កម្មវិធីជីវិតពិត កំពុងក្លាយជា កម្មវិធីដ៏សំខាន់ ក្នុងម៉ោងមាស ក្នុងស្ថានី យទូរទស្សន៍ PNN នៅកម្ពុជា

ភ្នំពេញ៖ ស្របពេលកម្មវិធី ជីវិតពិតបាន កំពុងដើរតួនាទីសំខាន់សម្រាប់កម្មវិធី ផ្សាយប្រចាំថ្ងៃ នៃបណ្តាញទូរទស្សន៍ក្នុងស្រុករបស់កម្ពុជា ស្ថានីយទូរទស្សន៍ PNN ក៏ត្រៀមបញ្ចេញ កម្មវិធីថ្មីសន្លាងរបស់ខ្លួនដែល លាតត្រដាងពីខ្សែរឿងនៃជីវិតពិត ចាប់ពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៦ខាងមុខនេះតទៅ។

កម្មវិធីជីវិតពិត របស់ PNN ត្រូវបានឲ្យឈ្មោះថា មុខរបរខ្ញុំ ឬ MY PLACE នឹងលាតត្រដាងពីការប្រកួតប្រជែង ពិតប្រាកដមួយ របស់បេក្ខជន-បេក្ខនារីចំនួន ១៣រូបដែលនឹងរួមគ្នាប្រកួតប្រជែង យ៉ាងស្វិតស្វាញដើម្បីបង្កើតនូវ ជំនួញផ្ទាល់ខ្លួនរបស់ពួកគេ ។ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ពីមួយវគ្គទៅមួយវគ្គ បេក្ខជន-បេក្ខនារីទាំងអស់ តម្រូវឲ្យបង្កើត និងរិះរកគំនិតច្នៃប្រឌិត ធ្វើយ៉ាងណាឲ្យជំនួញរបស់ខ្លួនលេចរូបរាង ដូចជាហាង កាហ្វេអ៊ីធើណេតនិង ហាងជាច្រើនផ្សេង ទៀតដែលសុទ្ធសឹងស្ថិតក្នុងជំនួញសម័យទំនើបនេះ។

លោក Jimmyដែលជាផលិតករកម្មវិធី មុខរបរខ្ញុំបានថ្លែងថា "នេះជាកម្មវិធីដំបូងបង្អស់របស់PNNដោយនឹងអនុញ្ញាតឲ្យបេក្ខជន-បេក្ខនារីទាំងអស់ មានឱកាសបង្កើត ភោជនីយដ្ឋានថ្មីមួយ ស្ថិតក្នុងស្ទូឌីយ៉ូ របស់ស្ថានីយទូរទស្សន៍ PNN ខណៈអតិថិជនសំខាន់ គឺជាមន្ត្រីបុគ្គលិក របស់ PNN ផ្ទាល់តែម្តង។ មិនខុសគ្នាទៅនឹង កម្មវិធីជីវិតពិតផ្សេងទៀត មុខរបរខ្ញុំ គឺផ្តោតចំបងទៅលើការអប់រំ បង្ហាត់បង្ហាញ ទៅកាន់បេក្ខជន បេក្ខនារី ទាំងអស់ ពីសំណាក់គណៈកម្មការ ហើយក៏ជាបទ ពិសោធន៏ដើម្បីឲ្យពួកគេ អាចឈានទៅរកជោគជ័យ ក្នុងជំនួញពិតរបស់ពួកគេ ថ្ងៃអនាគត "។

ផលិតកររូបនេះបញ្ជាក់ដែរថាចុងបញ្ចប់កម្មវិធី ពួកយើងមានផែនការបង្កើតឲ្យមានបេក្ខភាព ជ័យលាភីមួយរូបជាមួយភោជនីយដ្ឋាន មួយបម្រើឲ្យពលរដ្ឋទូទៅ ដែលកើតចេញពីការបណ្តុះបណ្តាល តាមរយៈកម្មវិធីទូរទស្សន៍តែម្តង។ សម្រាប់ពីរ ទៅបីសប្តាហ៍ដំបូង កម្មវិធីនឹងបង្ហាញពីសកម្មភាពពិតរបស់បេក្ខជន បេក្ខនារីទាំង១៣រូប ក្នុងឱកាស ទទួលបទពិសោធន៍ បង្ហាត់បង្ហាញ ជាមួយនឹងជំនាញជាច្រើន ពីសំណាក់មេចុងភៅ អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងទទួលការ ណែនាំពីអ្នកប្រឹក្សាជំនួញជាដើម ផ្តោតសំខាន់ លើការហ្វឹកហាត់ជំនាញធ្វើម្ហូប និងឆុងកាហ្វេឲ្យមានរស់ជាតិឆ្ងាញ់។

គួរបញ្ជាក់ថា កម្មវិធីជីវិតពិត “មុខរបរខ្ញុំ” ឬ MY PLACE នឹងចាប់ផ្តើមចាក់ផ្សាយពីថ្ងៃច័ន្ទ ទី៧ ខែមីនា ឆ្នាំ២០១៦ ឆាប់ៗខាងមុខនេះ តទៅ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ត្រូវបញ្ចប់ បេក្ខជន បេក្ខនារីនឹងតម្រូវឲ្យមកស្នាក់នៅរួមគ្នាក្នុងកន្លែង រៀបចំ ទូរទស្សន៍ PNN នៅឯស្ទូឌីយូផ្ទាល់ ដែលជាភោជនីយដ្ឋាន សម្រាប់ប្រកួតប្រជែងក្នុងកម្មវិធី របស់ពួកគេ។ការបង្កើតកម្មវិធីក្នុងស្រុកថ្មីៗ ជាបន្តបន្ទាប់ពីសំណាក់ទូរទស្សន៍ PNN នៅពេលនេះ ក៏ជាការឆ្លើយតបទៅនឹង សំណូមពររបស់ក្រសួងព័ត៌មានផងដែរ៕