អ្នក​គាំទ្រ​ Man U ​គ្រោង​តវ៉ា​​តម្លៃ​សំបុត្រ​មើល​ Man U ទាត់​ក្រប​ខណ្ឌ Europa League ស្អែក​នេះ

ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​​គ្រោង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​សំបុត្រ បន្ទាប់​ពី​ពួក​គេម្នាក់ៗ​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន ៧១ ផោន (១០១ ដុល្លារ​អាមេរិក) ដើម្បី​បាន​ចូល​ទស្សនា​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ Europa League ​រវាងក្រុម Manchester United និង​ម្ចាស់​ផ្ទះ Midtjylland នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​​នេះ។

manuក្រុម​អ្នក​គាំទ្រ​របស់ Midtjylland អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​បាន​ក្នុង​តម្លៃ​ត្រឹម​តែ ២១ ផោន​តែប៉ុណ្ណោះ។ ក្រុម​អ្នក​គាំទ្រ​របស់ Man United ផ្ទុះ​​កំហឹង​ជា​ខ្លាំង​ ចំពោះ​ការ​ឲ្យ​ពួកគេ​ទិញ​សំបុត្រ​ក្នុង​តម្លៃ​ថ្លែបែបនេះ ហើយ​ពួកគេ​បាន​រៀបចំ​ បដារ​ពាក្យ​តវ៉ា​ជាច្រើន​ ដែល​នឹង​ត្រូវ​លើក​ដោយ​អ្នក​គាំទ្រ​ចំនួន ៨០០ នាក់នៅ​ក្នុង​ពេល​ប្រកួត។ លោក Duncan Drasdo ​អ្នក​គាំទ្រ​ដ៏​ប្តូរ​ផ្តាច់​ម្នាក់​​ថ្លែង​​ថា៖ «មាន​អ្នក​គាំទ្រ​ជាច្រើន​បានខិតខំ​ស្វែង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ថោក​ជាងគេបំផុត ដើម្បី​បាន​មក​ទស្សនាការ​ប្រកួត​នេះ​នៅ​ ​ប្រទេស​ ដាណឺម៉ាក នេះ តែ​យើង​បែរ​ជា​ត្រូវ​ទិញ​សំបុត្រ​ក្នុង​តម្លៃ​ថ្លៃ​បែប​នេះ​ទៅវិញ។ វា​ហាក់​ដូច​ជា​យើង​ត្រូវ​គេ​ទះ​មួយ​កំភ្លៀង​អ៊ីចឹង»។ លោក​​ថា៖ «អ្នកគាំទ្រ​គួរ​តែ​អាចទិញ​សំបុត្រ​ក្នង​តម្លៃ​ស្មើ​គ្នា។ ក្លិប​ទាំង​ពីរ​នេះ​ត្រូវ​តែទទួល​ស្គាល់​ថា ពួកគេពុំ​មែន​កំពុង​លក់​សំបុត្រ​នៅ​ក្នុង​ទីផ្សារ​សេរីនោះទេ ព្រោះ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​គាំទ្រ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ដំណើរ​ការ​របស់​ក្លិប»៕