រក​ទិញ​ឯណា​បាន​អ៊​យ​ស្ទ័​រ​ស្រស់​នៅ​ក្រុងព្រះសីហនុ?

រក​ទិញ​ឯណា​បាន​អ៊​យ​ស្ទ័​រ​ស្រស់​នៅ​ក្រុងព្រះសីហនុ?

ដើរ​តាម​ច្រកចូល​ពី​ខាងក្រោយ​ផ្សារលើ គេ​អា​ចរក​ទិញ​​អ៊​យ​ស្ទ័​រស្រស់ៗជា​រៀងរាល់​ព្រឹក​បាន ដែលមាន​តម្លៃ​ត្រឹមតែ ៨ពាន់​រៀល ទៅ១ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ។ អ៊​យ​ស្ទ័​រទាំង​នោះ​ត្រូវបាន​បើក​សំបក​រួចជាស្រេច ហើយ​មាន​ដាក់លក់​ជាមួយនឹង​ទឹកជ្រលក់​បែប​ខ្មែរ។

 

រក​ទិញ​ឯណា​បាន​អ៊​យ​ស្ទ័​រ​ស្រស់​នៅ​ក្រុងព្រះសីហនុ?

 

 
អ្នកលក់​អ៊​យ​ស្ទ័​រ​នៅក្នុង​ផ្សារលើ​បាន​ឲ្យ​ដឹងថា គាត់​ទទួល​ទិញ​អ៊​យ​ស្ទ័​រទាំង​នេះ​សុទ្ធតែស្រស់ៗពី​ប្រជាជន​ដែល​ប្រកប​របរ​រក​អ៊​យ​ស្ទ័​រ​នៅ​កោះ​ព្រាប។ ប្រជាជន​ប្រកប​របរ​រក​អ៊​យ​ស្ទ័​រទាំង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចាម។ ពួកគាត់​ចេញ​ទូក​ទៅរក​អ៊​យ​ស្ទ័​រ​ពី​ល្ងាច និង​ត្រឡប់មកវិញ​នៅពេល​ព្រឹក ឯ​អ្នកលក់​នៅ​ផ្សារ​ត្រៀម​ទទួល​ទិញ​ជាស្រេច​ក្រោយ​បើក​សំបក និង​សំអាត​រួចរាល់។

 
អ៊​យ​ស្ទ័​រ​នៅ​ផ្សារលើ​ពិតជា​មិន​ពិបាក​រក​ទេ ព្រោះ​គេ​យក​លក់​ជាប្រចាំ និង​បកសំបក​រួចជាស្រេច​ទៀត ប៉ុ​ន្ទែ​វា​មាន​សភាពតូចៗបន្តិច។
សម្រាប់​អ្នក​ដែល​ពេញនិយម​ទទួលទាន​អ៊​យ​ស្ទ័​រ​នៅរស់ អា​ចរក​ទិញ​បាន​ពី​បុរស​ជនជាតិ​បារាំង​ម្នាក់​ដែលជា​អ្នក​ផលិត និង​មាន​កសិដ្ឋាន​ចិញ្ចឹម​អ៊​យ​ស្ទ័​រ​នៅ​កោះ​ព្រាប ដែល​លក់​ក្នុង១គីឡូក្រាម តម្លៃ៥ដុល្លារ ដោយ​ក្នុង១គីឡូ​មាន​អ៊​យ​ស្ទ័​រ​ប្រមាណ​ជា ២០ គ្រាប់។

 
រីឯ​អ្នក​ចូលចិត្ត​ទទួលទាន​អ៊​យ​ស្ទ័​រ​នៅរស់ ហើយធំៗទៀត អា​ចរក​ទិញ​បាន​ពី​អ្នកភូមិ​ស្ទឹងហាវ ដែល​ពួកគេ​តែង​ចំណាយពេល២ឬ៣ថ្ងៃ ទៅរក​អ៊​យ​ស្ទ័​រ​នៅលើ​កោះ និង​ត្រឡប់មកវិញ​ឈប់​សំចត​នៅ​ឆ្នេរ Blue Lagoon។ ហើយ​បើ​លោកអ្នក​ចង់បាន​អ៊​យ​ស្ទ័​រទាំង​នោះ លុះត្រាតែ​ធ្វើការ​បញ្ជារ​ទិញ​មុន​ពី​ប្រជាជន​ក្នុងភូមិ។

 

រក​ទិញ​ឯណា​បាន​អ៊​យ​ស្ទ័​រ​ស្រស់​នៅ​ក្រុងព្រះសីហនុ?

 

 

អត្ថបទ៖ កើត ចន្ទ្រា