មន្ទីរ​អប់រំ​ខេត្ត​រតនគិរី​បញ្ចប់​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​របស់​នាយក​អនុវិទ្យាល័យ​ស្រែ​អង្គ្រង

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី យល់ព្រម​ចូល​បង្រៀន​សិស្ស​ដូច​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​ក្រុម​ការងារ​មន្ទីរ​អប់រំ ចុះ​សម្របសម្រួល​ផ្តល់​សម្ភារៈ​សម្រាប់​បង្រៀន​សិស្ស​ឡើង​វិញ។ ចំណែក​មន្ទីរ​អប់រំ ក៏​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​គ្រូ ទាក់ទិន​នឹង​ភាព​អសកម្ម​របស់​នាយក​អនុវិទ្យាល័យ​នោះ​ដែរ។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នេះ នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង នៅ​តែ​មិន​ទាន់​មក​ធ្វើ​ការ និង​មិន​ទាន់​សង​ប្រាក់​ថ្លៃ​ទិញ​សម្ភារៈ​ផ្គត់ផ្គង់​ការ​បង្រៀន​របស់​គ្រូ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​សម្រប​សម្រួល​ឲ្យ​គ្រូ​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង ដែល​មិន​មក​បង្រៀន​សិស្ស ឲ្យ​ចូល​បំពេញ​ការងារ​ដូច​ប្រក្រតី និង​បាន​ដោះស្រាយ​ផ្តល់​សម្ភារៈ​សម្រាប់​បង្រៀន​សិស្ស​ជា​បណ្ដោះអាសន្ន ខណៈ​មន្ទីរ​នេះ​កំពុង​រៀបចំ​ដោះស្រាយ​បណ្ដឹង​របស់​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ ស្រែ​អង្គ្រង ដែល​ទាមទារ​ឲ្យ​ប្ដូរ​នាយក​អនុវិទ្យាល័យ ដែល​មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​ទាមទារ​ឲ្យ​នាយក​អនុវិទ្យាល័យ​នេះ សង​ប្រាក់​ផ្គត់ផ្គង់​សម្ភារៈ​បង្រៀន​មក​សាលា​វិញ។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​រតនគិរី អ្នកស្រី ចាន់ ខាន់ឃឿ ថ្លែង​បញ្ជាក់​ថា លទ្ធផល​អង្កេត​ភាព​មិន​ប្រក្រតី​របស់​នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង ឋិត​នៅ​ក្នុង​ចំណាត់​ការ​របស់​គណៈកម្មការ​វិន័យ​របស់​មន្ទីរ​អប់រំ​ខេត្ត និង​ក្រសួង​អប់រំ ក៏ប៉ុន្តែ​អ្នកស្រី​មិន​អធិប្បាយ​យ៉ាង​ណា​ជុំវិញ​ចំណាត់​ការ​ទៅ​លើ​របាយការណ៍​ស៊ើប​អង្កេត​នោះ​នៅ​ឡើយ។ អ្នកស្រី​ឲ្យ​ដឹង​ថា ដំណើរ​ការ​បង្រៀន​សិស្ស​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា និង​មាន​មន្ត្រី​ទទួល​ខុស​ត្រូវ​បណ្ដោះអាសន្ន ដើម្បី​ចាត់​ចែង​ការងារ​នៅ​អនុវិទ្យាល័យ​នេះ​ហើយ៖ «បាន​ន័យ​ថា ព័ត៌មាន​ខ្ញុំ​បាន​អស់​ហើយ នៅ​តែ​ប្រជុំ​ក្រុមប្រឹក្សា​វាយ​តម្លៃ​លក្ខណៈ​សម្បត្តិ​របស់​មន្ត្រី។ រឿង​សាលា យើង​បាន​ដោះស្រាយ​រួច​ហើយ គេ​កំពុង​ដឹក​នាំ​សកម្មភាព ទោះ​បី​នាយក​មិន​មក លេខា​សាលា​ដឹក​នាំ​ដំណើរ​ការ»

កាល​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា គ្រូបង្រៀន​ទាំងអស់​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង បាន​នាំ​គ្នា​មិន​មក​បង្រៀន​សិស្ស ក្រោម​ហេតុផល​បី​យ៉ាង រួម​មាន គ្មាន​សម្ភារៈ​ប្រើប្រាស់​សម្រាប់​បង្រៀន​សិស្ស នាយក​អនុវិទ្យាល័យ​មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​អាក់អន់​ចិត្ត​ចំពោះ​ក្រុម​ការងារ​ស៊ើប​អង្កេត​មន្ទីរ​អប់រំ បាន​ស្ដី​បន្ទោស និង​គំរាម​កំហែង​គ្រូ​ដែល​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្ដូរ​នាយក​អនុវិទ្យាល័យ។ គ្រូ​មួយ​ចំនួន បាន​បន្ត​មិន​ចូល​បង្រៀន​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយសារ​តែ​គ្មាន​ហ្វឺត​សម្រាប់​សរសេរ​បង្រៀន​សិស្ស។

ទាក់ទិន​ករណី​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កូនមុំ លោក ផន សុភាព មាន​ប្រសាសន៍​ថា លោក​នៅ​តែ​បារម្ភ ខណៈ​មន្ទីរ​អប់រំ មិន​ទាន់​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ពាក្យ​ប្ដឹង​តវ៉ា​របស់​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​សាលា ដែល​សុំ​ឲ្យ​ប្ដូរ​នាយក​អនុវិទ្យាល័យ និង​ទាមទារ​ឲ្យ​នាយក​អនុវិទ្យាល័យ​សង​ប្រាក់​ផ្គត់ផ្គង់​សម្ភារៈ​បង្រៀន​មក​សាលា​វិញ។ លោក​ថា គ្រូ​សុខ​ចិត្ត​ចូល​បង្រៀន​បណ្ដោះអាសន្ន តាម​ការ​សម្រប​សម្រួល​របស់​មន្ទីរ​អប់រំ ក៏ប៉ុន្តែ​ប្រសិន​បើ​ការ​ដោះស្រាយ​អូស​បន្លាយ​ពេល​យូរ​ទៀត គ្រូ​ទាំង​នោះ​ទំនង​នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត៖ «បាក់​ទឹក​ចិត្ត អ្នក​អត់​ធ្វើ​ការ​នៅ​ដដែល អ្នក​ខំ​ធ្វើ​ការ​ចេះ​តែ​រឿង។ ខ្ញុំ​បារម្ភ​ថា​ខ្លាច​លោកគ្រូ​អ្នកគ្រូ​យក​តម្រាប់​តាម​នាយក បិទ​ទ្វារ​សាលា​អត់​ធ្វើ​ដែរ។ តើ​ទៅ​ដាក់​កំហុស​គេ​ម៉េច​កើត

ដូច​គ្នា​នេះ​ដែរ គ្រូបង្រៀន​ឈ្មោះ មុំ រ៉ា បញ្ជាក់​ឲ្យ​ដឹង​ថា គ្រូ​ទាំងអស់​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ប្ដូរ​នាយក​អនុវិទ្យាល័យ​ចេញ ដោយសារ​តែ​គ្រូ​នៅ​អនុវិទ្យាល័យ​នេះ​អស់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​នាយក​អនុវិទ្យាល័យ​នេះ​ហើយ។ លោក​ស្នើសុំ​ឲ្យ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត ចាត់​ការ​ដោះស្រាយ​ការ​ទាមទារ​របស់​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​សាលា​ឲ្យ​បាន​ឆាប់ និង​ជ្រើសរើស​នាយក​ថ្មី​បន្ត​ដឹក​នាំ​អនុវិទ្យាល័យ​នេះ​ឡើង​វិញ៖ «រឿង​ថា​ដោះស្រាយ​យ៉ាង​ណា គាត់​អត់​ទាន់​សម្រេច​ទេ។ គាត់​នៅ​ប្រជុំ​សម្រេច​នៅ​ខាង​មន្ទីរ និង​ឆ្លង​ក្រសួង​ទៀត។ គាត់​ដោះស្រាយ​ចំពោះ​មុខ។ ពួក​ខ្ញុំ​នៅ​តែ​រក្សា​ជំហរ​ផ្លាស់ប្ដូរ​គាត់​ចេញ ព្រោះ​អត់​ចេះ​ធ្វើ​ការ​ជាមួយ​គ្នា​កើត​ទេ»

យ៉ាង​ណា​ក៏ដោយ នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង លោក ឯក ពិសី ដែល​រង​ការ​ចោទ​ប្រកាន់​នោះ ទទួល​ស្គាល់​ជា​ថ្មី​ថា លោក​ពិត​ជា​មាន​កំហុស និង​សុំ​កែប្រែ​កំហុស ហើយ​សន្យា​ថា​នឹង​មិន​ឲ្យ​កើត​មាន​កំហុស​នេះ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។