ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ចំពោះ​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក ZHANG YESUI ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ថា ប្រទេស​ចិន​ប្រឆាំង​នឹង​ផែនការ​នោះ ។

លោក ZHANG ដែល​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ដើម្បី​ចូលរួម​ក្នុង​ការ​ចរចា​យុទ្ធសាស្ត្រ​លើក​ទី​៧ រវាង​ក្រសួងការបរទេស​ចិន​និង​កូរ៉េ​ខាងត្បូង​អះអាង​បែប​នេះ​បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ទី​មួយ​នៃ​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង លោក​LIM  SUNG NAM ។ ការ​ចរចា​នោះ​ធ្វើ​ឡើង​ពេល​ដែល​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ពិភាក្សា​គ្នា​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD លើ​ដែនដី​កូរ៉េ​ខាងត្បូង​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​នៃ​កម្មវិធី​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ថ្ងៃ​ទី​៧ កុម្ភៈ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​១​ខែ ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ ។ ការ​បាញ់​បង្ហោះ​កាំជ្រួច​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ​នោះ​ត្រូវ​បាន​ពួក​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​ការ​សាកល្បង​បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទិ​ក ។

លោក​ZHANG ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​ពិភាក្សា​របស់​លោក​ជាមួយ​លោក LIM ផ្តោត​ម្យ៉ាងទៀត​លើ​បញ្ហា​ប្រព័ន្ធ THAAD ។ លោក​គូសបញ្ជាក់​ថា ចិន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង​ហើយ​ត្រៀម​ធ្វើការ​រួម​គ្នា​ជាមួយ​ប្រទេស​នោះ​ដើម្បី​ពង្រឹង​ដល់​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ។

លោក​បញ្ជាក់​ថា ចិន​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​ជំហរ​រំលាយ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ ដែល​ស្រប​ទៅ​នឹង​ផលប្រយោជន៍​រួម​របស់​ចិន​និង​របស់​កូរ៉េ​ខាងត្បូង ។ ចិន​ប្រឆាំង​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ហើយ​គាំទ្រ​ដំណោះស្រាយ​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព​មួយ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​។  ក៏​ប៉ុន្តែ​លោក​គូសបញ្ជាក់​ថា ដំណោះស្រាយ​ជាក់ស្តែង​មួយ​ចំពោះ​បញ្ហា​នោះ​ត្រូវ​ស្វែងរក​តាម​រយៈ​ការ​ចរចា ។ លោក​អំពាវនាវ​ដល់​គ្រប់​ភាគី​ឱ្យ​បញ្ចេញ​សកម្មភាព​ដោយ​ប្រុង​ប្រយ័ត្ន ។ ចិន​សង្ឃឹមថា គ្រប់​ភាគី​ទាក់ទិន​នឹង​បង្ហាញ​ពី​ការ​គោរព​ផលប្រយោជន៍​របស់​ចិន​ហើយ​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន ។

លោក ZHANG បន្ត​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD នឹង​ពុំ​សម​ស្រប​សម្រាប់​ការ​សម្រាល​ភាព​តានតឹង​បច្ចុប្បន្ន និង​ដល់​ការ​ថែរក្សា​សន្តិភាព​ព្រមទាំង​ស្ថេ​រ​ភាព​ក្នុង​តំបន់​ឡើយ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​បំផ្លាញ​ដល់​ផលប្រយោជន៍​សន្តិសុខ​យុទ្ធសាស្ត្រ​របស់​ចិន ៕