Ronaldo ​ដើរ​ចេញទាំងកំហឹងពី ​សន្នីសិទ​កាសែត ក្រោយពីការ​ចោទសួរ រកមិនបាន​គ្រាប់​បាល់​ក្រៅ​ទឹក​ដី

តារា​បាល់ទាត់​ឆ្នើម​ពិភព​លោក​ Christiano Ronaldo បាន​ដើរ​ចេញ​នៅ​កណ្តាល​សន្នីសិទ​សារព័ត៌មាន​មួយនៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​​បាន​ឆ្លើយ​តប​ទាំង​កំហឹង​ចំពោះ​សំនួរ​មួយ​ដែល​សួរ​ពី​ការ​ពុំ​បាន​ស៊ុត​បញ្ចូល​ទី​របស់​គេ ក្រៅ​ទឹក​ដីមុន​ការ​ប្រកួត​រវាង​យក្ស​អេស្ប៉ាញ Real Madrid នេះ​​ ត្រូវ​ធ្វើ​ជា​ភ្ញៀវ ទៅ​លេង​នៅ​ទឹក​ដី Roma ជើង​ទី​មួយ ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

cr7Ronaldo គឺជា​កីឡាករ ​បាន​បំបែក​ឯកត្តកម្ម​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ដោយ​រក​បាន​ ១១ គ្រាប់ ខណៈ​​កីឡាករ​នេះ ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្រ្ត​ Champions League ដោយ​រក​បាន ​៨៨ គ្រាប់ ក្នុង​ ១២១ ប្រកួត​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​​​រូប​នេះ មាន​ការ​អាក់អន់ចិត្ត​​​ខ្លាំង ពេល​ដែល​មាន​សំនួរ​មួយ​នៅ​ក្នុង​សន្នីសិទ​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​គេ​ពី​មូលហេតុ​ដែល​គេ​ពុំ​បាន​ស៊ុត​បញ្ចូល​ទី ក្រៅ​ទឹកដី ចាប់​តាំង​ពី​ប្រកួត​ដែល Real ធ្វើ​ជា​ភ្ញៀវ​ឈ្នះ ២-០ លើ​ម្ចាស់​ផ្ទះ​ក្រុម Eibar នៃ​ក្រប​ខណ្ឌ ​La Liga កាល​ពី​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​មុន​មក។

Ronaldo ឆ្លើយ​ទាំង​​ខឹង​​ថា៖ «តើ​នរណា​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ខ្ញុំ ​ចាប់​តាំង​ពី​ខ្ញុំ​បាន​មក​ដល់​ប្រទេស​អេស្ប៉ាញ​មក? រកនឹក​ប្រាប់​ខ្ញុំ​មកថា ​នរណាដែល​ស៊ុត​ចូល​ច្រើន​ជាង​ខ្ញុំ?»។ បន្ទាប់​មក​គេ​ក៏​បាន​ដើរចេញ​ពី​​បន្ទប់​ក្រោយ​និយាយ​ពាក្យ​ចុង​ក្រោយ​ថា៖ «គ្មាន​ចម្លើយ​ទេ​មែន​ទេ? អូខេ! អគុណ​អ្នក​ទាំង​អស់គ្នា!»

ដោយ​ឡែក នៅ​សប្តាហ៍​នេះ គ្រូ​បង្វឹក Zinedine Zidane បាន​ធ្វើ​ការ​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់ Ronaldo នៅ​ក្នុង​ក្លិប Real Madrid បន្ទាប់​ពី​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ ២ ​គ្រាប់​តែ​ម្នាក់​ឯង​​ក្នុង​ជំនួប​ឈ្នះ ៤-២ លើក្រុម Athletic Bilbao នៅកីឡដ្ឋាន Bernabéu កាល​ពី​ថ្ងៃ​​សៅរ៍
Zidane ថ្លែងថា៖ «Christiano ពិត​ជាមាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ស្លាប ព្រោះ​នៅ​ពេល​ដែល​គេ​ឡើង​ប្រយុទ្ធ​ដណ្តើម​បាល់​មួយ​ទល់នឹង​មួយ គេ​ពិត​ជាពូកែ​ខ្លាំង​ណាស់ ហើយ​ការ​សម្រុក​ចូល​ប្រយុទ្ធ​របស់​គេ​ពិត​ជា​ពិបាក​ការពារ​ណាស់»៕