តុលាការខ្មែរ​ក្រហម​បំបែក​សំណុំ​រឿង​អ្នកស្រី​អ៊ឹម ចែម​ពី​សំណុំរឿង​០០៤

តុលាការខ្មែរ​ក្រហម​បំបែក​សំណុំ​រឿង​អ្នកស្រី​អ៊ឹម ចែម​ពី​សំណុំរឿង​០០៤

អ្នក​ស្រី​ អ៊ឹម​ ចែម​ អាយុ​ ៦៦ឆ្នាំ​ជា​អតីតៈ​អភិបាល​ស្រុក​ព្រះនេតព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ របស់​ខ្មែរ​ក្រហម។

តុលាការខ្មែរ​ក្រហម​បំបែក​សំណុំ​រឿង​អ្នកស្រី​អ៊ឹម ចែម​ពី​សំណុំរឿង​០០៤

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តីក្រហម​ទៅ​លើ​សំណុំ​រឿង​ក្តី​ ០០៣និង០០៤» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)ការ​បំបែក​សំណុំរឿង​នេះ​ធ្វើឡើង ​ដើម្បី​ផល​ប្រយោជន៍​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​ និង​ធានា​សិទ្ធិ​ជន​ត្រូវ​ចោទ​ក្នុង​ការ​ដឹង​អំពី​បទ​ចោទ​ប្រកាន់​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ការពារ​ខ្លួន​ក្នុង​ដំណើរការ​យុត្តិធម៌។ ភ្នំពេញ—

តុលាការ​ខ្មែរ​ក្រហម​ដែល​កំពុង​ធ្វើ​ការ​កាត់ទោស​មេដឹក​នាំ​កំពូល និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​អំពើ​ស​ម្លាប់​រង្គាល​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​បាន​សម្រេច​បំបែក​សំណុំរឿង​របស់​អ្នកស្រី​ អ៊ឹម ចែម ​ហៅ​ យាយ​ចែម​ ចេញ​ពី​សំណុំរឿង​០០៤ ​ដែល​មាន​កម្មាភិបាល​ខ្មែរ​ក្រហម ​ឱ អាន ហៅ​ តា អាន​ និង យឹម ទិត​ ហៅ ​តាទិត។

​លោក នេត្រ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃពុធ​ថា ​ទាំង​សហចៅក្រម​ភាគី​ជាតិ​ និង​អន្តរជាតិ​បាន​ធ្វើការ​សម្រេច​នេះ​រួមគ្នា។ លោក​ឲ្យ​ដឹង​ថា ​សំណុំ​រឿង​របស់​លោកស្រី​ អ៊ឹម ចែម​ ត្រូវ​បាន​បំបែក​ជា​សំណុំរឿង​០០៤/០១។

«ហើយ​ការ​បំបែក​គឺ​មាន​សារៈ​ប្រយោជន៍​ទីមួយ ​ដោយ​សារតែ​គេ​មិន​អាច​រង់ចាំ​រហូត​ទៅ​ដល់​ការ​ស៊ើប​អង្កេត​បញ្ចប់​ទៅ​លើ​ជន​សង្ស័យ​ពីររូប​ផ្សេង​ទៀត​ទេ។ ​នៅ​ក្នុង​សំណុំ​រឿង​០០៤​ហ្នឹង​ គឺ​មាន​ ឱ អាន ​និង​ យឹម ទិត​ ដែល​កំពុង​ឋិត​នៅក្រោម​ការ​ស៊ើប​អង្កេត»។

អ្នក​នាំពាក្យ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ថា ​ការ​បំបែក​សំណុំរឿង​នេះ​ធ្វើឡើង ​ដើម្បី​ផល​ប្រយោជន៍​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​ និង​ធានា​សិទ្ធិ​ជន​ត្រូវ​ចោទ​ក្នុង​ការ​ដឹង​អំពី​បទ​ចោទ​ប្រកាន់​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ការពារ​ខ្លួន​ក្នុង​ដំណើរការ​យុត្តិធម៌។​

តុលាការខ្មែរ​ក្រហម​បំបែក​សំណុំ​រឿង​អ្នកស្រី​អ៊ឹម ចែម​ពី​សំណុំរឿង​០០៤

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តីក្រហម​ទៅ​លើ​សំណុំ​រឿង​ក្តី​ ០០៣និង០០៤» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក​បន្ថែម​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​សម្រេច​បំបែក​សំណុំ​រឿង​របស់​អ្នកស្រី អ៊ឹម ចែម​ គណៈស្រុក​ព្រះនេត្រ​ព្រះ​សម័យ​ខ្មែរក្រហម​ ចេញ​ពី​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ ព្រោះ​ការ​ស៊ើប​អង្កេត​ករណី​របស់​អ្នកស្រី​បាន​បញ្ចប់​ហើយ​ ហើយ​តុលាការ​បាន​ជូន​ដំណឹង​តាំង​ពី​ថ្ងៃ​ទី១៨​ ខែ​ឆ្នូ​ឆ្នាំ​មុខ។ ​លោក​បន្ថែម​ថា ​ករណី​របស់​អ្នក​ស្រី អ៊ឹម ចែម​ ដែល​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​នោះ​ មិន​អាច​ទុក​ឲ្យ​នៅ​ជាមួយ​ករណី​របស់​ ឱ អាន ​និង​ យឹម ទិត​ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នោះ​ទេ។​

លោក ​ឡាត់ គី​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​កាត់ទោស​ខ្មែរក្រហម​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ស្រុះ​ស្រួល​របស់​ភាគីជាតិ​ និង​អន្តរជាតិ​នៃ​សាលាក្តី​នេះ ​ដែល​កន្លង​មក​តែងតែ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​នេះ។​

«ការ​បំបែក​សំណុំ​រឿង​ជា​វគ្គៗ​អញ្ចឹង​ ខ្ញុំ​យល់​ឃើញ​ថា វា​ជាពន្លឺ​វិជ្ជមាន​មួយ​ដែល​សាលាក្តី​ខ្មែរក្រហម​នេះ​នឹង​រួតរះ​នៅ​ក្នុង​ការ​បង្ហាញ​មុខ​ជូន​សាធារណជន​ជា​ផ្លូវការ​នូវ​ជន​សង្ស័យ ដែលមាន​ឋានៈ​ជា​ជន​ជាប់ចោទ​នៅក្នុង​សំណុំ​រឿង​នេះ»។

លោក​ ឡាត់ គី​ សង្កេត​ឃើញ​ថា ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ភាគី​ជាតិ​ និង​ភាគី​អន្តរជាតិ​ចំពោះ​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤ នៅ​តែ​មាន ហើយ​ការ​សម្រេច​បំបែក​សំណុំរឿង​នេះ​នៅ​ត្រូវ​មាន​ការ​សម្រេច​របស់​តុលាការ​កំពូល​ទៀត។

«ធម្មតា​ការខ្វែង​គំនិត​គ្នា ​បើ​គ្មាន​យុទ្ធ​សាស្ត្រ​ក្នុង​ការ​បំបែក​សំណុំ​រឿង​នេះ​ទេ​ លទ្ធផល​ចុង​ក្រោយ​នឹង​ធ្វើ​ឲ្យ​សាធារណ​ជន​ ជាពិសេស​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​ការ​អស់​សង្ឃឹម​ទៅលើ​ចំណាត់​ការ​របស់​សាលាក្តី​មួយ​នេះ​ បាទ»។

VOA ​បាន​ព្យាយាម​ទាក់​ទង​អ្នកស្រី​ អ៊ឹម ចែម ​តាម​ទូរស័ព្ទ​ដែល​គាត់​ធ្លាប់​ប្រើ ​តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ទោះជា​យ៉ាងណា​ក្តី​ ពេល​ VOA ​បាន​ទៅ​ជួប​សម្ភាសន៍​អ្នក​ស្រី​ អ៊ឹម ចែម ​នៅ​ផ្ទះ​របស់​អ្នកស្រី​នៅ​ស្រុក​អន្លង់វែង​ កាលពី​ឆ្នាំ២០១៥​នោះ ​គណៈ​ស្រុក​ព្រះនេត្រ​ព្រះ​សម័យខ្មែរក្រហម​រូបនេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ។​

«ខ្ញុំ​ងាក​មក​ខ្វល់ខ្វាយ​ពី​រឿង​អ្នក​ដែល​រាយ​ការណ៍​ចោទ​ខ្ញុំ​វិញ។ មិន​ដឹង​ជា​ឈ្មោះ​ណា​មួយ​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ហ្នឹង​...​.ចោទ​ខ្ញុំ​ហ្នឹង។ រឿង​សុទ្ធតែ​ជារឿង​អាយុ​ជីវិត​ ហើយ​ពាក់ព័ន្ធ​ខាង​នយោបាយ។ ហើយ​ខុស​ពី​ការ​អនុវត្ត​ ការ​ប្រព្រឹត្តិ​របស់​ខ្ញុំ ​ផ្ទុយ​គ្នា​ស្រឡះ​ដូច​មេឃ​នឹង​ដី»។

ដូច​គ្នា​នេះ​ផង​ដែរ ​នៅផ្ទះ​របស់​លោក​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ លោក​ ឱ អាន​ ហៅ តា​ អាន អនុគណៈ​តំបន់​មជ្ឈិម​សម័យ​ខ្មែរក្រហម​ បាន​បដិសេធ​ ដោយ​បង្ហាញ​សេចក្តី​ក្លាហាន​ដែល​បង្កប់​ដោយ​កំហឹង។

«បច្ចុប្បន្ន​នេះ​ក៏​ខ្ញុំ​អត់​ភ័យ​នឹង​តុលាការ​ទេ។ ​ពេល​អនាគត​ទៅ​ទៀត​ ពេល​ខ្ញុំ​ស្លាប់​ ក៏​ខ្ញុំ​អត់ភ័យ​ហ្នឹង​យមបាល។ ​ខ្ញុំ​អត់​ភ័យ​ទេ! ​បុណ្យ​ឥឡូវ​ខ្ញុំ​ធ្វើ។ ​សិល៍​ខ្ញុំ​កាន់។​ ពី​មុន​មក ​ខ្ញុំ​អត់​មាន​កាប់​សម្លាប់​ ខ្ញុំ​ខ្លាច​យម​បាល?»

ដោយ​ឡែក​នៅថ្ងៃពុធ​នេះ​ដែរ​ តុលាការ​កាត់ទោស​ខ្មែរ​ក្រហម​បាន​បន្ត​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២/០១​របស់​ នួន ជា ​អគ្គ​លេខាធិការ​រង​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​របស់​ពួក​ខ្មែរក្រហម ​និង​ ខៀវ សំផន ​ប្រមុខ​រដ្ឋ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ។ ​

តុលាការ​សាលាដំបូង​សាលាក្តី​ខ្មែរក្រហម​បាន​កាត់​ទោស នួន ជា​ និង​ ខៀវ សំផន ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​កាលពី​ដើម​ខែ​សីហា​ ឆ្នាំ​២០១៤​ ក្រោម​បទ​សហ​ឧក្រិដ្ឋ​កម្ម​រួម​ សម្រាប់​ការ​ជម្លៀស​ប្រជាជន ​និង​ការ​សម្លាប់​រង្គាល។ ​នួន ជា និង​ ខៀវ សំផន​ ជា​មេ​ដឹកនាំ​កំពូល​ពីរនាក់​គត់​ ដែល​នៅរស់ ​ហើយ​ត្រូវ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និងឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍។

លោក​ នេត្រ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលាក្តី​នេះ​ បាន​ឲ្យ​ដឹង​ថា ​សវនាការ​បណ្តឹង​សាទុក្ខ​រយៈពេល​៣​ថ្ងៃ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨​ ខែ​កុម្ភៈ​នេះ។​ លោក​ឲ្យដឹង​ថា សាលក្រម​សម្រាប់​បណ្តឹង​សាទុក្ខ​នេះ​រំពឹង​ថា​ នឹង​ចេញ​នៅ​ចុង​ឆ្នាំ​២០១៦​នេះ៕