ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖ ឈើ​គ្រ​ញួ​ង​នៅ​លើ​កំពូលភ្នំ​ដងរែក​ល្បី​ថា មាន​៣​ទៅ​៤​តោន តែ​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ចាប់​បាន​​តែ​៤០០​គីឡូក្រាម​ប៉ុណ្ណោះ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ ហៅ​ភូមិ​ទំនប់​៥ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

អ្នក​ភូមិ​អភិវឌ្ឍន៍​ក្នុង​ឃុំ​អូរ​ស្វាយ​បាន​រៀបរាប់​ថា នៅ​ពេល​សព្វ​ថ្ងៃនេះ គេ​សង្កេត​ឃើញ​មាន​មនុស្ស​ចំណាកស្រុក ចូល​មក​ស្នាក់​នៅ​ជា​ច្រើន ពួក​គេ​ត្រៀមខ្លួន​រង់ចាំ​ថៅកែ​ឈើ​គ្រ​ញួ​ង​បង្គាប់​ឱ្យ​ឡើង​ភ្នំ​ដងរែក ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ រុករក​កាប់​ឈើ​គ្រ​ញួ​ង​យក​មក​លក់​ឱ្យ​ពួក​ខ្លួន ។

អ្នក​ភូមិ​ដដែល​បន្ត​ថា ពលរដ្ឋ​ទាំង​អស់នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​រៀបចំ​ជា​ក្រុម​ៗ សម្រាប់​ងាយស្រួល​បង់លុយ​ទៅ​ឱ្យ​យ​សមត្ថកិច្ច​ដែល​ឈរជើង​ក្នុង​តំបន់​នោះ ក្នុង​ម្នាក់​ៗ​អស់​ចំនួន​១៦​ម៉ឺន​រៀល ទើប​ឆ្លង​ដែន​បាន ហើយ​បាន​ឈើ​ត្រូវ​វិល​ត្រឡប់​មក​វិញ សមត្ថកិច្ច​ត្រូវ​ថ្លឹង​ឈើ​គ្រ​ញួ​ង ក្នុង​១​គីឡូក្រាម​តម្រូវ​ឱ្យ​បង់​ក្នុង​តម្លៃ​១​ពាន់​រៀល​ទៀត ។

អ្នក​ភូមិ​បាន​បញ្ចា​ក់ថា នៅ​ក្នុង​ឃុំ​អូរ​ស្វាយ និង​ឃុំ​ទំនប់​ដាច់ មាន​ច្រក​ចេញចូល​មិន​ក្រោម​១០ ក៏​ប៉ុន្តែ​ច្រក​នីមួយ​ៗ សុទ្ធតែ​មាន​ក្រុម​ថៅកែ​ឈើ​គ្រ​ញួ​ង​ម៉ៅ​ការ​ផ្តាច់មុខ ។

កងកម្លាំង​ចម្រុះ​ម្នាក់​បានឱ្យ​ដឹង​ថា ឈើ​គ្រ​ញួ​ង​ត្រូវ​បាន​គេ​ទម្លាក់​ពីលើ​កំពូលភ្នំ​ចំណុច​ច្រក​ឈើទាល​ជ្រុំ​ចំនួន​៣​តោន ទើប​សមត្ថកិច្ច​បង្កើត​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​រក​ឃើញ​ឈើ​គ្រ​ញួ​ង​ចំនួន​៤០០​គីឡូក្រាម ដឹក​ឱ្យទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​ជា​សម្បត្តិ​រដ្ឋ ។

គួ​រំលឹក​ថា នៅ​ជាយ​ដែន​ខ្មែរ​-​ថៃ​នេះ កន្លង​មក​ចរាចរណ៍​ឈើ​គ្រ​ញួ​ង និង​អាយុជីវិត​ពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​ដោយសារ​ចុងការ​ណុ​ង​កាំភ្លើង​ក្រុម​ទាហាន​ថៃ ត្រូវ​បាន​ស្ងប់ស្ងាត់​អស់​មួយ​រយៈ ។ តែ​សព្វ​ថ្ងៃនេះ ឈើ​គ្រ​ញួ​ង​មាន​ហាងឆេង និង​មាន​ចរាចរណ៍​ឡើង​វិញ ។

គាប់​ជួន​នឹង​សមត្ថកិច្ច​ព្រំដែន​បើកដៃ​ឱ្យ​គេ​ឡើង​ភ្នំ​ដងរែក​ចូល​ដី​ថៃ​កាប់​ឈើ​គ្រញូង​ទៀត​នោះ ទើប​មជ្ឈដ្ឋាន​នានា​ថ្កោល​ទោស​​សមត្ថ​កិច្ច ព្រោះ​កំពុង​យកអាយុ​ជីវិត​ពលរដ្ឋ​ទៅ​ប្តូរ​នឹង​ការ​ធ្វើ​មានបាន​របស់​ខ្លួន ។