អាជ្ញាធរ​៖ អាជីវករ​សុទ្ធតែ​បាន​សំណង​ពេល​បិទទ្វារ​ដើម្បី​ថត​រឿង​របស់ Angelina

​អភិបាលក្រុង​បាត់ដំបង បាន​ចេញមុខ​បដិសេធ​នូវ​ព័ត៌មាន​ដែលថា ក្រុមការងារ​របស់លោក បាន​ទូទាត់​សំណង​មិន​គ្រប់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ក្នុងពេល​ថត​ភាពយន្ត​«​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​តារា​ហូលីវូដ​លោកស្រី Angelina Jolie-Pitt ។

​លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង បាន​បញ្ជាក់ថា រូបលោក​គ្រាន់តែ​ជា​អ្នកសម្របសម្រួល​ទទួល​លុយ​ពី​ផលិតកម្ម​ក្នុងការ​ផ្តល់​សំណង​នេះ​ប៉ុណ្ណោះ ហើយពី​ដំបូង រូបលោក និង​ក្រុមការងារ ព្រមទាំង​ខាង​ផលិតកម្ម​ផង ចុះទៅ​ផលប៉ះពាល់​ជាក់ស្តែង ហើយ​ធ្វើការ​វាយតម្លៃ​ពី​ផលប៉ះពាល់ និង​ផ្តល់​សំណង​តាម​អាជីវកម្ម​តូច ឬ​ធំ​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖«​កាលពី​ថ្ងៃ​ចន្ទ​ក្រុមការងារ​របស់ខ្ញុំ​បាន​យកប្រាក់​ទាំងនេះ​ឲ្យ​ទៅ​ពួកគាត់ ហើយ​មានតែ​២​ទៅ​៣​ផ្ទះ​ប៉ុណ្ណោះ​ដែល​គាត់​អត់​ព្រម គាត់​ថា គាត់​សុំ​ថែម​២០​ដុល្លារ​ទៀត ដើម្បី​ឲ្យ​បាន​៦០​ដុល្លារ​ដូច​គេ​។ ហើយ​ខ្ញុំ​មាន​លុយ​ឯណា​មក​ឲ្យ​គាត់​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះដែរ ខាង​ផលិតកម្ម​របស់​តារា​ហូលីវូដ​លោកស្រី Angelina Jolie-Pitt បាន​ទទួលយក​ការទាមទារ​នេះហើយ នៅពេលដែល​ប្រជាពលរដ្ឋ​ដែល​មិន​សុខចិត្ត​ទាំងនោះ​មកប្តឹង​ខាង​សាលាក្រុង​បាត់ដំបង​។ ចំណែក​ដំណោះស្រាយ​យ៉ាងណា គឺ​ខាង​ផលិតកម្ម​ជា​អ្នកទទួលខុសត្រូវ​ដោះស្រាយ​បន្ត​។ នេះ​ជាការ​បន្ថែម​របស់លោក​អភិបាលក្រុង​បាត់ដំបង​ដដែល ដែល​បន្តថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្អាក​អាជីវកម្ម​របស់ខ្លួន មាន​ចំនួន​១៦៤​ផ្ទះ ហើយ​សំណង​សរុប ដែល​បានផ្តល់​ទៅ​ឲ្យ​ពួកគាត់​សរុប​ចំនួន ១២,០០០ ដុល្លារ​អាមេរិក​។

​បើតាម​លោក​អភិបាលក្រុង​ខាងលើ សំណង​ទាំងនេះ ត្រូវបាន​ចែកចេញជា​បី​ប្រភេទ ទៅតាម​ប្រភេទ​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​។ ប្រភេទ​ទី​១ ជា​ផ្ទះ​ដែល​លក់​គ្រឿង​អេឡិចត្រូនិក គ្រឿងសំណង់​ជាដើម ដែល​ក្នុង​គ្រួសារ​នីមួយៗ​នឹងត្រូវ​បាន​សំណង​ជា​ទឹកប្រាក់​១២៥​ដុល្លារ​អាមេរិក​។ ប្រភេទ​ទី​២ ជា​ផ្ទះ​មាន​លក់​បាយ គុយទាវ លក់​ភេសជ្ជៈ​ជាដើម ដែល​ពួកគាត់​នឹងត្រូវ​ទទួល​សំណង​ចន្លោះ​ពី​៦០​ដុល្លារ ទៅ​១០០​ដុល្លារ​។ និង​ប្រភេទ​ទី​៣ ជា​អ្នក​ប្រកប​អាជីវកម្ម​តូចតាច​ដូចជា​កាត់សក់​ជាដើម ពួកគាត់ ត្រូវ​ទទួលបាន​សំណង​ចន្លោះ​ពី​៤០​ដុល្លារ ទៅ​៤៥​ដុល្លារ​។

​សូម​រម្លឹកថា ផ្ទះ​អាជីវករ និង​ផ្លូ​ង​នៅ​កណ្តាល​ក្រុង​បាត់ដំបង​មួយចំនួន បាន​បិទ​រយៈពេល ៩ ថ្ងៃ ពោលគឺ​ចាប់តាំងពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១៣ ខែកុម្ភៈ ដើម្បី​ឲ្យ​ផលិតកម្ម​របស់​តារា​ហូលីវូដ​លោកស្រី Angelina Jolie-Pitt ថត​ភាពយន្ត​ខ្នាត​ធំ​របស់ខ្លួន​មាន​ចំណងជើង​ថា «​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​។

​ការផលិត​ខ្សែភាពយន្ត​«​ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​នេះ គឺ​ផ្អែកលើ​ការចងចាំ​ដ៏​ក្តុកក្តួល​របស់​អ្នកនិពន្ធ អ៊ឹង លឿង​។ ខ្សែភាពយន្ត​នេះ ត្រូវ​ថត​ចេញពី​ការចងចាំ​របស់​ក្មេងស្រី​រូបនេះ​ដែល​វា​ជាការ​មើលឃើញ​របស់​កុមារ​ម្នាក់​នៅក្នុង​សង្គ្រាម ការយល់​និង​ទស្សនៈ​របស់​កុមារ​នោះ​អំពី​សង្គ្រាម​។  ភាពយន្ត​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​រឿងរ៉ាវ​របស់​កុមារី​ម្នាក់​ប៉ុណ្ណោះ​ទេ បទពិសោធន៍​របស់​អ្នក​ដទៃទៀត ក៏​នឹងដាក់​បញ្ចូល​ទៅក្នុង​ខ្សែរ​ភាព​នេះដែរ ហើយ​វា​ក៏​មិន​ត្រឹមតែ​បង្ហាញ​ពី​ការចងចាំ​របស់​ក្មេងស្រី​ម្នាក់​ដែរ តែ​វា​ជាការ​ចង់ចាំ​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​