សង្គម​ស៊ីវិល​ថា IIC មិនគួរ​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន​លោក ទ្រី ភាព ឡើយ​

​លោក​ឧកញ៉ា ទ្រី ភាព ដែលជា​អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព គ្រុប ត្រូវបាន​គណៈកម្មាធិកា​រ​វាយតម្លៃ​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស នៃ​សកល​វិទ្យាល័យ  IIC នៃ​បច្ចេកវិទ្យា​កាលពីពេល​ថ្មីៗ​នេះ​។ សង្គម​ស៊ីវិល រិះគន់ថា សកលវិទ្យា​ល័យ IIC មិន​គូរ​ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស​ដល់​លោក ទ្រី ភាព ឡើយ ព្រោះ​ឧកញ៉ា​រូបនេះ មិនបាន​ជួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ទេ ផ្ទុយ​មកវិញ​គឺមាន​តែ​ការរកស៊ី​ឈើ ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ​ប៉ុណ្ណោះ​។​

​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង បាន​រិះគន់ថា សកលវិទ្យា​ល័យ IIC គ្មាន​ការវាយតម្លៃ​ត្រឹមត្រូវ និង​គ្មាន​មូលហេតុ​ណាមួយ​ច្បាស់លាស់ ដែល​ត្រូវ​ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស ជូន​លោក​ឧកញ៉ា ទ្រី ភាព ឡើយ​។ លោក​ថា លោក​ឧកញ៉ា ទ្រី ភាព មិនទាន់មាន​គុណសម្បត្តិ និង​ស្នាដៃ​អ្វី​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ទេ ផ្ទុយ​មកវិញ​គឺមាន​តែ​ការរកស៊ី​ឈើ ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ និង​ប្រជាពលរដ្ឋ​មួយចំនួនធំ​រងគ្រោះ​ដោយសារតែ​ការ​ស៊ី​ឈើ​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព ប៉ុណ្ណោះ​។ លោក អ៊ូច ឡេង បាន​រិះគន់​បែប​ចំអក​ទៅ​សកល​វិទ្យាល័យ​IIC ថា ទំនងជា​លោក ទ្រី ភាព បានផ្ដល់​ថវិកា​ទ្រទ្រង់​សកល​វិទ្យាល័យ​នេះហើយ ទើបបានជា​លោក ទ្រី ភាព អាច​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត កិត្តិយស​នេះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ូច ឡេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលឃើញថា​លោក​ឧកញ៉ា​ទ្រី​ភាព​អត់​ទាន់​មាន​អ្វី​ជួយ​ជាតិ​ទាំងអស់ ហេតុអ្វី​បានជា​សកល​វិទ្យាល័យ IIC ប្រគល់​សញ្ញាបត្រ​ដល់​លោក ទ្រី ភាព​? សុំ​ឲ្យ​បង្ហាញ​ស្នាដៃ​គាត់​មក​។ វា​អត់​មាន​មូលហេតុ​ត្រឹមត្រូវ​ដែល​ប្រគល់​សញ្ញាបត្រ​នេះ​ជូន​គាត់ ព្រោះ​សញ្ញាបត្រ​បណ្ឌិត ក​ត្តិ​យស​មិនមែន​ចេះតែ​ឲ្យ​អ្នកណាម្នាក់​នោះទេ​»​។ ទាំងនេះ​ជា​ចំណុច​ខ្វះខាត​ក្នុងការ​វាយតម្លៃ​ដែល​លោក អ៊ូច ឡេង មើលឃើញ​មុននឹង​លោក​បន្ថែមថា បើ​លោក ទ្រី ភាព មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​នោះ លោក ទ្រី ភាព គួរតែ​បង្ហាញ​របាយការណ៍​ទាក់ទង​នឹង​ជំនួញ​ព្រៃឈើ និង​របាយការណ៍​ផ្ទាល់ខ្លួន​កន្លងមក​ថា តើ​លោក​បាន​ជួយ​អ្វីខ្លះ​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដើម្បី​ឲ្យ​សាធារណៈជន​បានដឹង​គ្រប់គ្នា ដោយ​មិនត្រូវ​លាក់ទុក​ឡើយ​។

​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ដែល​ធ្វើការ​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​ធនធានធម្មជាតិ​នោះ រិះគន់​សកលវិទ្យា​ល័យ  IIC ថា ការប្រគល់​សញ្ញាបត្រ​ប​ណ្ឌិ​ត កិត្តិយស​ដល់​លោក ទ្រី ភាព នេះ គឺ​សកលវិទ្យា​មួយ​នេះ​កំពុង​លើកកម្ពស់​អ្នក​កាប់បំផ្លាញ​ព្រៃឈើ និង​ធនធាន​ជាតិ ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខលំបាក​។ សម្រាប់​លោក ទឹម ម៉ាឡៃ គុណសម្បត្តិ​លោក ទ្រី ភាព បានផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​មួយក្រុម​តូច​ក្នុង​គណបក្ស​ប្រជាជន​ប៉ុណ្ណោះ ប៉ុន្ដែ​លោក ទ្រី ភាព បានផ្ដល់​ការខាតបង់​ធំធេង​សម្រាប់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​មួយចំនួនធំ​។​«​ខ្ញុំ​យល់ថា សកល​វិទ្យាល័យ​នេះ​ចង់​បានការ​ស្គាល់​ច្រើន​ពី​សាធារណៈជន និង​ចង់​ល្បី ទើបបានជា​ប្រគល់​សញ្ញាបត្រ​នេះ​ដល់​លោក ទ្រី ភាព ។ ប៉ុន្ដែ​ការផ្ដល់​សញ្ញាបត្រ​នេះ គឺអាច​ធ្វើ​ឲ្យ​សាលា​នេះ​ទទួលបាន​កេ​រ្ត៍​ឈ្មោះ​ល្អ​ផង កេ​រ្ត៍​ឈ្មោះ​អាក្រក់​ផង ព្រោះ​សាលា​នេះ​កំពុងតែ​ជំរុញ​លើកទឹកចិត្ត​និង​លើកកម្ពស់ ដល់​លោក ទ្រី ភាព ដែល​បាន​កាប់បំផ្លាញ​ធនធានធម្មជាតិ​នេះ​ថែមទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទឹម ម៉ាឡៃ​។​

​បើតាម​ការប្រជុំ​វាយតម្លៃ ពី​សំណាក់​សាស្ត្រាចារ្យ​បណ្ឌិត ចំនួន ១៥ រូប​នៃ​សកលវិទ្យា​ល័យ  IIC បានសម្រេច​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក សេដ្ឋកិច្ច ជូន​ឧកញ៉ា​ទ្រី ភាព ដោយ​ក្រុមប្រឹក្សា​វាយតម្លៃ​ទាំងនោះ បាន​អះអាងថា លោក ទ្រី ភាព មាន​ជំនាញ​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច ។​

​ទាំង​លោក អ៊ូច ឡេង ទាំង​លោក ទឹម ម៉ាឡៃ ក៏បាន​ចំអក​ទៅ​សកល​វិទ្យាល័យ  IIC ថា ការវាយតម្លៃ​និង​ផ្ដល់​សញ្ញាប័ត្រ​កិត្តិយស​នេះ មិនមែន​ចេះតែ​ផ្ដល់ជូន​អ្នកមានអំណាច ឬ​មន្ត្រី​ថា្នក់​ធំ​ណា​ម្នាក់​នោះទេ ពោលគឺ​ត្រូវ​សិក្សា​ពី​គុណសម្បត្តិ​លើ​បុគ្គល​នោះ និង​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ប្រគល់​សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស នេះ ។​

​គួរ​បញ្ជាក់ថា អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កន្លងមក​បាន​រកឃើញ​ថា លោក ទ្រី ភាព គឺជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ​មា្ន​ក់ ដែល​កាង​ដោយ​ក្រុមមន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុងការ​បោសសំអាត ឈើ​ក្រញូង​របស់​កម្ពុជា ពី​តាម​ខេត្ត​នានា​ហើយ​ដឹកជញ្ជូន​តាម​កប៉ាល់ ទៅកាន់​កំពង់ផែ​ក្រុង​ហុងកុង​។ ប៉ុន្ដែ​បញ្ហា​នេះ​ត្រូវបាន​រដ្ឋាភិបាល​បដិសេធ​ថា ឈើ​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព សុទ្ធតែជា​ឈើ​ស្របច្បាប់ និង​មានការ​អនុញ្ញាតិ​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​