ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន Marca របស់​អេ​ស្ប៉ា​ញ​ផ្សាយ​ថា តុលាការក្រុង​សៅ​ប៉ាវ​ឡូ ប្រទេស​ប្រេ​ស៊ី​ល បាន​រឹបអូស​ទ្រព្យសម្បត្តិ​គេចពន្ធ​របស់​កីឡាករ​Neymar ខ្សែប្រយុទ្ធ​ក្លិប​Barcelona សរុប​៣៣​លាន​ផោន ក្នុង​នោះ​ក៏​មាន​វត្ថុ​ផ្សេង​ៗ​ដូច​ជា​យន្តហោះ​ផ្ទាល់ខ្លួន និង​នាវា​ទេសចរណ៍​ជាដើម ។

Neymar ត្រូវ​ចោទប្រកាន់​ថា បាន​គេចពន្ធ​ក្នុង​រវាង​ពី​ឆ្នាំ​២០១១-២០១៣ ។ ការ​រឹបអូស​ទ្រព្យសម្បត្តិ​គេចពន្ធ​នេះ​ធ្វើ​ឡើង​តាំងពី​ខែកញ្ញា ២០១៥ កន្លង​មក ប៉ុន្តែ​កីឡាករ​រូប​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​វត្ថុ​ខាងលើ​បាន ។ ជា​អកុសល ការ​ចេញ​បញ្ជា​រឹបអូស​ទ្រព្យសម្បត្តិ​ជា​លើក​ចុង​ក្រោយ​នេះ​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូប​នេះ អស់សិទ្ធិ​ប្រើ​វត្ថុ​ខាងលើ​ក្នុង​នោះ​មាន​យន្តហោះ​Jet និង​នាវា​ទេសចរណ៍ ។

ចៅក្រម​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត​ថា ឯកសារ​ជា​ផ្លូវការ​ត្រូវ​បាន​បញ្ជូន​ទៅ​អង្គភាព​ដែល​ពាក់ព័ន្ធ​នានា​រួម​មាន នាយកដ្ឋាន​កំពង់​ផែ​, អង្គភាព​ចុះបញ្ជី​មុខទំនិញ និង​អាកាសចរណ៍​ស៊ី​វិល ត្រូវ​បាន​រឹត​បន្តឹង​ការ​ប្រើប្រាស់​យានយន្ត​ខាងលើ​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ប្ដឹង​ទៅ​ឧទ្ធរណ៍​ដើម្បី​បាន​ទទួល​ទ្រព្យសម្បត្តិ​មក​វិញ​ក្នុង​ពេល​អនាគត​របស់​Neymar ក៏​ត្រូវ​បាន​បដិសេធ មាន​ន័យ​ថា កីឡាករ​បាល់ទាត់​ជនជាតិ​ប្រេ​ស៊ី​លអាច​ទិញ​ទំនិញ​ថ្មី​មក​ប្រើប្រាស់​ដោយ​ស្របច្បាប់​បាន ៕