ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​ដែល​ចត​ស្ងៀម​នៅ​នឹង​ចិញ្ចើមថ្នល់ បណ្តាល​អោយ​បោក​ក្បាល​ជាមួយ​និង​គូថ​រថយន្ត​រហូត​បាក់​ក​ស្លាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ដោយសារ​តែ​នៅ​លើ​ខ្លួនប្រាណ​ពុំ​មាន​ឯកសារ អ្វី​ទាំងអស់ ហើយ​ក៏​ពុំ​មាន​ធំក្លិន​ស្រា​ដែល​កំណត់​ថា​ស្រវឹង​នោះ​ដែរ​។​ជន​រង​គ្រោះ​មាន សម្បុរ​ស្រអែម សក់​ក្រហមឆេះ ពាក់អាវ​ក្នុង​ដៃ​វែង​ព​ណ៍​ស អាវ​ក្រៅ​ដៃ​វែង​ព​ណ៍​ខៀវ ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ខៀវ អាយុប្រមាណ​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក viva ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​តាកែវ​-1I 5674 និង​មាន​កាបូប​ខ្មៅ​មួយ​ផង​ដែរ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ចូល​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​១​គ្រឿង ដែល​ចត​ស្ងៀម​នៅ​ចិញ្ចើមថ្នល់ បណ្តាល​អោយ​ជន​រង​គ្រោះ ហោះ​ផ្លោង​ទៅ​បុក​ក្បាល​ជាមួយ​គូថ​រថយន្ត រហូត​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ល្វា​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង កើតហេតុ និង​ធ្វើ​ចរាចរណ៍​សម្រួល​កុំ​ឲ្យ​មានការ​កកស្ទះ​និង​ក្រោយមក​បាន​នាំ​យក​ម៉ូតូ​ជន រង​គ្រោះ ទៅ​រក្សារ​ទុក​នៅ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ល្វា ហើយ​យក​សព​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ ក្នុង​វត្ត​ក្បែរ​នោះ រង់ចាំ​សាច់ញាតិ​ទៅ​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕