ប៉ាក គឿន​ហេ​៖ របប​ក្រុង​ព្យុងយ៉ាង អាច​នឹង​ដួលរលំ បើ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក គឿន​ហេ (Park Geun-hye) បាន​ព្រមាន​ថា របប​កុម្មុយនីស្ត​កូរ៉េខាងជើង​ប្រឈមមុខ​នឹង​ការដួលរលំ ប្រសិនបើ​មិន​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទេនោះ​។ នេះ ចាត់ទុកជា​រឿង​កម្រ​ដែល​ទីក្រុង​សេ​អ៊ូ​ល​ព្រមាន​ខ្លាំងៗ​របៀបនេះ​ដល់ទី​ក្រុង​ព្យុងយ៉ាង ហើយ​វា​ច្បាស់​ណាស់​ថា ព្យុងយ៉ាង​នឹងមិន​សប្បាយចិត្ត​នោះទេ​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក គឿន​ហេ បាន​វាយប្រហារ​ខ្លាំងៗ​ទៅលើ​កូរ៉េខាងជើង ដោយបាន​ព្រមាន​ថា កូរ៉េខាងជើង​នឹង​ដួលរលំ បើ​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទៀត​នោះ​។ ការព្រមាន​ខ្លាំង​បែបនេះ​ធ្វើឡើង​នៅពេលដែល​លោកស្រី ថ្លែង​ការពារ​ការបិទ​តំបន់ឧស្សាហកម្ម​kaesong នៅ​សភា​កូរ៉េខាងត្បូង ក្រោយ​ពេលដែល​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​បាញ់​រ៉ុក្កែត​ទៅ​លំហ​អាកាស​ដែល​ល្មើស​នឹង​បម្រាម​អង្គការសហប្រជាជាតិ​។​

​លោកស្រី ប៉ាក និយាយថា​៖«​កូរ៉េខាងត្បូង​នឹង​ចាត់​វិធាន​ជាច្រើន​ដែល​កាន់តែខ្លាំង​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​លើ​កូរ៉េខាងជើង ដើម្បី​ប្រាប់​កូរ៉េខាងជើង​ថា មហិច្ឆតា​នុយក្លេអ៊ែរ​នឹងធ្វើ​ឲ្យ​រប​បក​ម្មុយ​នី​ស្ត​ឆាប់​ដួលរលំ​»​។​

​ក្រោយ​សកម្មភាព​ផ្គើន​ផ្ទួនៗ​របស់​កូរ៉េខាងជើង រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានប្រកាស​ផ្អាក​រាល់​សកម្មភាព​ទាំងអស់​នៅក្នុង​តំបន់ឧស្សាហកម្ម​រួម Kaesong ដែល​នៅក្នុង​ទឹកដី​កូរ៉េខាងជើង​។ ទីក្រុង​សេ​អ៊ូ​ល​ចាត់ទុក​ការបិទ​តំបន់​នេះ ជាការ​ពិន័យ​ដល់ទី​ក្រុង​ព្យុងយ៉ាង​ដែល​ហ៊ាន​ល្មើ​សនឹង​បម្រាម​អង្គការសហប្រជាជាតិ ដោយបាន​សាកល្បង​អាវុធ​អ៊ីដ្រូសែន​និង​បាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​នៅពេល​ថ្មីៗ​នេះ​។

​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​ចោទ​របប​ទីក្រុង​ព្យុងយ៉ាង​ថា បាន​យកលុយ​ដែលជា​ចំណូល​រាប់លាន​ពី​តំបន់ឧស្សាហកម្ម​នេះ​ទៅប្រើ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​នុយ​ក្លែ​អ៊ែរ និង​កាំជ្រួច​បាលី​ស្ទិ​ច​ចម្ងាយ​ឆ្ងាយ​ទៅវិញ​។ នេះ​ក៏​ព្រោះតែ​កូរ៉េ​ខា​ជើង​អាច​បង្វែរ​ប្រាក់ចំណូល​ទាំងនោះ​ពី​កម្មករ​កូរ៉េខាងជើង​បាន​យ៉ាង​ស្រួល ដ្បិត​លុយ​ទាំងនោះ​មិនមែន​ផ្ដល់​ទៅ​ឲ្យ​កម្មករ​ផ្ទាល់​នោះទេ តែ​បង់​តាមរយៈ​រដ្ឋាភិបាល​ទៅវិញ​។

​ការលើកឡើង​របស់លោក​ស្រី ប៉ាក គឿន​ហេ ពិតជា​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​នោះទេ​។ កូរ៉េខាងជើង​តែងតែ​តបត​ខ្លាំងៗ​នឹង​អ្វីដែល​ខ្លួន​យល់ថា​ប៉ះពាល់​ដល់​របប​កុម្មុយនីស្ត​ក៏ដូចជា​មេដឹកនាំ​របស់ខ្លួន​។ ហើយ​ជា​ញឹកញាប់​នោះ កូរ៉េខាងជើង​បាន​ចោទប្រកាន់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ថា ចង់​ផ្ដួលរំលំ​ខ្លួន​។ ជាពិសេស​ទៅទៀត​នោះ ការព្រមាន​ខ្លាំងៗ​បែបនេះ គឺ​ចំ​ពេលដែល​ទីក្រុង​ព្យុងយ៉ាង​កំពុង​រៀបចំ​បុណ្យខួបកំណើត​អតីត​មេដឹកនាំ​លោក គីម ជុងអ៊ីល​ផងដែរ​៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​