​និស្សិត​ពេទ្យ​បារាំង​៦​នាក់​ស្វែងរក​មូលនិធិ​ដើម្បី​ជួយ​ដល់​កុមារកំព្រា​នៅ​កម្ពុជា​

​និស្សិត​ពេទ្យ​ជនជាតិ​បារាំង​៦​នាក់​ដែល​រៀន​នៅ​ឆ្នាំ​ទី​៣ និង​ទី​៤ នៅ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ Nantes និង​ជា​សមាជិកសមាគម Pharma’ Libre កំពុង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​៦​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ភ្នាក់ងារ Pharmacie Humanitaire Internationale Atlantique (​ឬ PHI-A)​។​

​ក្នុង​បេសកកម្ម​ជួយ​ដល់​កុមារកំព្រា​កម្ពុជា និស្សិត​ពេទ្យ​បារាំង​៦​នាក់​បាន​ចែក​តួនាទី​គ្នា​រៀងៗ​ខ្លួន​ដែល​ក្នុងនោះ មាន Mathilde d’Arco ជា​ប្រធាន Alice Planet ជា​លេខា Alexandre Charpentier ជា​ហេរញ្ញិក Julie Garaud ជា​អ្នកទំនាក់ទំនង​ជា​ដៃគូ Pierre Guyon ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ទូទៅ និង Marion Martinez ទទួលខុសត្រូវ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​។​

​និស្សិត​វ័យក្មេង​ទាំងនេះ តែងតែ​ប្រើប្រាស់​វេលា​វិស្សមកាល​របស់ខ្លួន​ដើម្បី​ជួយ​ដល់​សមាគម Pharma’ Libre​។ បើតាម​សម្តី​ដែល​ដកស្រង់​ដោយ កញ្ញា Mathilde d’Arco បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​គោលដៅ​របស់​យើង​គឺ​ជួយ​ដល់​មនុស្ស​ឲ្យ​សុខភាព​ល្អ មាន​អនាម័យ និង​មាន​អាហារូបត្ថម្ភ​»​។

​និស្សិត​ពេទ្យ​បារាំង​៦​នាក់​ស្វែងរក​មូលនិធិ​ដើម្បី​ជួយ​ដល់​កុមារកំព្រា​នៅ​កម្ពុជា​

Mathilde បាន​អះអាងថា គម្រោង​នេះ កើតឡើង​ដោយសារតែ​មានការ​ចង្អុល​បង្ហាញ​ពី​អង្គការ Enfants d’Asie​។ ប្រធាន​ក្រុម​រូបនេះ​បាន​បន្ថែមថា​៖ «​តាមរយៈ​ភាពជា​ដៃគូ យើង​នឹង​ចុះទៅ​ជួយ​ផ្ទាល់​ដល់​មជ្ឈមណ្ឌល​កុមា​រ​កំព្រា​៦​កន្លែង​នៅ​កម្ពុជា នៅពេលដែល​ពួកយើង​សម្រាក​វិស្សមកាល​»​។

​ក្រៅពី​សកម្មភាព​ស្វែងរក​មូលនិធិ​តាម​អ៊ី​ន​ធ័​រ​ណិ​ត www.leetchi.com/c/solidarite-de-pharmalibre ក្រុមនិស្សិត​ពេទ្យ​បារាំង​ទាំង​៦​នាក់​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង និង​ការបង្កើត​ឆ្នោត​លក់ ជាដើម​។​

​តាម​គម្រោង និស្សិត​ទាំង​៦​នាក់​នឹង​មក​បំពេញបេសកកម្ម​ម​នុស្ស​ធម៌​នៅ​កម្ពុជា​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២៨ ខែកក្កដា​។ ពួកគេ​បាន​ចូលរួម​វិភាគទាន​រៀងៗ​ខ្លួន​ក្នុង​ម្នាក់​៥០០​អឺរ៉ូ សមាគម PHI-A ជួយ​៣០០០​អឺរ៉ូ ដើម្បី​ទិញ​ថ្នាំពេទ្យ​នៅ​កម្ពុជា ហើយ​សាលាក្រុង Abbaretz បាន​ប្រមូល​ថវិកា​ចាប់ពី​១០០​អឺរ៉ូ​។​

​និស្សិត​ពេទ្យ​បារាំង​៦​នាក់​ស្វែងរក​មូលនិធិ​ដើម្បី​ជួយ​ដល់​កុមារកំព្រា​នៅ​កម្ពុជា​

​ទិសដៅ​សំខាន់ៗ​ក្នុង​បេសកកម្ម​របស់​ក្រុមនិស្សិត​ពេទ្យ​បារាំង​រួមមាន យុទ្ធនា​ការអប់រំ​សុខភាព ការទិញ​ថ្នាំពេទ្យ ណែនាំ​ពី​អនាម័យ សុខភាព​មាតា និង​ទារក រួមទាំង​សេវក​ម្ម​ផ្សេងៗ ។ ការចំណាយ​ផ្សេងៗ ត្រូវ​រំពឹងថា​នឹង​ស្ថិតក្នុង​រង្វង់ ១៦៣៥០​អឺរ៉ូ ៕

​ទស្សនា​វីដេអូ​៖ 



អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​