ជំងឺ​ដែល​អ្នក​គិត​ថា​ធម្មតា ឬ​ស្រាល ប៉ុន្តែ វា​អាច​ធ្ងន់ធ្ងរ ឬ​ធ្វើឲ្យ​អ្នក​ស្លាប់​បាន​

ជំងឺ​ដែល​អ្នក​គិត​ថា​ធម្មតា ឬ​ស្រាល ប៉ុន្តែ វា​អាច​ធ្ងន់ធ្ងរ ឬ​ធ្វើឲ្យ​អ្នក​ស្លាប់​បាន​

១. កញ្ជ្រឹល​
​ជា​ជំងឺ​អ្វី​? ការឆ្លង​មេរោគ​ទៅលើ​សួត​
​របៀប​ឆ្លង ៖ ពេល​អ្នក​ជំងឺ​កញ្ជ្រឹល​កណ្តាស់ ឬ​ក្អក វីរុស​កញ្ជ្រឹល ហោះហើរ​ក្នុង​បរិយាកាស និង​ខ្យល់ ក្នុង​រយៈពេល​ប្រហែលជា ២ ម៉ោង​។ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ ៩០ ភាគរយ អ្នកនឹង​ឆ្លង​វីរុស​មួយ​នេះ ប្រសិនបើ​អ្នក ស្ថិតនៅ​ជិត​អ្នកជំងឺ​។​
​ហេតុ​អ្វី​ជំងឺ​នេះ​ធ្ងន់ធ្ងរ​? កញ្ជ្រឹល អាច​បណ្តាលឲ្យ​កើត​ជំងឺរលាក​សួត ហើម​បេះដូង និង​ឈាន​ទៅដល់​ការស្លាប់​បាន​។ មុនពេល​មាន​វ៉ាក់សាំង ពលរដ្ឋ​ប្រហែលជា ៣ ទៅ ៤ លាន​នាក់ នៅក្នុង​សហរដ្ឋ​អា​មេ​រិច បាន​ឆ្លង​ជំងឺ​នេះ ក្នុងនោះ អ្នកជំងឺ ៤៨,០០០ លាន​នាក់ ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ និង ៤០០ ទៅ ៥០០ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​
២. គ្រុនផ្តាសាយ​
​ជា​ជំងឺ​អ្វី​? ការឆ្លង​មេរោគ​ទៅលើ​ច្រមុះ សួត និង​បំពង់​ក​
​របៀប​ឆ្លង ៖ នៅពេល​នរណាម្នាក់ មាន​ជំងឺ​គ្រុនផ្តាសាយ ក្អក កណ្តា​ស់ ឬ​និយាយ តំណក់ទឹក​មាត់​តូចៗ អាច​ខ្ទាត់​ចេញ​ប្រហែលជា ២០ សង់ទីម៉ែត្រ ហើយ​អ្នក​អាច​នឹង​ឆ្លង​ជំងឺ​នេះ​ដែរ តាមរយៈ​វីរុស​ដែល​នៅក្នុង​ខ្យល់ ឬ​អ្នក​បាន​ប៉ះពាល់​សម្ភារៈ ឬ​កន្លែង ដែល​អ្នកជំងឺ​បាន​ចាប់​កាន់​។​
​ហេតុ​អ្វី​ជំងឺ​នេះ​ធ្ងន់ធ្ងរ​? ជា​រៀងរាល់ឆ្នាំ ជនជាតិ​អា​មេ​រិច​រហូតដល់​ទៅ ៤៩,០០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្តាសាយ​។ ជំងឺ​គ្រុនផ្តាសាយ អាច​ធ្វើឲ្យ​ជំងឺហឺត និង​ជំងឺ​ទឹកនោម​ផ្អែម​កាន់តែ​ធ្ងន់ធ្ងរ​។​
៣. ជំងឺ​សួត​
​វា​ជា​ជំងឺ​អ្វី​? ជា​ការឆ្លង​បាក់តេរី ដែល​បណ្តាលឲ្យ​កើត​ជំងឺ​ជា​ច្រើន​ប្រភេទ ដូចជា ជំងឺ​រលាក​សួត ជំងឺ​រលាក​ត្រចៀក ការឆ្លង​មេរោគ​ក្នុង​ឈាម ជំងឺរលាកស្រោមខួរ​ក្បាល​
​របៀប​ឆ្លង ៖ តាមរយៈ​ទឹកមាត់ ទឹក​រំអិល ឬ​ការប៉ះពាល់​ផ្ទាល់ ជាមួយនឹង​អ្នកជំងឺ​។​
​ហេតុ​អ្វី​ជំងឺ​នេះ​ធ្ងន់ធ្ងរ​? ផលវិបាក​នៃ​ជំងឺ​នេះ មាន​សភាព​ធ្ងន់ធ្ងរ និង​អាច​បណ្តាលឲ្យ​ស្លាប់​បាន​។ ជំងឺ​រលាក​សួត ជា​មូលហេតុ​ចម្បង ដែល​ធ្វើឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​លើសពី ៦៥ ឆ្នាំ​ស្លាប់ នៅ​សហរដ្ឋ​អា​មេ​រិច​។ បើ​វា​បណ្តាលឲ្យ​កើត​ជំងឺរលាក​ស្រោមសួត ឬ​មាន​មេរោគ​ក្នុង​ឈាម ការ​គម្រាមកំហែង​ដល់​អាយុជីវិត នឹង​ឈាន​ចូល​មក​ដល់​។​
៤. តេតាណូស​
​វា​ជា​ជំងឺ​អ្វី​? ជា​ជំងឺ​ដែល​ឆ្លង​តាម​បាក់តេរី ដែល​បណ្តាល​ឲ្យ​អ្នករឹង​ថ្គាម ពិបាក​ដកដង្ហើម កន្ត្រាក់​សាច់ដុំ ខ្វិន​ដៃជើង និង​បាត់បង់​ជីវិត​។​
​របៀប​ឆ្លង ៖ បាក់តេរី ដែល​បណ្តាលឲ្យ​កើត​ជំងឺ​តេតាណូស មាន​នៅក្នុង​ដី ធូលី សម្ភារៈ​មិន​ស្អាត ជី ឬ​លាមក​។ វា​អាច​ឆ្លង​ចូល​ទៅក្នុង​រាងកាយ​អ្នក តាមរយៈ​ការ​មុត ឬ​របួស​ផ្សេងៗ​។​
​ហេតុ​អ្វី​ជំងឺ​នេះ​ធ្ងន់ធ្ងរ​? ១០ ទៅ ២០ ភាគរយ​នៃ​ជំងឺ​តេតាណូស បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​៕
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។