អាជ្ញាធរថៃ នឹងបញ្ជូន ពលករខ្មែរ ធ្វើការខុសច្បាប់ ចំនួន ៧០នាក់ មកកម្ពុជាវិញ

ភ្នំពេញ៖ អាជ្ញាធរ នៃប្រទេសថៃ នឹងបញ្ជូនពលករខ្មែរចំនួន ៧០នាក់ ក្នុងចំណោម ១១៧នាក់ មកកម្ពុជាវិញ បន្ទាប់ពីរកឃើញថា កំពុងធ្វើការសំណង់ និងរស់នៅខុសច្បាប់ នៅក្នុងស្រុកប៉ាក់ធីវ ខេត្តឈុំផន នៃប្រទេសថៃ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រងព័ត៌មាន ពីកាសែតថៃ បានឲ្យដឹងថា យោធានៃប្រទេសថៃ បានរកឃើញពលករខ្មែរចំនួន ៧០នាក់ ក្នុងចំណោមពលករចំនួន ១១៧នាក់ ដែលបានស្នាក់នៅធ្វើការងារសំណង់ ក្នុងស្រុកប៉ាក់ធីវ ខេត្តឈុំផន នៃប្រទេសថៃ ត្រូវបានយោធាថៃចាប់ឃាត់ខ្លួនពីបទចូលទៅរស់នៅ ធ្វើការងារកម្មករ នៅប្រទេសថៃខុសច្បាប់ ខណៈដែលយោធាថៃ ចុះត្រួតពិនិត្យកន្លែងស្នាក់នៅបោះតង់ របស់កម្មករក្នុងចំការដូងប្រេងមួយកន្លែង ក្បែរការដ្ឋានសំណង់ នៅស្រុកប៉ាក់ធីវ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពដដែល បានបន្តថា ពលករខ្មែរប្រុសស្រី៧០នាក់នោះ សមត្ថកិច្ចថៃគ្រោង និងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញនៅពេលឆាប់ខាងមុខនេះ បន្ទាប់ពីសមត្ថកិច្ចថៃធ្វើការសាកសួរពលករទាំងនោះតាមនីតិវិធីរួចហើយនោះ។ យោធាថៃចុះត្រួតពិនិត្យកន្លែងស្នាក់នៅ របស់កម្មករខ្មែរនៅស្រុកប៉ាក់ធីវ គេពិនិត្យរកឃើញកម្មករខ្មែរសរុប ១១៧នាក់ ក្នុងនោះកម្មករ ៧០នាក់ (ស្រី២៦នាក់) គ្មានលិខិតស្នាមអនុញ្ញាតច្បាប់កម្មករ ៤៧នាក់ទៀត គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ។ កម្មករទាំងនោះ ធ្វើការងារសំណង់នៅអាគារគ្រឹះស្ថានក្រសួងសិក្សាធិការរបស់ថៃ ក្នុងស្រុកប៉ាក់ធីវ។

លោក ថៈនុន ផាន់ភីផាស់ អភិបាលស្រុកប៉ាក់ធីវ ក្នុងខេត្តឈុំផន បានឱ្យដឹងថា យោធាថៃចុះត្រួតពិនិត្យកន្លែងស្នាក់នៅ របស់កម្មករខ្មែរខាងលើ អនុវត្តតាមបញ្ជាផ្ទាល់របស់លោក ក្រោយពីទទួលព័ត៌មានថា នៅការដ្ឋានសាងសង់នោះ មានការផ្លាស់ប្តូរកម្មករជាញឹកញាប់។ មិនតែប៉ុណ្ណោះម្ចាស់ក្រុមហ៊ុន ដែលជាអ្នកម៉ៅការសំណង់ ខាងលើក៏អាចប្រឈមទៅនឹងផ្លូវច្បាប់ផងដែរ ពាក់ព័ន្ធនឹងការទទួលយកកម្មករខុសច្បាប់មកធ្វើការងារ៕

អាជ្ញាធរថៃ នឹងបញ្ជូន ពលករខ្មែរ ធ្វើការខុសច្បាប់ ចំនួន ៧០នាក់ មកកម្ពុជាវិញ

អាជ្ញាធរថៃ នឹងបញ្ជូន ពលករខ្មែរ ធ្វើការខុសច្បាប់ ចំនួន ៧០នាក់ មកកម្ពុជាវិញ