កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅធ្វើ​ការ​តាម​ផ្ទះ និង​ការងារ​ទូទៅ​នៅ​អារ៉ាប់​នៅ​ខែមីនា​

​ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និយាយថា កម្ពុជា​ត្រៀម​បញ្ជូន​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​ក្នុង​ទីក្រុង រី​យ៉ា​ត ប្រទេស​អា​ប៊ី​សា​អូឌីត ជា​លើកដំបូង ក្រោយពី​ក្រុមការងារ​កម្ពុជា និង​អារ៉ាប់​ពិភាក្សាគ្នា​រួចរាល់ នៅ​ខែមីនា ឆ្នាំ​២០១៦​នេះ​។ យ៉ាងណា លោក​ពុំ​អាច​បញ្ជាក់​ពី​តួលេខ​ជាក់លាក់​នៅឡើយ​។​

​ក្រោយពី​លោក អ៊ិត សំហេង ថ្លែង​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រ​ឆ្នាំ ២០១៥ ទិសដៅ​ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នាទី​ស្តី​ក្រសួង​ការងារ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​ស្ដីពី ការជ្រើសរើស​ពលករ​ការងារ​ផ្ទះ និង​ការងារ​ទូទៅ ជា​លើកដំបូង កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ លោក​ជឿជាក់ថា MOU រវាង​ភាគី​ទាំងពីរ នឹង​ជួយ​ពលករ​ខ្មែរ​ទទួលបាន​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​ល្អប្រសើរ ដោយសារ​អារ៉ាប់​ប៊ី​សា​អូឌីត​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ ដែល​ប្រជាជនមាន​ចំណូល​មធ្យម​ជាង ២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​

​លោក​ថា​៖«​យើង​នឹង​រៀបចំ​ក្របខណ្ឌ​បច្ចេកទេស​នានា ដើម្បី​ធ្វើ​យ៉ាងម៉េច​បន្ថយ​ហានិភ័យ​របស់​ពលករ​។ ជាពិសេស​នោះ ការ​ផ្តល់ព័ត៌មាន​ដល់​ពលករ មុននឹង​សម្រេច​ទៅធ្វើ​ការងារ​នៅ​ទីនោះ ដោយ​បង្ហាញ​ទាំង​ប្រាក់​ឈ្នួល ទាំង​លក្ខខណ្ឌ​ការងារ ហើយ​ពេល​ទៅ​ក៏មាន​ប្រព័ន្ធ​តាមដាន​គ្រប់គ្រង ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​រងគ្រោះ​ដោយ​ការជួញដូរ ឬ​កេង​ប្រ​វ័​ញ​នៅពេល​ធ្វើ​ការងារ​»​។​

កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅធ្វើ​ការ​តាម​ផ្ទះ និង​ការងារ​ទូទៅ​នៅ​អារ៉ាប់​នៅ​ខែមីនា​

​បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ននេះ ក្រសួង​បាន​ពលករ​ស្របច្បាប់​ចំនួន ៦២​ម៉ឺន​នាក់​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ក្នុងនោះ ប្រទេស​ថៃ​ចំនួន ៥៤​ម៉ឺន​នាក់ ម៉ាឡេស៊ី​ចំនួន​ជាង ៣​ម៉ឺន​៨​ពាន់​នាក់ ជប៉ុន​ចំនួន ២២៨៨​នាក់ សិង្ហ​បុរី​ចំនួន ៤០១​នាក់ និង​កូរ៉េ​ចំនួន ៤៤៣៣០​នាក់ ដែល​ទទួលបាន​ប្រាក់ចំណូល​ជា​មធ្យម​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។ រីឯ ពលករ​ខុសច្បាប់​មាន​ចំនួន ៤០​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ម៉ា ឡេ​ស៊ី និង​មួយចំនួនទៀត នៅក្នុង​ប្រទេស​កូរ៉េ​។​

កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅធ្វើ​ការ​តាម​ផ្ទះ និង​ការងារ​ទូទៅ​នៅ​អារ៉ាប់​នៅ​ខែមីនា​

​តែ​យ៉ាងណា ចំពោះ​ពលករ​ខុសច្បាប់ លោក អ៊ិត សំហេង បាន​អះអាងថា ក្រសួង​កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ជួយ​ពលករ​ដែល​មិនទាន់​ស្របច្បាប់ តាមរយៈ​កិច្ច​ការទូត និង​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ឲ្យ​ពួកគេ​ទទួលបាន​ភាពស្របច្បាប់​វិញ​៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​