លោក ​ប្រាក់ សុវណ្ណា អាច​នឹង​​ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើមប្រចាំ​ឆ្នាំ២០១៥

លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លិប​បាល់​ទាត់​បឹង​កេតអង្គរ កំពុង​តែមាន​​សំឡេង​គាំ​ទ្រ​​​ច្រើនជាង​គ្រូ​បង្វឹក​ចំនួន​៩​នាក់​ផ្សេង​ទៀត ក្នុង​ការ​បោះ​ឆ្នោត​រក​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC) សហការ​ជាមួយ Sabay ក្រោម​ការ​ឧបត្ថម្ភ​របស់​ណាហ្គាវើល​នោះ។

coah-sovanraគិត​ត្រឹម​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ទទួល​បាន​គាំ​ទ្រ​ខ្លាំង បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​ក្រុម​បឹង​កេតអង្គរ ឲ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ពាន​រង្វាន់ Toyota Mekong Club Championship 2015 និង​បាន​ដឹក​នាំ​ក្រុម Cambodian All Stars ឲ្យ​ឈ្នះ​លីក​កំពូល​របស់​ថៃ Buriram United និង​ក្រុម SCG Maungthong នោះ មាន​ទទួល​សំឡេង​គាំ​ទ្រ​តាម​រយៈការ​ចុក(Like) នៅ​លើ​រូប​ភាព​របស់​លោក​បាន​ចំនួន​៤៣១​នាក់ ដោយ​តាម​ពី​ក្រោយ​ដោយ​គ្រូ​បង្វឹក​តេក្វាន់ដូ ជាតិ ខេមរា ដែល​ទទួល​បានសំឡេង​បោះ​ឆ្នោត​បាន​៣៦៥​នាក់ ខណៈ​គ្រូ​បង្វឹក​កីឡា​កាយ​សម្ព័ន្ធ​លោក ណយ ផាណា មានសំឡេង​គាំ​ទ្រ​ចំនួន​១៦៥​នាក់។

ចំណែក​គ្រូ​បង្វឹក​នៅ​លើ​ប្រភេទ​កីឡា​ផ្សេងៗ​គ្នា​ចំនួន​៧​ លោក ផៃ សុខ គ្រូ​បង្វឹក​​កីឡា​អត្តពលកម្ម លោក សុខ ម៉ុង គ្រូ​បង្វឹក​​កីឡា​ន៉េតង់ លោក ជាតិ ខេមរា គ្រូ​បង្វឹក​កីឡាសីប៉ាក់​តាក្រ លោក ហុក ឈាងគីម គ្រូ​បង្វឹក​​កីឡា​ចំបាប់ លោក ទេព ជិវសុខុម គ្រូ​បង្វឹក​កីឡា​វ៉ូវីណាម លោក សាន គឹមស៊ាន គ្រូ​បង្វឹក​កីឡា​ល្បុក្កតោ និង​លោក ហែម គីរី គ្រូ​បង្វឹក​កីឡា​ហែល​ទឹក សុទ្ធ​តែ​មាន​សំឡេង​គាំ​ទ្រ​ក្រោម​១០០​នាក់ ដែល​គ្មាន​រំពឹង នឹង​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នោះ​ទេ ព្រោះ​ការ​បោះ​ឆ្នោត នឹង​ត្រូវបញ្ចប់​នៅ​​យប់​​ម៉ោង ១១:៥៩​ថ្ងៃ​ទី​​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

coach-nocc

យ៉ាង​តាម​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជា​បណ្តោះ​អាសន្ន នៅ​ពេល​នេះ​គេ​អាច​​ធ្វើ​ការ​សន្និដ្ឋាន​ក្រៅ​ផ្លូវ​ការ​បានថា លោក ប្រាក់ សុវណ្ណារ៉ា អាច​នឹង​ទទួល​បាន​ពាន ជាមួយ​ប្រាក់​រង្វាន់ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នេះ ព្រោះ​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គ្រូ​បង្វឹក​ឆ្នើម និង​ការ​ជ្រើស​រើស​អត្ត​ពលិក​មាន​ប្រជា​ប្រិយ ប្រចាំ​ឆ្នាំ​២០១៥​ គឺ​ត្រូវ​ពឹង​ផ្អែកទៅ​​លើ​​លទ្ធផល​នៃ​ការ​ បោះ​ឆ្នោត​ទាំង​ស្រុងតែ​ម្តង គឺ​មាន​ន័យ​ថា អ្នក​ទទួល​បាន​សំឡេង​គាំ​​ទ្រ​ច្រើន នឹង​ឈ្នះ​បាន​ពាន និង​ប្រាក់​រង្វាន់៕