មេធាវី៖ សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​បំភ្លៃ​អង្គ​ហេតុ​និង​អង្គ​ច្បាប់

សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ។ សវនាការ​ថ្ងៃ​ទី​ពីរ​នេះ គឺ​ផ្ដោត​លើ​ការ​ផ្ដល់​ហេតុផល​របស់​ភាគី ស្ដីពី​បទឧក្រិដ្ឋ​ដែល​បាន​ផ្ដន្ទាទោស​ជន​ចាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១។

ភាគី​ការពារ​ក្ដី​ជន​ជាប់​ចោទ និង​ភាគី​សហ​ព្រះរាជអាជ្ញា នៅ​តែ​បន្ត​ផ្ដល់​ការ​អះអាង​តទល់​គ្នា​រៀងៗ​ខ្លួន ជុំវិញ​ការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នៃ​ការ​សម្លាប់​រង្គាល និង​ជម្លៀស​ដោយ​បង្ខំ។

ភាគី​ជន​ជាប់​ចោទ​ទាំង​ពីរ​លើក​ហេតុផល​ថា សាលា​ដំបូង​មាន​កំហុស​ទាក់ទង​ទៅ​នឹង​ធាតុ​ផ្សំ​បរិបទ នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

មេធាវី​ការពារ​ក្ដី អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ថ្លែង​ថា សាលា​ដំបូង​ក្រៅ​ពី​ការ​បំភ្លៃ​អង្គ​ហេតុ ក៏​បំភ្លៃ​អង្គ​ច្បាប់​ដែរ ហើយ​ក៏​ប្រមាថ​មើលងាយ​នីត្យានុកូលភាព​នៃ​ធាតុ​ផ្សំ និង​សិទ្ធិ​របស់​ជន​ជាប់​ចោទ ក្នុង​ការ​ទទួល​បាន​នូវ​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌៖ «អង្គ​ជំនុំ​ជម្រះ​មិន​ដែល​បង្ហាញ​ភស្តុតាង​ទាល់​តែ​សោះ​ថា លោក ខៀវ សំផន បាន​សហការ​ជាមួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​គោល​បំណង​ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម»

សាលក្រម​ដែល​ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​យល់​ឃើញ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​នៅ​ក្នុង​ពេល​ផ្លាស់ប្ដូរ​ប្រជាជន​ក្នុង​ដំណាក់​កាល​ទី​មួយ និង​ទី​ពីរ និង​ការ​សម្លាប់​ទាហាន និង​មន្ត្រី​រដ្ឋការ​របប លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ជាពិសេស នួន ជា និង ខៀវ សំផន ត្រូវ​បាន​ផ្ដន្ទាទោស​អំពី​អំពើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្អែក​លើ​មូលដ្ឋាន​នយោបាយ និង​អំពើ​អមនុស្សធម៌​ដទៃ​ទៀត រួម​មាន​ការ​ជម្លៀស​ដោយ​បង្ខំ ការ​វាយ​ប្រហារ​លើ​កិត្តិយស​របស់​មនុស្ស និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។

សហ​ព្រះរាជអាជ្ញា លោក ដេល ឡៃសាក់ (Dale Lysak) ជម្រាប​អង្គ​ជំនុំ​ជម្រះ​វិញ​ថា ជន​ជាប់​ចោទ ខៀវ សំផន មិន​មែន​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយសារ​ភាព​លម្អៀង​របស់​សាលា​ដំបូង​ទេ គឺ​គាត់​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ផ្អែក​លើ​ភស្តុតាង​ជាក់​ច្បាស់ និង​គ្រប់គ្រាន់។ លោក​បាន​លើក​សក្ខីកម្ម​របស់​សាក្សី​នានា​ដែល​និយាយ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ចូលរួម​កិច្ច​ប្រជុំ​ស្ដីពី​ផែនការ​ជម្លៀស​ប្រជាជន​ពីរ​សប្ដាហ៍​មុន​ពេល​រំដោះ​ក្រុង​ភ្នំពេញ៖ «ផែនការ​ដែល ខៀវ សំផន ឯកភាព គឺ​ជា​ផែនការ​ដែល​មាន​លក្ខណៈ​ឧក្រិដ្ឋកម្ម ព្រោះ​ថា ការ​ជម្លៀស​ប្រជាជន​រាប់​លាន​នាក់​ចេញ​ពី​ផ្ទះ​របស់​គេ ដោយ​មិន​មាន​ការ​ផ្ដល់​គ្រប់គ្រាន់​នូវ​ចំណី​អាហារ ថ្នាំ​សង្កូវ និង​ផ្ទះ​សម្បែង​នោះ។ ដូច​ដែល ខៀវ សំផន និយាយ​ខ្លួន​ឯង​ផ្ទាល់ ប្រសិន​បើ​មាន​ការ​បោះ​ឆ្នោត​ប្រឆាំង​តែ​មួយ​សំឡេង ប្រឆាំង​ការ​ជម្លៀស ប្រហែល​ជា​មិន​មាន​ការ​ជម្លៀស​ដែរ។ ដូច្នេះ វា​ជា​ការ​សម្រេច​ជា​រួម និង​ជា​គោលការណ៍»

សហ​ព្រះរាជអាជ្ញា​បន្ត​ថា ភស្តុតាង​អំពី​ការ​ចូលរួម​របស់ ខៀវ សំផន មិន​មែន​មាន​ត្រឹម​តែ​ការ​ចូលរួម​របស់​គាត់​នៅ​ក្នុង​កិច្ច​ប្រជុំ​ប៉ុណ្ណោះ​ទេ គឺ​សាក្សី​ឈ្មោះ ភី ភួន ដែល​ជា​នីរសារ​របស់ ប៉ុល ពត ក៏​បាន​ផ្ដល់​សក្ខីកម្ម​ដែរ​ថា ជន​ជាប់​ចោទ ខៀវ សំផន គឺ​ជា​កម្មាភិបាល​មួយ​រូប​ជាមួយ ប៉ុល ពត និង នួន ជា ធ្វើ​បទ​បង្ហាញ​ពន្យល់​ដល់​កម្មាភិបាល​អំពី​មូលហេតុ​ថា ហេតុ​អ្វី​បាន​ជា​ចាំបាច់​ត្រូវ​ជម្លៀស​ប្រជាជន ហើយ​ពឹង​ផ្អែក​ទៅ​លើ​បទពិសោធន៍​ដែល​ពួក​គេ​ធ្វើ​នៅ​បណ្ដា​ទីក្រុង​ដែល​បាន​រំដោះ ដូចជា​នៅ​ស្រុក​ឧត្ដុង្គ។ លោក ភី ភួន ក៏​បាន​ផ្ដល់​សក្ខីកម្ម​ដែរ​ថា នៅ​ពេល​ដែល​គាត់​នៅ​មន្ទីរ ប-៥ គាត់​ធ្លាប់​បញ្ជូន​សារ​ពី​ជន​ជាប់​ចោទ ខៀវ សំផន ទៅ​សមរភូមិ។

ដោយឡែក​ភាគី​ជន​ជាប់​ចោទ នួន ជា មិន​ទាន់​បង្ហាញ​បំណង​ឆ្លើយ​តប​អ្វី​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​បី​នេះ។

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល លើ​បណ្ដឹង​សាទុក្ខ នឹង​បន្ត​ទៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ទៀត។ អង្គ​ជំនុំ​ជម្រះ គ្រោង​បន្ត​ទៅ​ថ្ងៃ​ទី​១៩ មួយ​ថ្ងៃ​ទៀត​ដែរ ប្រសិន​បើ​មិន​អាច​បញ្ចប់​បាន​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។