៦ក្រុមឈ្នះថ្ងៃបើកឆាកពានហ៊ុនសែន តែខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គ្មានអ្នកឈ្នះ

ការប្រកួតបើកឆាកពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ប្រចាំឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅលើទីលានតាមខេត្តផ្សេងៗគ្នា កាលពីល្ងាចថ្ងៃពុធ ម្សិលមិញនេះ បានយកឃើញក្រុមឈ្នះបាន៦ពិន្ទុចំនួន៦ក្រុម ប៉ុន្តែក្រុមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានចែកគ្នាម្នាក់១ពិន្ទុ។
1
នៅក្នុងការប្រកួតជម្រុះជាបឋមនោះ ក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង និងក្រុមម្ចាស់ផ្ទះសៀមរាបអង្គរ បានស៊ុតបាល់ទម្លុះទីទៅលើគូប្រកួតបានច្រើនជាងគេ ដើម្បីទទួលបាន៣ពិន្ទុនេះ ហើយក្រុមម្ចាស់ផ្ទះកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក៏បានបង្ហាញភាពខ្លាំងគូឲ្យកត់សម្គាល់ផងដែរ ខណៈក្រុមយុវជនបឹងកេតកំពង់ចាម ក្រុមខេត្តកំពង់ធំ និងក្រុមខេត្តកំពង់ឆ្នាំង បានយកឈ្នះលើគូប្រកួតយ៉ាងស្វិតស្វាញដូចគ្នា ក្នុងការប្រកួតបើកឆាកនេះ។ ជាមួយការប្រកួតនោះ ក្រុមឈរនៅពូលB ខេត្តស្វាយរៀង បានបំបាក់ក្រុមភ្ញៀវខេត្តព្រៃវែង ក្នុងលទ្ធផល ៩-៣ នៅកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន ឯក្រុមយុវជនបឹងកេតកំពង់ចាម បានយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានបឹងកេត។

ចំណែកការប្រកួតបើកឆាករវាងក្រុមទាំង៤ ដែលឈរនៅពូលC ឬតំបន់កណ្តាល ក្រុមសៀមរាបអង្គរ បានលត់ក្រុមមកពីជាយដែនខេត្តព្រះវិហារ ៨-១ ប៉ុន្តែក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ បានធ្វើឲ្យអ្នកទស្សនានៅក្នុងខេត្តរបស់ខ្លួនជួបការខកចិត្ត ព្រោះពួកគេបានចាញ់ក្រុមភ្ញៀវខេត្តកំពង់ធំ ៣-២ ទាំងមិនអស់ចិត្ត នៅកីឡដ្ឋានខេត្តឧត្តរមានជ័យរបស់ខ្លួន។សម្រាប់ការប្រកួតពូលDឬតំបន់ខាងលិច ក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុមខេត្តបាត់ដំបង ក្នុងលទ្ធផលទាំងប្រផិតប្រផើយ ៣-២ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង ហើយការឈ្នះ៣ពិន្ទុនៅថ្ងៃបើកឆាកនេះបានធ្វើឲ្យពួកគេកាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការប្រជែង ដើម្បីស្វែងរកឱកាសឡើងទៅប្រកួតវគ្គបន្ត ព្រោះពូលមួយនេះមានតែ៣ក្រុមប៉ុណ្ណោះ។
2
ចំពោះពូលE ក្រុមម្ចាស់ផ្ទះកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបំបាក់ក្រុមខេត្តកំពត ៥-១ ដើម្បីបង្កើតឲ្យុមានក្តីសង្ឃឹមស្ទើរតែ១០០ភាគរយទៅហើយ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលនេះ បើទោះបីជាពួកគេ ត្រូវប្រកួតជាមួយក្រុមខេត្តកំពត ជាលើកទី២ម្តងទៀតក៏ដោយ ព្រោះពូលEនេះមានតែ២ក្រុមប៉ុណ្ណោះ។ចំណែកក្រុមខេត្តស្ទឹងត្រែង និងក្រុមខេត្តក្រចេះ បានចែកគ្នាតម្នាក់១ពិន្ទុ ខណៈក្រុមទាំង២ បានបញ្ចប់ការប្រកួតជើងទី១ជាមួយលទ្ធផលស្មើគ្នា ១-១ នៅកីឡដ្ឋានខេត្តស្ទឹងត្រែងនោះ ហេតុនេះក្រុមទាំង២ ត្រូវយកការប្រកួតលើកទី២ ដើម្បីកំណត់រកក្រុមលេខ១ និងក្រុមលេខ២ ប្រចាំពូលFនេះ មុនពេលពួកគេដឹកដៃគ្នាឡើងទៅវគ្គបន្ត ព្រោះពូលនេះមានតែ២ក្រុមចូលរួមដូចពូលE និងពូលA ដែរ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតជាបឋមពានរង្វាន់សម្តេចហ៊ុនសែន នៅតាមតំបន់ ឬពូលទាំង៦នេះ នឹងជ្រើសរើសយកក្រុមលេខ១ លេខ២ និងក្រុមចំណាត់ថ្នាក់លេខ៣ល្អ(២ក្រុម)សរុបចំនួន១៤ក្រុម ក្នុងចំណោមក្រុមចូលរួមសរុបត្រឹម១៧ ដើម្បីឡើងទៅប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រជាមួយក្រុមឈរជើងចាំចំនួន១០ទៀត រួមមានក្រុមភ្នំពេញក្រោន ណាហ្គាវើល ក្រុមបឹងកេតអង្គរ ខេមបូឌានថាយហ្គឺរ ក្រសួងការពារជាតិ ក្រុមប៉ូលិស វេស្ទើន-ភ្នំពេញ ព្រះខ័នរាជស្វាយរៀង ក្រុមអាស៊ីអឺរ៉ុប និងក្រុម CMAC៕