Cahill សម្រេច​ចេញពី​ក្លិប​ចិន Shanghai ដោយ​មិន​ស្ថិតក្នុង​កែវភ្នែក​គ្រូបង្វឹក​ថ្មី

អតីត​កីឡាករ Everton, Tim Cahill បាន​ចាក​ចេញពី​ក្លិប​ចិន Shanghai Shenhua ហើយដោយ​សារ​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អូស្ត្រាលី​នេះ ត្រូវបាន​បញ្ចប់​មុន​កាលកំណត់។

cahillCahill ដែល​បាន​ផ្ទេរ​មកលេង​នៅ​ក្លិប​លី​ក​កំពូល​ចិន Chinese Super League នេះ កាលពី​ខែកុម្ភៈ ឆ្នាំមុន បាន​ចុះហត្ថលេខា​បន្ត​កុងត្រា​រហូតដល់​ខែ វិច្ឆិកា រួចហើយ ប៉ុន្តែ​ការចាកចេញ​របស់គេ គឺជា​រឿង គួរ​ឲ្យ​ឈឺចិត្ត។ Cahill វ័យ ៣៦ ឆ្នាំ រូបនេះ​និយាយថា គេ​មិន​ស្ថិតក្នុង​កែវភ្នែក នៃ​គ្រូបង្វឹក​ថ្មី គឺ​លោក Gregorio Manzano ឡើយ។ «វា​ជា​រឿង​មិន​សប្បាយចិត្ត ជាពិសេស​បន្ទាប់ពី​អ្វីដែល​ខ្ញុំ​មាន​អារម្មណ៍ ខំ​ជួយ​កសាង​ក្លិប Shanghai Shenhua នេះ​ទាំង​ក្នុង និង​ក្រៅ​ទីលាន»។

ក្លិប​នានា នៅក្នុង​លី​ក Chinese Super League បាន​ចំណាយលុយ ជាង ២០០លាន​ដុល្លារ កាលពី​រដូវ​កាល​ដោះដូរ​កីឡាករ ខណៈដែល​រដូវ​កាល​របស់​លី​ក​កំពូល​ប្រទេស​ចិន​នេះ នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នា​ខែ មីនា​ខាងមុខ។ ក្លិប Jaingsu Suning បាន​ចំណាយលុយ​ជាង ៦៣លាន​ផោន​ទិញ​ខ្សែបម្រើ​កណ្តាល Alex Teixeira និង Ramires ខណៈ​កីឡាករ Jackson Martinez សម្រេច​ផ្ទេរ​ទៅលេង​នៅ Guangzhou Evergrande ពី​ក្លិប​អេស្បាញ Atletico Madrid ក្នុងតម្លៃ​ខ្លួន ៣១លាន​ផោន​ផងដែរ។ Cahill បាន​ថ្លែងប្រាប់​សារព័ត៌មាន Fox Sports របស់​អូស្ត្រាលី​នេះ​ថា «លី​ក​ចិន គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ដែល​អ្នក មើលឃើញថា វា​កំពុង​វិវត្តន៍ និង​កំពុង​ឃើញ​កីឡាករ​ជាច្រើន ផ្ទេរ​មកលេង និង​កីឡាករ​ជាច្រើន​ទៀត​កំពុង​ចាកចេញ»៕