តុលាការ​បើក​សវនាការ​កាត់​ទោស​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង

តុលាការ​បើក​សវនាការ​កាត់​ទោស​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង

អ្នក​គាំទ្រ​​លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ (រូបថត​ផ្តល់​ឲ្យ)ការ​ចោទ​ប្រកាន់​ លោក​ វ៉ែន វ៉ន​ ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ឆ្នាំ​មុន​ ដោយ​តុលាការ​ខេត្ត​កោះ​កុង។​ តុលាការ​បាន​ចោទ​ប្រកាន់​ លោក​ វ៉ែន វ៉ន​ ថា​ បាន​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​ភូមិច្រក​ឬស្សី​ ឃុំ​ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​ កាល​ពី​ថ្ងៃ​ទី៨​ ខែមករា​ ឆ្នាំ​២០១៥។ ភ្នំពេញ—

តុលាការ​ខេត្តកោះកុង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​លោក​ វ៉ែន​ វ៉ន​ សកម្ម​ជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង​ ដែល​ជាប់​ចោទ​ពី​បទ​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ ​ដោយ​គ្មាន​លិខិត​អនុញាត​ និង​បទ​លុបបំបាត់​ភស្តុតាង។​ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​តុលាការ​នៅ​ក្នុង​ខេត្ត​កោះ​កុង។​

ការ​ចោទ​ប្រកាន់​ លោក​ វ៉ែន វ៉ន​ ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ឆ្នាំ​មុន​ ដោយ​តុលាការ​ខេត្ត​កោះ​កុង។​ តុលាការ​បាន​ចោទ​ប្រកាន់​ លោក​ វ៉ែន វ៉ន​ ថា​ បាន​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​ភូមិច្រក​ឬស្សី​ ឃុំ​ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​ កាល​ពី​ថ្ងៃ​ទី៨​ ខែមករា​ ឆ្នាំ​២០១៥។​ តុលាការ​បាន​ឃុំ​ខ្លួន​លោក​ វ៉ែន វ៉ន ដែល​ជា​តំណាង​សហគមន៍​អារ៉ែង​ និង​ជា​ជនជាតិ​ដើម​ភាគតិច​ កាល​ពីដើម​ខែតុលា​ ឆ្នាំ​២០១៥។​

លោក​ អ៊ីន គង់​ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះ​កុង​ ថ្លែង​ប្រាប់​ VOAថា តាម​ការ​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​ធ្វើឡើង​នៅ​សាលាដំបូង​ខេត្ត​កោះ​កុង​បង្ហាញ​ថា​ លោក​ វ៉ែន​ វ៉ន​ ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។​ លោក​ថា​ តុលាការ​ត្រូវ​ពិនិត្យ​មើល​អង្គហេតុ​ឱ្យ​បាន​ច្បាស់​ សម្រាប់​ការ​ប្រកាស​សាល​ក្រម​ដល់​សំណុំ​រឿង​នេះ។ សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី៣​ ខែមីនា​ ខាង​មុខ​នេះ។

«ចំពោះ​យើង​ យើង​សង្ឃឹម​ថា​ ចៅក្រម​ លោក​នឹង​ពិចារណា​ទៅលើ​អង្គហេតុ​ព្រឹកមិញ​ ដោយ​គតិ​យុត្តិធម៌។​ យើង​សង្ឃឹម​ថា​ តុលាការ​នឹង​ផ្តល់​ភាព​យុត្តិធម៌​ដល់​រូបគាត់»។​

មន្ត្រី​សិទ្ធិមនុស្សរូបនេះ​ បញ្ជាក់​បន្ថែម​ថា​ នៅ​ក្នុង​សវនាការ​ដែល​ធ្វើ​ឡើង​ពី​ម៉ោង៨​និង​៣០​នាទី​ រហូតដល់​ម៉ោង​១១ព្រឹក​ថ្ងៃ​ពុធ​នេះ​ ពុំមាន​វត្តមាន​លោក​ កែវ នីបូរ៉ា​ អភិបាល​រងស្រុក​ថ្មបាំង​ ដែល​ជា​សាក្សី​ដល់​ភាគី​ដើមបណ្តឹង​ប្រឆាំង​នឹង​លោក​ វ៉ែន វ៉ន​ នោះ​ទេ។​

ក៏ប៉ុន្តែ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​ដែល​ជា​ដើមបណ្តឹង​ ហើយ​និង​សាក្សី​របស់​ជន​ជាប់​ចោទ​ចំនួន​៤រូប ក៏ដូច​ជាមេធាវី​ជនជាប់​ចោទ​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​នោះ។​ នៅចុង​បញ្ចប់​នៃ​សវនាការ​ដដែល​នេះ​ លោក​ វ៉ែន វ៉ន​ បាន​សើ្ន​ឲ្យ​តុលាការ​ដោះលែង​រូប​លោក​ ដោយសារ​លោក​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។​

សកម្មជន​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​របស់​លោក​ វ៉ែន​ វ៉ន​ ធ្លាប់​បាន​បញ្ជាក់​ថា ​អ្នក​ការពារ​បរិស្ថាន​រូប​នេះ​មិន​បាន​កាប់​ឈើ​ទេ​ គឺ​លោក​គ្រាន់​តែ​បាន​ទិញ​ឈើ​ ដែល​គេ​កាប់​រួច​ស្រេច​យក​មក​ធ្វើ​ទីស្នាក់​ការ​សហ​គមន៍ ​ដើម្បី​បម្រើ​ការងារ​សហគមន៍​តែប៉ុណ្ណោះ។​

លោក​ អ៊ីវ​ ត្រាយ​ ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​ខេត្ត​កោះ​កុង​ ថ្លែង​ថា​ ការ​លើក​ពេល​ប្រកាស​សាល​ក្រមនេះ​ធ្វើ​ឡើង​ ដោយសារ​តែ​តុលាការ​ពុំមាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ពុធនេះ។​

«អានេះ​ វា​ជា​នីតិវិធី​របស់​តុលាការ​ តុលាការ​គេ​មាន​សិទ្ធិលើក​ពេល​ប្រកាស​សាល​ក្រម។​ តែ​គេ​រៀប​ចំ​សាល​ក្រម​អត់​ទាន់​ គេ​នឹង​លើក​ទៅ​ពេល​ក្រោយ»។​

លោក​ឲ្យ​ដឹង​ផងដែរ​ថា អវត្តមាន​របស់​សាក្សី​គឺ​លោក​ កែវ នីបូរ៉ា​ អភិបាល​រងស្រុក​ថ្មបាំង​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សវនាការ​នោះ​ទេ​ ពីព្រោះ​សាក្សី​រូប​នេះ​បាន​ផ្តល់​ចម្លើយ​គ្រប់​គ្រាន់​លើ​សំណុំ​រឿង​លោក​ វ៉ែន​ វ៉ន​ នេះ​រួច​ទៅ​ហើយ។​ លោក​ថា​ ការ​សម្រេច​លើ​សំណុំ​រឿង​ក្តី​នេះ​ ឬ​យ៉ាងណា​នោះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ ដោយ​លោក​មិន​ធ្វើ​អធិប្បាយ​លើ​ភាព​ស្អាតស្អំ​របស់​លោក​ វ៉ែន​ វ៉ន​ ដែល​ផ្តល់​ដោយ​សាក្សី​នោះ​ទេ។​

រីឯ​លោក​ កែវ នីបូរ៉ា​ អភិបាល​រង​ស្រុក​ថ្ម​បាំង​ មាន​ប្រសាសន៍​ថា​ លោក​ពុំ​បាន​ទៅ​ចូលរួម​សវនាការ​នោះ​ទេ​ ពីព្រោះ​លោក​ជាប់​រវល់​បំពេញ​ភារកិច្ច​ប្រចាំ​ថ្ងៃ​របស់​លោក។​

ពលរដ្ឋ​ក្នុង​សហគមន៍​អារ៉ែង​ធ្លាប់​បាន​ចូលរួម​យុទ្ធនាការ​ជាច្រើន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ទំបន់ វារីអគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​តំបន់​នេះ។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏​ធ្លាប់​បាន​ព្រមាន​មិន​ឱ្យ​មាន​ការ​រារាំង​មន្ត្រី​រដ្ឋាភិបាល​ ដែល​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​នោះ​ ដោយ​លោក​គំរាម​ថា​ អ្នក​ដែល​ហ៊ាន​ធ្វើ​អន្តរាគមន៍​ក្នុង​តំបន់​នោះ​ នឹង​រង​ការ​បាញ់​កាំជ្រួច​ហ្វូង​ជាដើម។​ ការ​តវ៉ា​ និង​យុទ្ធនាការ​ជា​អន្តរជាតិ​របស់​ពួកគេ​ បាន​នាំ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ផ្អាក​គម្រោង​នេះ​រហូតដល់​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​

លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បាន​ហៅ​សកម្មជន​បរិស្ថាន​ ដែល​ជំទាស់​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ថា​ ជា​ក្រុម​បរិស្ថាន​ជ្រុល​និយម​ ដែល​មិន​ព្រម​ទទួល​យក​ការ​អភិវឌ្ឍ​ថ្មីៗ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​រាប់​លាន​នាក់។

អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ផលិតផល​អគ្គិសនី​ដែល​បាន​ពី​ការ​អភិវឌ្ឍ​តំបន់​អារ៉ែង​ គឺ​មិន​ស្មើ​នឹង​ទំហំ​ខូចខាត​ព្រៃ​ធម្មជាតិ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​នោះ​ទេ​៕