ព្រៃឈើក្នុងដែនអភិរក្សជំរកសត្វព្រៃភ្នំឱរ៉ាល់ប្រមាណ១០ហិកតា នៅតំបន់ចំការម៉ុច ស្រុកទឹកផុសត្រូវបានឈ្មោះលី ស៊ិន និងប៉ក់ចូលឈូសឆាយយកដីធ្វើជាកម្មសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ ដីព្រៃឈើក្នុងដែនអភិរក្សជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុចចំការម៉ុច ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ប្រមាណ១០ហិកតាត្រូវបានគេលួចឈូសឆាយយកដីធ្វើជាកម្មសិទ្ធ ដោយឡែកដីព្រៃប្រមាណ ២០០ហិកតាទៀតក៍ត្រូវបានគេបោះតំរ៉ុយ និងដាក់ផ្លាកឈ្មោះបំពានយកជាកម្មសិទ្ធដោយមិនខ្លាចមន្ត្រីបរិស្ថាន ដែលនៅឈរជើងការពារតំបន់នោះឡើយ មិនតែប៉ុណ្ណោះថែមទាំងបានគំរាមសមត្ថកិច្ចមិនអោយប៉ះ ពាល់គ្រឿង ចក្ររបស់ពួកគេទៀតផង ករណីនេះបានកើតឡើងជាង១ខែមកហើយ សមត្ថកិច្ចកំពុងសុំអន្តរាគមន៍ពីថ្នាក់លើ។

នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ អ្នកយកព័ត៌មានមួយក្រុមបានចុះទៅថតរូបភាពនៅ ក្នុងតំបន់ខាង លើនេះដោយផ្ទាល់ និងបានពិនិត្យឃើញព្រៃឈើមួយមចំនួនត្រូវបានគេកាប់ដួលរលំ មួយចំនួនកំពុងដុតបំផ្លាញ និងដីព្រៃមួយចំនួនទៀតបានកំពុងត្រូវបានគេឈូសឆាយពង្រាបដីវាលអស់ទៅហើយ។ ដោយឡែកក៏ឃើញមាន គ្រឿងចក្រ៤គ្រឿងកំពុងឈូសកកាយប្រព័ន្ធប្រឡាយទឹកដែលបង្ហូរចុះពីភ្នំចូលមកដីរបស់ពួកគេ។

នៅរសៀលថ្ងៃដដែល លោក បឿ ប៊ុនថន នាយកគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ ទាក់ទងនឹងរឿងខាងលើនេះ លោកបានស្រាវជ្រាវដឹងថាអ្នកឈូស ឆាយដីនៅទីនោះឈ្មោះ លី ស៊ិន ហៅសឿន ភេទប្រុស អាយុ៦០ឆ្នាំ និងឈ្មោះ ប៉ក់ រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គេទាំង២នាក់បានប្រើប្រាស់គ្រឿងចក្រ៤គ្រឿងមានអេស្កាវាទ័រ១គ្រឿង អាប៊ុល១គ្រឿង និងត្រាក់ទ័រ២គ្រឿង បានលួចចូលឈូសឆាយដីព្រៃនៅតំបន់ដែនជម្រកសត្វនេះរយៈពេល១ខែមកហើយ លើផ្ទៃដីប្រមាណ១០ហិកតា និងបានឈូសផ្លូវទទឹង៥ម៉ែត្រ បណ្តោយប្រមាណជាង២ពាន់ម៉ែត្រ និងបានបំផុសអោយពលរដ្ឋទៅកាប់បំផ្លាញព្រៃ ក្នុងដែនជម្រកចាប់យកដីលក់អោយពួកគេប្រមាណជាង២រយហិកតាថែមទៀត។

ដោយឡែក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ មកដល់ពេលនេះ ពួកគេបានបិតស្ទឹងស្រែទៀក ដើម្បីបង្វែរទឹកអោយហូរចូលមកដីរបស់គេឈូសឆាយ ដែលការបិទក្បាលទឹកស្ទឹងចំណុចនេះ បានធ្វើអោយប៉ះពាល់ដល់ប្រជាកសិករជាច្រើនពាន់គ្រួសារក្នុងស្រុកទឹកផុស និងស្រុករលាប្អៀរដែលរស់នៅអាស្រ័យទឹកស្ទឹងនេះ។ ចំណែកឈ្មោះ លី ស៊ិន ជាអ្នកឈូសឆាយដីធ្លាប់ត្រូវបានមន្ត្រីជំនាញ ហៅមកធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះជាច្រើនលើកមកហើយ ប៉ុន្តែគេមិនស្តាប់ឡើយព្រមទាំងគំរាមប្រមាថសមត្ថកិច្ចផ្តាំផ្ញើតាមរយៈប្រជាពលរដ្ឋទៀតផង និងថែមទាំងនិយាយថា ក្នុងរឿងនេះគេនឹងទៅជួបលោកអភិបាលខេត្ត លោករដ្ឋមន្ត្រីក្រសួងបរិស្ថានពេលណាក៏បានដែរដោយគេមិនខ្លាចញញើតមន្ត្រីជំនាញនៅតំបន់នោះឡើយ។ ទាក់ទងនឹងរឿងនេះលោក នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបញ្ជាក់ថា លោកបានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត និង រដ្ឋមន្ត្រីក្រសួងបរិដ្ឋាន ក្នុងពេលថ្មីៗនេះរួចហើយ ដើម្បីសុំកិច្ចអន្តរាគមន៍។

ចំណែក លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុសនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈនេះដែរ បានអោយដឹងថា៖ ចំពោះព័ត៌មាននេះលោកទើបតែទទួលបានពីមន្ត្រីការពារដែនអភិរក្សជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែរ ហើយនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ លោកបានចាត់តាំងលោកអភិបាលរងស្រុកម្នាក់ដឹកនាំក្រុមការងារ ចុះទៅស្រាវជ្រាវអោយបានច្បាស់លាស់ជុំវិញករណីខាងលើនេះសិន ដើម្បីមានវិធានការណ៍ទប់ស្កាត់កុំអោយមានការឈូសឆាយដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បន្តទៀត។ ប៉ុន្តែប្រសិនអ្នកឈូសឆាយនោះនៅតែរឹងទទឹងមិនស្តាប់អាជ្ញាធរស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងអោយឡើយ។

ដោយឡែកអ្នករងការចោទប្រកាន់ថាបានឈូសឆាយដីព្រៃ ឈ្មោះ លី ស៊ិន និងឈ្មោះ ប៉ក់ មិនអាចសុំការបំភ្លឺបានទេដោយពេលក្រុមការងាររបស់ស្រុក និងក្រុមអ្នកកាសែតចូលទៅរកជួបគាត់មិននៅ និងពុំមានលេខទូរសព្ទ័ទាក់ទងសួរនាំឡើយ៕ រិទ្ធិ ជ័យ

KA-17-02-2016-06 KA-17-02-2016-10 KA-17-02-2016-08 KA-17-02-2016-15