អ្នក​សារព័ត៌មាន​ជំរុញ​ឲ្យ​លោក ចន ឃែរី ​ធ្វើ​តាម​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​សុវត្ថិភាព​ពួកគេ

អ្នក​សារព័ត៌មាន​ជំរុញ​ឲ្យ​លោក ចន ឃែរី ​ធ្វើ​តាម​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​សុវត្ថិភាព​ពួកគេ

លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់សន្និសីទសារព័ត៌មាន (Press Statement) អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅសណ្ឋាគារ Raffle Le Royal នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)ក្រុម​អង្គការ​សមាគម​ការពារ​អ្នក​កាសែត​ធំៗ​ចំនួន​៣០​នៅ​ជុំវិញ​ពិភពលោក បាន​ជំរុញ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry) ឲ្យ​រក្សា​ការ​សន្យា​របស់​លោក ក្នុង​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន។ វ៉ាស៊ីនតោន—

ក្រុម​អង្គការ​សមាគម​ការពារ​អ្នក​កាសែត​ធំៗ​ចំនួន​៣០​នៅ​ជុំវិញ​ពិភពលោក បាន​ជំរុញ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry) ឲ្យ​រក្សា​ការ​សន្យា​របស់​លោក ក្នុង​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន ជាពិសេស​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។ នេះ​បើ​យោង​តាម​លិខិតរបស់​ក្រុម​អង្គការ​សមាគម​អ្នក​សារព័ត៌មាន​ទាំង​នេះ ដែល​បាន​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​ទៅ​កាន់​លោក ចន ឃែរី កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

ការ​ផ្ញើ​លិខិត​របស់​ក្រុម​អង្គការ​សមាគម​ការពារ​អ្នក​កាសែត​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​លោក ឃែរី កាល​ពី​ឆ្នាំ​មុន​បាន​រៀបចំ​សន្និសីទ​ដ៏​សំខាន់​មួយ​ ដើម្បី​ស្វែង​រក​វិធីសាស្ត្រ​នានា ក្នុង​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ទាំង​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​ជាក់លាក់ ទាំង​អ្នក​សារព័ត៌មាន​គ្មាន​ស្ថាប័ន​ជាក់លាក់ ។

បណ្ដុំ​អង្គការ​សមាគម​ការពារ​អ្នក​កាសែត​ទាំង​នេះ​បាន​សរសេរ​នៅ​ក្នុង​លិខិត​របស់​ពួកគេ​ថា៖​«ពួក​យើង​សរសេរ​លិខិត​នេះ ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ជាមួយ​លោក [ឃែរី] អំពី​កិច្ច​ប្រឹងប្រែង​ ដែល​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល ​ព្រម​ទាំង​អ្នក​សារព័ត៌មាន​ខ្លួន​ឯង​ផ្ទាល់​បាន​និង​កំពុង​ធ្វើ ដើម្បី​ការពារ​អ្នក​សារព័ត៌មាន ហើយ​ក៏​ស្នើ​សុំ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពី​លោក [ឃែរី] ផង​ដែរ​ អំពី​ការ​ប្តេជ្ញា​ចិត្ត ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​នោះ»។

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ២០១៥ ​សម្ព័ន្ធ​អង្គការ​សារព័ត៌មាន​ និង​ក្រុមហ៊ុន​សារព័ត៌មាន​ធំៗ​បាន​ប្រមូល​ផ្តុំ​គ្នា ​ដើម្បី​អនុម័ត​គោលការណ៍​ស្តី​ពី​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ ដែល​គ្មាន​ស្ថាប័ន​ជាក់លាក់​ឬ ​Freelance Journalist Safety Principles។ គោលការណ៍​នេះ​មាន​គោល​បំណង​បង្កើត​វប្បធម៌​សុវត្ថិភាព​នៅ​តាម​អង្គការ​សារព័ត៌មាន​អន្តរជាតិ។

រហូត​មក​ដល់​ពេល​នេះ មាន​អង្គការ​ជាង​៩០​ហើយ​បាន​ចុះ​ហត្ថលេខា​គាំទ្រ​គោលការណ៍​នេះ។

ក្រុម​អង្គការ​សមាគម​ការពារ​អ្នក​កាសែត ដែល​រួម​ទាំង​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន (Committee to Protect Journalists ) និង​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ជាដើម បាន​លើកឡើង​នៅ​ក្នុង​លិខិត​របស់​ពួកគេ​ថា នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​របស់​ក្រុម​អង្គការ​សារព័ត៌មាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ឆ្នាំ​មុន លោក ចន ឃែរី បាន​ធ្វើ​ការ​ប្តេជ្ញា​ថា នឹង​បង្កើត​«ផែនទី​បង្ហាញ​ផ្លូវ»​មួយ សម្រាប់​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ធ្វើ​ការ​ទៅ​លើ​បញ្ហា​សុវត្ថិភាព​អ្នក​សារព័ត៌មាន​នេះ។ ប៉ុន្តែ ក្រុម​អង្គការ​ទាំង​នេះ និយាយ​ថា មួយ​ឆ្នាំ​ក្រោយ​មក ដំណើរការ​នេះ​មាន​ភាព​យឺតយ៉ាវ។

ដូច្នេះ ​ពួកគេ​បាន​ជំរុញ​ឲ្យ​លោក ឃែរី ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ​ដោយ​ផ្តោត​ទៅលើ​ចំណុច​បី​សំខាន់ៗ ​គឺ​ទី​១ ​បង្កើត​ពិធីការ​ឲ្យ​ស្ថានទូត​ និង​បេសកកម្ម​អាមេរិក​អំពី​របៀប​ជួយ​អ្នក​សារព័ត៌មាន​ ដែល​ធ្វើ​ការ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ ទី​២ ​ឲ្យ​ស្ថាន​បេសកកម្ម​ទាំង​នេះ ​ធ្វើ​ការ​ជាមួយ​បណ្ដា​ប្រទេស​ ដែល​ហាម​ឃាត់​មិន​ឲ្យ​នាំចូល​សម្ភារៈ​សម្រាប់​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ និង​ទី៣ គឺ​ដាក់​បញ្ហា​និទណ្ឌភាព​នៃ​ការ​សម្លាប់​អ្នក​កាសែត ជា​បញ្ហា​ការទូត​មួយ​របស់​អាមេរិក​ជាមួយ​ប្រទេស​ដទៃ​ទៀត។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រុម​អង្គការ​សារព័ត៌មាន​ដដែល​នេះ៕