អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លីបង្ហាញថា ៣ឆ្នាំចុងក្រោយនេះ ដោះស្រាយទំនាស់ បានជាស្ថាពរ ៨៧ករណី

ភ្នំពេញ៖ អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី បានបង្ហាញតួលេខរយៈ ពេល៣ឆ្នាំចុងក្រោយនេះថា “បានដោះស្រាយ ទំនាស់ដីធ្លីបានរួចរាល់ ជាស្ថាពរចំនួន ៨៧ករណី បន្ទាប់ពីអាជ្ញាធរមួយនេះ ត្រូវបានបង្កើតឡើងជាង ១០ឆ្នាំមកនេះ” ។

ការបង្ហាញតួលេខនេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និបាត បូកសរុបការងារពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដែលបានប្រារព្ធឡើង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្តីការគណៈ រដ្ឋមន្ត្រីក្រោមវត្តមានលោក ប៊ីន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ។

លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការ នៃអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី បានធ្វើរបាយការណ៍ ពាក់ពន្ធ័ទៅនឹងការ ដោះស្រាយវិវាទដីធ្លី ក្នុងរយៈពេលកន្លង មកដែលថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដោយមានការចូលរួមសហការពី គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្ម ហើយលទ្ធផលនៃ ការដោះស្រាយបញ្ហាទាំងនោះ បានបង្ហាញឲ្យឃើញថា ទំនាស់ដីធ្លីមិនមាន ការកើនឡើងច្រើន ដូចអ្វីដែលអង្គការ សង្គមស៊ីវិលមួយចំនួន បានលើកឡើងនោះឡើយ ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ចាប់តាំងពីបង្កើតអាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី គិតមកដល់ថ្ងៃនេះ មានរយៈពេល ១០ឆ្នាំ ក្នុងនោះបានធ្វើការដោះ ស្រាយសមស្របជូនដល់ ប្រជាពលរដ្ឋមួយចំនួនឲ្យ បានកាន់កាប់ដីធ្លី ដោយស្របច្បាប់ ហើយទំនាស់ដែលនៅសល់ និងទំនាស់ដីធ្លីថ្មីៗទៀត អាជ្ញាធរជាតិនេះ បាននឹងកំពុងបន្តធ្វើការ ដោះស្រាយយ៉ាងមមាញឹក ។

លោកអះអាងថា ទោះបីជាមាន ភារកិច្ចជាច្រើនដែល រដ្ឋាភិបាលប្រគល់ឲ្យ ប៉ុន្តែអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី បានខិតខំប្រឹងប្រែងអស់ ទាំងកម្លាំងកាយចិត្ត ដោះស្រាយទំនាស់ដីធ្លី ក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ជាក់ស្តែងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ទំនាស់ដីធ្លី បានដោះស្រាយរួចរាល់ ជាស្ថាពរបានចំនួន ៨៧ករណី ។

លោក ប៊ិន ឈិន បញ្ជាក់ទៀតថា ឆ្នាំ២០១៦ជាឆ្នាំទី៣ ដែលរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា នឹងបន្តការប្តេជ្ញាចិត្ត អនុវត្តនយោបាយ កំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ចំពោះមុខគឺ កំណែទម្រង់ការគ្រប់គ្រងដីធ្លី និង កំណែទម្រង់ព្រៃឈើ និងឡូត៍នេសាត ។ មកដល់ពេលនេះគណៈ កម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច បានពិនិត្យនិងវាយតម្លៃក្រុមហ៊ុន ដីសម្បទានដីសេដ្ឋកិច្ច ដោយបានធ្វើរបាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល សម្រេចបានចំនួន២៨១ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុន ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន មានចំនួន ១០៦ក្រុមហ៊ុន និងក្រុមហ៊ុនដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទមានចំនួន ១៧៥ ក្រុមហ៊ុន ។

ផ្អែកលើបទពិសោធន៍ ការងារកន្លងមក អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី គួបផ្សំនឹងការរកឃើញ នូវដំណោះស្រាយនិង វិធានការថ្មីៗក្នុងសន្និបាតនេះ លោកឧបនាយករដ្ឋមន្ត្រីរំពឹងទុក ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នឹងបន្តកិច្ចសហការយ៉ាងល្អ ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការអនុវត្តភារៈ កិច្ចអោយមានប្រសិទ្ធភាព ឆ្លើយតបនឹងការបេ្តជ្ញាចិត្ត និងគោលនយោបាយរាជរដ្ឋាភិបាល ៕

អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លីបង្ហាញថា ៣ឆ្នាំចុងក្រោយនេះ ដោះស្រាយទំនាស់ បានជាស្ថាពរ ៨៧ករណី

អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លីបង្ហាញថា ៣ឆ្នាំចុងក្រោយនេះ ដោះស្រាយទំនាស់ បានជាស្ថាពរ ៨៧ករណី