បារាំងបំពាក់គ្រឿង ឥស្សរិយយស ផ្នែកអប់រំ ថ្នាក់អស្សឫទ្ធិ ជូនអ្នកគ្រូ នាង ផល្លា

ភ្នំពេញ៖ រាជរដ្ឋាភិបាលបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា លោក ហ្សង់ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសផ្នែកអប់រំ (Ordre des Palmes Académiques) ថ្នាក់អស្សឫទ្ធិ ជូនអ្នកគ្រូ នាង ផល្លា គ្រូបង្រៀន នៃសាលាអង្គការគ្រួសារថ្មី និងជាអ្នកសម្របសម្រួល កម្មវិធីជាតិនៃ ការអប់រំសម្រាប់កុមារពិការភ្នែក និងគថ្លង់។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងក្នុងកម្មវិធីប្រារព្ធខួបលើកទី ២៥ឆ្នាំ របស់អង្គការគ្រួសារថ្មី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានរៀបរាប់ពីប្រវត្តិការងាររបស់ អ្នកគ្រូ នាង ផល្លា ក្នុងការបង្ហាត់បង្រៀនកុមារពិការភ្នែក។ ក្រោយរត់គេចចេញពីរបបខ្មែរក្រហម អ្នកគ្រូបានទទួលការបណ្តុះបណ្តាល ពីអង្គការសហប្រជាជាតិក្នុងជំរុំជនភៀសខ្លួន នៅប្រទេសថៃ មុនពេលបានទៅបង្រៀន និងដឹកនាំសាលាកុមារពិការភ្នែកក្នុងជំរំ។

នៅពេលលោកស្រីត្រឡប់មកកាន់មាតុប្រទេសវិញ នៅក្នុងឆ្នាំ១៩៩១ អ្នកគ្រូបានទាក់ទង ជាមួយអង្គការគ្រួសារថ្មី ដើម្បីជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលពិសេសមួយសម្រាប់កុមារទាំងនេះ។ កិច្ចសហប្រតិបត្តិការនេះ បាននាំឲ្យមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់លើកដំបូងនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៣។

អ្នកគ្រូ ក៏បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ (សម្រាប់កុមារពិការភ្នែក) ដំបូងគេបង្អស់នៅកម្ពុជា ហើយបានរួមចំណែកបង្កើតអក្សរប្រាយជាភាសាខ្មែរ។ ការងារ និងការប្តេជ្ញាចិត្តរបស់លោកស្រីត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិដោយសារ អ្នកគ្រូ នាង ផល្លា ស្ថិតក្នុងចំណោមបេក្ខជន១០រូប ដើម្បីដណ្តើមពានរង្វាន់គ្រូ បង្រៀនឆ្នើមពិភពលោក (Global Teacher Prize) ។ ដំណឹងនេះត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ដែលជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំផងដែរ។

ដោយសារប្រវត្តិការងារគំរូនេះហើយ ទើបប្រទេសបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសអប់រំ ជូនដល់អ្នកគ្រូ នាង ផល្លា ហើយកាយវិកានេះក៏ជាសក្ខីភាព បញ្ជាក់ពីការទទួលស្គាល់ និងលើកទឹកចិត្តរបស់បារាំងចំពោះអ្នកគ្រូ ដែលជាគ្រូបង្រៀន និងជាស្រ្តីមួយរូប មានដំណើរជីវិត និងប្រវត្តិការងារដ៏គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា មេដាយអប់រំ គឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយរបស់សាធារណរដ្ឋបារាំង ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៨០៨ ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះ ក៏ត្រូវបានបំពាក់ផងដែរ ដល់បុគ្គលមិនមែនជាគ្រូបង្រៀន តែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕

បារាំងបំពាក់គ្រឿង ឥស្សរិយយស ផ្នែកអប់រំ ថ្នាក់អស្សឫទ្ធិ ជូនអ្នកគ្រូ នាង ផល្លា

បារាំងបំពាក់គ្រឿង ឥស្សរិយយស ផ្នែកអប់រំ ថ្នាក់អស្សឫទ្ធិ ជូនអ្នកគ្រូ នាង ផល្លា