សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ទឹក​ចិត្ត​ចំពោះ​អតីត​អគ្គលេខាធិការ​អ.ស.ប

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​ស្លាប់​នៃ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី (Boutros Boutros Ghali) ​គឺ​ជា​​ការ បាត់បង់​ធនធាន​មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន។ ក្រោយ​ពី​ការ​លា​ចាក​លោក​របស់​លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី ពុំ​ទាន់​មាន​អ្នក​នយោបាយ ឬ​រដ្ឋាភិបាល ចេញ​សេចក្ដី​ថ្លែងការណ៍​ចូលរួម​រំលែក​ទុក​នៅ​ឡើយ​ទេ។

សារ​នយោបាយ​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​ជីវិត​នៃ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ធ្លាប់​មាន​គុណ​បំណាច​ក្នុង​ការ​រួម​ចំណែក​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​សន្តិភាព​នៅ​កម្ពុជា កាល​ពី​២៥ ឆ្នាំ​មុន មិន​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ បន្ទាប់​ពី​លោក ប៊ូត្រូស ហ្គាលី បាន​ទទួល​មរណភាព​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

ទាំង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី បាន​ព្យាយាម​សម្បើម​ណាស់ មួយ​ផ្នែក​ធំ​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា មាន​សន្តិភាព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី នៅ​ពេល​នេះ។ ធ្លាប់​មាន​ពិសោធន៍​ក្នុង​ការ​រួម​ចំណែក​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីពី​កម្ពុជា កាល​ពី ២៥​ឆ្នាំ​មុន អ្នកស្រី ពុង ឈីវកេក យល់​ឃើញ​ថា លោក ប៊ូត្រូស ហ្គាលី ក៏​ជា​ផ្នែក​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ជាមួយ​នឹង​ប្រទេស​បារាំង ដែល​នាំ​សន្តិភាព​សម្រាប់​កម្ពុជា៖ «»។

លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ក្នុង​អាយុ ៩៣​ឆ្នាំ។ ពុំ​មាន​របាយការណ៍​ណា​មួយ​ដែល​បាន​បញ្ជាក់​ថា ការ​ស្លាប់​នេះ​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​ហេតុផល​ផ្សេង ក្រៅ​ពី​វ័យ​ចាស់​ជរា​របស់​លោក ប៊ូត្រូស ហ្គាលី នោះ​ឡើយ។

ធ្លាប់​ជា​អតីត​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក ប៊ូត្រូស ហ្គាលី បាន​ខ្នះខ្នែង​យ៉ាង​សកម្ម​ដែល​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ឆ្នាំ​១៩៩១។ក្រោយ​ពី​លោក​បញ្ចប់​អាណត្តិ​៥​ឆ្នាំ ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ចន្លោះ​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៦ លោក ប៊ូត្រូស ហ្គាលី បាន​ចូល​បម្រើការ​ជា​អគ្គលេខាធិការ​ក្នុង​ក្រុម​និយាយ​ភាសា​បារាំង ចន្លោះ​​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០២។

អតីត​ទីប្រឹក្សា​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​លោក ស៊ឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​ថា លោក ប៊ូត្រូស ហ្គាលី បាន​រួម​ចំណែក​យ៉ាង​សំខាន់ និង​លះបង់​ពេល​វេលា​មួយ​ផ្នែក​ធំ​ក្នុង​ការ​ជ្រោមជ្រែង​នាំ​ឲ្យ​មាន​សន្តិភាព​នៅ​កម្ពុជា។ ហេតុ​នេះ​លោក​យល់​ឃើញ​ថា ពលរដ្ឋ​កម្ពុជា ជា​ពិសេស​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ត្រូវ​ដឹង​គុណ និង​រំលឹក​ការ​ចងចាំ​ចំពោះ​ការ​លះបង់​របស់​លោក ប៊ូត្រូស ហ្គាលី នៅ​ពេល​នេះ​មក​លើ​កម្ពុជា៖ «»។

រហូត​មក​ដល់​ពេល​នេះ ទាំង​អ្នក​នយោបាយ និង​រដ្ឋាភិបាល​ពុំ​ទាន់​ឃើញ​មាន​សេចក្ដី​ថ្លែងការណ៍​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​លោក ប៊ូត្រូស ហ្គាលី នេះ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​ពី​មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា អ្នកស្រី​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​បង្ហាញ​ឆន្ទៈ​ក្នុង​ចំណែក​ណា​មួយ​ចំពោះ​ការ​លះបង់​របស់​លោក ប៊ូត្រូស ហ្គាលី នេះ​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ចូលរួម​រំលែក​ទុក្ខ​ជាដើម។ អ្នក​ស្រី​បន្ត​ថា មក​ដល់​ពេល​នេះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ឡើយ ចំពោះ​អ្នក​នយោបាយ អំពី​ការ​ស្លាប់​របស់​លោក ប៊ូត្រូស ហ្គាលី នេះ៖ «»។

លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី កើត​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩២២។ លោក​ជា​ជនជាតិ​អេហ្សីប (Egypt) ដំបូង​គេ​បង្អស់​ដែល​បាន​ចូល​កាន់​តំណែង​ក្នុង​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជា​ជាតិ ជំនាន់​ទី​៦។ ថ្វី​បើ​លោក ប៊ូត្រូស ហ្គាលី ធ្លាប់​រង​នូវ​ការ​រិះគន់​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា បរាជ័យ​​ដោយសារ​មិន​អាច​ដក​អាវុធ និង​រំសាយ​ពួក​ខ្មែរ​ក្រហម​ជា​ស្ថាពរ លោក ប៊ូត្រូស ហ្គាលី ធ្លាប់​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ដែរ។ មិន​តែ​ប៉ុណ្ណោះ គឺ​ក្នុង​ឋានៈ​ជា​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ លោក ប៊ូត្រូស ហ្គាលី ថែម​ទាំង​បាន​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​១៩៩៣ នៅ​កម្ពុជា ក្រោម​បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) ថែម​ទៀ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។