សម្តេច​ក្រឡាហោម ស ខេង​-​កឹម សុខា នឹង​ជួបគ្នា​ពិនិត្យមើល​ស្ថានការណ៍​នយោបាយ​និង​បញ្ហា​សេសសល់ នៅ​ថ្ងៃទី​១៩ កុម្ភៈ

ភ្នំពេញ:  សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​លោក កឹម សុខា ប្រធានស្តីទី​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច នៅក្នុង​រដ្ឋសភា គ្រោង​នឹង​ជួបគ្នា​នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា ដើម្បី​បន្ត​ពិភាក្សា​បញ្ហា​ដែល​នៅ​សេសសល់​ដែល​មិនទាន់បាន​ដោះស្រាយ និង​ស្ថានការណ៍​នយោបាយ​នាពេល​បច្ចុប្បន្ន​។​
​ 
  ​សម្តេច​ក​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​នៅក្រៅ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្តកណ្តាល​ថា សម្តេច​បានកំណត់​យក​ថ្ងៃទី​១៩ ខែកុម្ភៈ ជួប​ជា​គ្នា​ជាមួយ​លោក​កឹម សុខា តែ​សម្តេច​នៅ​មិនទាន់បាន​ទាក់ទង​ជាមួយ​លោក​កឹម សុខា​ ហើយ​បើ​លោក​កឹម សុខា ឯកភាព​គឺ​ប្រហែលជា​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ វេលា​ម៉ោង​៥​ល្ងាច​។
​   
​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្តថា តាម​សំណើ​របស់លោក​កឹម សុខា គឺមាន​ចំណុច​មួយ គឺ​ចំណុច​ទី​៣ នៃ​សេចក្តីប្រកាស​រួម​ទាក់ទង​ការរៀបចំ​មធ្យោបាយ​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​យកមក​ពិភាក្សា​នៅក្នុង​ជំនួប​។ ដោយ​សម្តេច​បានលើកឡើង​ចំពោះ​ជំនួប​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស នៃ​សភា IPU ជាមួយ​សម្តេច​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ គឺ​គេ​ស្នើសុំ​ជួប​លោក​ហុង សុខ​ហួរ នៅក្នុង​ពន្ធនាគារ ដោយ​សម្តេច​អនុញ្ញាត​ឲ្យ​ចូលទៅ​ជួប និង​សុំ​បង្កើន​វិធានការ​ការពារ​តំណាងរាស្ត្រ គឺ​សម្តេច​បាន​ចាត់វិធានការ​រួច​អស់ហើយ​។​
​    ​
​រីឯ​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឲ្យ​ដឹងថា សម្តេច​ក្រឡាហោម ស ខេង និង លោក​កឹម សុខា មាន​គម្រោង​ជួបគ្នា​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា វេលា​ម៉ោង​៥​ល្ងាច ដើម្បី​ពិនិត្យ​ស្ថានការណ៍​នយោបាយ​ទូទៅ ហើយនឹង​បញ្ហា​ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ​៕​