អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាល មន្រ្តីអភិរក្ស ថ្មប្រាសាទ តាមបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ ដើម្បីថែរក្សាសម្បត្តិ វប្បធម៌បេតិកភណ្ឌ ក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់សួនឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦ដល់មន្រ្តីពាក់ព័ន្ថ៣០នាក់។
យោងតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «វគ្គសិក្សានេះ ស្ថិតក្រោមគម្រោងអភិរក្ស ចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់ក្នុងរមណីយដ្ឋានអង្គរ (GACP) និងអាជ្ញាធរជាតិអប្សរា ដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យ Han Leisen អ្នកជំនាញផ្នែកធម្មជាតិវិទ្យា មកពីប្រទេសអាល្លឺម៉ង់ដែលមាន បទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួសជុលជុល និងអភិរក្សថ្មនៅអង្គរ ចំណែកខ្លឹមសារសំខាន់នៃវគ្គសិក្សានេះ ផ្តោតលើសិល្បៈនៃការតែងលម្អ លក្ខណៈថ្ម បច្ចេកទេសនៃការរៀបចំឯកសារ តម្រូវការសម្ភារៈសម្រាប់ការងារអភិរក្ស និងវិធីសាស្ត្រនៃការស្រាវជ្រាវជាដើម»។
ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ លោកស្រី ម៉ម វណ្ណរតន៍ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹង មូលដ្ឋានដល់មន្ត្រី បច្ចេកទេសទាំង៣០នាក់ក្នុងការអភិរក្សថ្មតាមបែបបច្ចេកទេស ឱ្យបានត្រឹមត្រូវតាមបទដ្ឋាននៅក្នុងតំបន់អង្គរ។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារអភិរក្ស ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន ដែលជាតំបន់ បេតិកភណ្ឌពិភពលោក បានជាច្រើនមកហើយ។ ដោយឡែក វគ្គសិក្សាក្នុងពេលនេះ គឺជាការផ្តល់នូវជំនាញបន្ថែមទៀត ដល់អ្នកបច្ចេកទេសទាំងអស់ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ យកទៅអនុវត្តលើការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាល មន្រ្តីអភិរក្ស ថ្មប្រាសាទ តាមបែបវិទ្យាសាស្ត្រ

អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាល មន្រ្តីអភិរក្ស ថ្មប្រាសាទ តាមបែបវិទ្យាសាស្ត្រ