំនួន ២៧.៩១៦ករណី មានកម្មករនិយោជិតចំនួន ៣០.៩១៩នាក់ ស្មើនឹងប្រមាណ ៣ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។

 បានដោះស្រាយ និងផ្ដល់តាវកាលិកហានិភ័យការងារមានចំនួន ២៨.៤៦២ឯកសារ កើនឡើងចំនួន ១០.៣៧៨ឯកសារ ស្មើនឹង ៥៧,៣៩ភាគរយ ដែលមានចំនួនជនរងគ្រោះ ១៥.៣៣៨នាក់ (ស្ត្រី ១០.៦៥៧នាក់) កើនឡើងចំនួន ៤.៧០៥នាក់ ស្មើនឹង ៤៤,២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៤ តែឆ្នាំ២០១៤ មានសមាជិកតិចជាងឆ្នាំ២០១៥ ចំនួន៥ភាគរយ។

 របាយការណ៍បានបន្ថែមថា បានពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គមនៅទូទាំងប្រទេស ២៥រាជធានី-ខេត្ត ដែលមានសហគ្រាស គ្រឹះស្ថាន ៧.៧៩៦ និងមានកម្មករនិយោជិតចំនួន ១.០៧៧.០៧៩នាក់ (ស្ត្រី ៧៦.០១៣នាក់)។ បានទទួលចុះបញ្ជិកាសហគ្រាសគ្រឹះស្ថានចំនួន ៧៥៥ មានកម្មករនិយោជិត ចំនួន ៥៥.៤៩១នាក់ (ស្រ្តី ៣៦.៦៨៦នាក់)។

 បច្ចុប្បន្នក្រសួងការងារ បាននិងកំពុងរៀបចំនីតិវិធីដាក់ឲ្យដំណើរការ របបថែទាំសុខភាពស្របតាម អនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញិ នៃច្បាប់ស្តីពីការងារ និងកំពុងសាងបទដ្ឋានគតិយុត្តសម្រាប់ដាក់ឲ្យអនុវត្តន៍ប្រព័ន្ធរបបសោធន នៅឆ្នាំ២០១៧ខាងមុខនេះ៕