ឆ្នាំ២០១៦ ក្រសួងការងារ បញ្ឈប់ពលកម្ម កុមារជាង៩០០នាក់ ពីបណ្តារោងចក្រនានា

ភ្នំពេញ៖ នៅក្នុងរយៈពេល១ឆ្នាំ២០១៥ កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានជួយសង្គ្រោះ និងបញ្ឈប់ពលកម្មកុមារ៩៤៦នាក់ ពីបណ្តារោងចក្រនានា នៅកម្ពុជា ខណៈ រោងចក្រ សហគ្រាស ទាំងនោះ បានទទួលកុមារមិនទាន់ គ្រប់អាយុឲ្យចូលធ្វើការ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ក្រសួងការងារ ចេញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «ការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ សហគ្រាសចំនួន១៤លើក ក្រសួងការងារ បានធ្វើការដកហូតកុមារមិនទាន់គ្រប់អាយុ ធ្វើការចំនួន៩៤៦នាក់ តិចជាងឆ្នាំ២០១៤ ស្មើនឹង៩២% និងទប់ស្កាត់ ពលកម្មកុមារ ១៧៦២នាក់»។
របាយការណ៍បន្តថា ក្នុងចំណោមសហគ្រាស៩៧៦សហគ្រាស មានតែចំនួន៦៤៨សហគ្រាសទេ ដែលមានគិលានដ្ឋាន ខណៈដែលសហគ្រាស៣២៨ទៀត មិនមានគិលានដ្ឋាន បន្ទប់រុំរបួស និងបន្ទប់សង្គ្រោះសម្រាប់កម្មករនិយោជិតឡើយ ហើយក្នុងចំណោមគិលានដ្ឋាន៦៤៨នោះ គិលានដ្ឋានត្រឹមត្រូវតាមស្តង់ដា មានតែ៣៤៥ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦នេះ កម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលបានប្រាក់ខែគោល១៤០ដុល្លារ ហើយបើគិតទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះ កម្មករនិយោជិតអាចទទួលបានប្រាក់ខែចាប់ពី១៥៧ដុល្លារ ដល់១៦៨ដុល្លារអាមេរិក៕

ឆ្នាំ២០១៦ ក្រសួងការងារ បញ្ឈប់ពលកម្ម កុមារជាង៩០០នាក់ ពីបណ្តារោងចក្រនានា