អង្គការ​អភិរក្ស​ធនធាន​ជលផល​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ជួយ​ការពារ​ធនធាន​ធម្មជាតិ​និង​តំបន់​ដី​សើម

ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែល​សម្បូរ​តំបន់​ដី​សើម​ជាច្រើន​កន្លែង ដូចជា​នៅ​ក្នុង​បឹង​ទន្លេសាប នៅ​តាម​ដង​ទន្លេ​មេគង្គ និង​នៅ​តាម​តំបន់​មាត់​សមុទ្រ ជាដើម។ តំបន់​ដី​សើម​ទាំង​នោះ ជា​ប្រភព​ធនធាន​ធម្មជាតិ​នៃ​ជីវចម្រុះ​យ៉ាង​សំខាន់ ដែល​ធ្វើ​ឲ្យ​មាន​ព្រៃ​លិច​ទឹក​ជា​ជម្រក​សម្រាប់​ត្រី​ពង​កូន ជា​កន្លែង​សម្រាប់​សត្វ​ស្លាប និង​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ ព្រម​ទាំង​ជា​តំបន់​ដែល​អាច​នាំ​ជីជាតិ​មក​ឲ្យ​វិស័យ​កសិកម្ម និង​ទេសចរណ៍​ផង​ដែរ។

ក៏ប៉ុន្តែ​បច្ចុប្បន្ន ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​តាម​តំបន់​ដី​សើម​ទាំង​នោះ កំពុង​បាត់បង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​ដែល​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​តែ​កើន​ឡើង ព្រម​ទាំង​មាន​តម្រូវ​ការ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​សៀមរាប ព្រម​ទាំង​មន្ត្រី​មន្ទីរ​បរិស្ថាន រួម​ទាំង​ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​ផង បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ដី​សើម​ពិភពលោក​លើក​ទី​២ ដើម្បី​ដាស់​តឿន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប យល់​ដឹង​ពី​សារសំខាន់ និង​ចេះ​ជួយ​ការពារ​តំបន់​ដី​សើម​នៅ​គ្រប់​ទីកន្លែង។

ទិវា​ដី​សើម​ពិភពលោក ដែល​រៀបចំ​ដោយ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ដែល​ហៅ​កាត់​ថា ហ្វេកថ៍ (Fact) ក្រោម​ប្រធានបទ «ការពារ​ដី​សើម ដើម្បី​អនាគត​យើង​ទាំងអស់​គ្នា» បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នៅ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប នៃ​តំបន់​ទន្លេសាប​ដែល​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ទី​ពឹង​លើ​របរ​នេសាទ​ត្រី។

នាយក​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល គឺ​លោក ឱម សាវ៉ាត់។ លោក​បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​ដី​សើម​ពិភពលោក​នោះ​ថា គឺ​ជា​ការ​រំឭក​ដល់​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​តំបន់​ដី​សើម ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​១៩៧១ នៅ​ទីក្រុង​រ៉ូមសារ (Ramsar) នៃ​ប្រទេស​អ៊ីរ៉ង់ (Iran) លោក ឱម សាវ៉ាត់ បញ្ជាក់​ថា តំបន់​ដី​សើម​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍ និង​សេវាកម្ម​យ៉ាង​ច្រើន​ដល់​មនុស្ស​ជាតិ តាម​រយៈ​ការ​ផ្ដល់​ភោគផល​កសិកម្ម ការ​ធ្វើ​ឲ្យ​មាន​ធនធាន​ជលផល មាន​ធនធាន​ធម្មជាតិ​ចម្រុះ សម្រាប់​ជា​ជម្រក​សត្វ​ស្លាប សត្វ​ទឹក និង​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តំបន់​ដី​សើម​ថែម​ទាំង​បង្កើត​ឲ្យ​មាន​ដើម​ឈើ​គ្រប់​ប្រភេទ រុក្ខជាតិ​ដែល​អាច​ការពារ​ខ្យល់​ព្យុះ គ្រោះ​ទឹក​ជំនន់ រួម​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ ថែម​ទាំង​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​លើ​អេកូ​ទេសចរណ៍​ដែរ៖ «ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​នោះ គឺ​តំបន់​ដី​សើម​របស់​យើង​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ក្នុង​សតវត្ស​ថ្មី​នេះ»

អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប ត្រូវ​រួម​គ្នា​ការពារ​តំបន់​ដី​សើម​ចាប់​ពី​ពេល​នេះ​ត​ទៅ​សម្រាប់​អនាគត។

ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប នៃ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប ថ្វីត្បិតតែ​បច្ចុប្បន្ន​រស់នៅ​ដោយ​គ្មាន​ស្រែ​ចម្ការ ហើយ​ទី​ពឹង​តែ​លើ​ព្រៃ​លិច​ទឹក និង​របរ​នេសាទ​ត្រី​ក៏ដោយ ក៏​ពួក​គេ​នៅ​មិន​ទាន់​បាន​យល់​ច្បាស់​អំពី​ការ​ថែ​រក្សា​តំបន់​ដី​សើម​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ចៅ​សង្កាត់​ចុងឃ្នៀស លោក ឯម ម៉ាន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប​ប្រហែល ១​ពាន់​គ្រួសារ គឺ​គ្មាន​ដី​ស្រែ​ចម្ការ​ទេ។ ពួក​គេ​ទី​ពឹង​តែ​លើ​មុខ​របរ​នេសាទ​ដែល​ជួយ​ឲ្យ​រស់​រាន​មាន​ជីវិត។ លោក ឯម ម៉ាន បាន​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​របស់​លោក ត្រូវ​ការពារ​ព្រៃ​លិច​ទឹក និង​កុំ​ចោល​សំរាម​ប្លាស្ទិក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ការពារ​តំបន់​ដី​សើម​ដែរ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា ថ្លែង​ថា ធនធាន​ធម្មជាតិ​ពិត​ជា​មាន​សារសំខាន់ ដោយ​វា​អាច​ផ្ដល់​នូវ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​សេដ្ឋកិច្ច ហើយ​វា​ក៏​មាន​សារសំខាន់​ជួយ​ការពារ​ជាតិ​ពុល​ដែល​ចេញ​ពី​ផលិតកម្ម និង​កាក​សំណល់​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ។ លោក ភួង លីណា បញ្ជាក់​ថា តំបន់​ដី​សើម​មិន​មែន​សំដៅ​ទៅ​លើ​តែ​តំបន់​ទន្លេសាប​ទេ គឺ​វា​បាន​ផ្ដោត​ទៅ​លើ​តំបន់​ទាំងឡាយ​ណា​ដែល​មាន​ទឹក​ជោគជាំ ទាំង​ផ្នែក​ខាង​ក្រោម និង​ខាង​លើ ហើយ​បង្កើត​ឲ្យ​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប។ ប្រទេស​កម្ពុជា មាន​តំបន់​ដី​សើម​ជាច្រើន​កន្លែង ដូចជា​នៅ​ទន្លេសាប​នៃ​បឹង​ទន្លេ​ឆ្មារ និង​តំបន់​ព្រែក​ទាល់ នៅ​តាម​ដង​ទន្លេ​មេគង្គ និង​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ទៀត ក៏ប៉ុន្តែ​បច្ចុប្បន្ន តំបន់​ដី​សើម​ទាំង​នោះ​កំពុង​រង​ការ​គំរាម​កំហែង ការ​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង៖ «ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​របស់​យើង​ក៏ដូចជា​ពិភពលោក​ទាំង​មូល កំពុង​ទទួល​រង​គ្រោះ​បញ្ហា​យ៉ាង​ខ្លាំង គឺ​ការ​ប្រែប្រួល​អាកាសធាតុ»

អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ឲ្យ​ដឹង​ថា ដោយសារ​តែ​មើល​ឃើញ​តំបន់​ដី​សើម​នៅ​កម្ពុជា កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ពី​សកម្មភាព​មនុស្ស គឺ​រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ដោយ​ចាត់​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល ក្នុង​នោះ​រួម​មាន ការ​លុប​ចោល​ឡូត៍​នេសាទ​ទាំង​ស្រុង ការ​ចេញ​បទបញ្ជា​០១ ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​គ្រប់​ប្រភេទ។ បញ្ហា​នេះ​ដែរ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​១៩៧ អនក្រ.បក ស្ដីពី​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ទំហំ​ជាង ៦៤​ម៉ឺន ៧​ពាន់​ហិកតារ​នៅ​ក្នុង​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង មាន​ប្រសាសន៍​ថា យោង​តាម​ឯកសារ​របស់​រដ្ឋបាល​ជលផល ឲ្យ​ដឹង​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១​លាន ៥​សែន​នាក់​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប កំពុង​ទាញ​យក​ផល​ពី​តំបន់​ដី​សើម។ ក្រៅ​ពី​នោះ តំបន់​ទន្លេសាប​ក៏​សម្បូរ​ធនធាន​ចម្រុះ​ដូចជា​ត្រី និង​ទេសចរណ៍​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​ដែរ។ លោក គឹម ឆៃហៀង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួម​គ្នា​ជួយ​ការពារ​ព្រៃ​លិច​ទឹក ព្រម​ទាំង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​វិស័យ​កសិកម្ម​នៅ​តាម​តំបន់​ដី​សើម៖ «ការ​គ្រប់គ្រង​តំបន់​ដី​សើម​មិន​បាន​ល្អ បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ជា​ប្រភព​នៃ​ជំងឺ និង​បំពុល​ទឹក។ ៥០​ឆ្នាំ ត្រី​ចិញ្ចឹម​មនុស្ស ហើយ ៥០​ឆ្នាំ​ក្រោយ និង​ទៅ​មុខ​ទៀត គឺ​មនុស្ស​ចិញ្ចឹម​ត្រី»

ក្រុម​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន រំឭក​ថា ការ​ប្រើប្រាស់​សារធាតុ​គីមី​ខ្លាំង​សម្រាប់​វិស័យ​កសិកម្ម​នៅ​ក្នុង​តំបន់​ដី​សើម ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក រួម​ទាំង​តំបន់​ធម្មជាតិ​នានា គឺ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ទាំង​នេះ គឺ​ត្រូវ​តែ​គ្រប់​គ្នា​ការពារ​ព្រៃ​លិច​ទឹក ព្រៃ​ធម្មជាតិ និង​ជីវចម្រុះ​នានា​នៅ​ក្នុង​តំបន់​ដី​សើម ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព​ជា​បន្ទាន់​នៃ​បរិស្ថាន​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។