ចោរ​គាស់​ផ្ទះ​អ្នកលក់​មាស​ទាំង​ថ្ងៃ​បំបែក​ទ្វារ​ទូដែក​យក​ហ្មត់

ចោរ​គាស់​ផ្ទះ​អ្នកលក់​មាស​ទាំង​ថ្ងៃ​បំបែក​ទ្វារ​ទូដែក​យក​ហ្មត់

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​ដែល​គេ​សង្ស័យ​ថា​មាន​បក្សពួក​លើស​ពី​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ផ្ទះ​អាជីវករ​លក់​មាស​ម្នាក់ រួច​ចូល​រើ​កកាយ​និង​គាស់​បំបែក​ទូ ដែក​ប្រមូល​យក​លុយ​និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ហើយ​ម្ចាស់ផ្ទះ​បានដឹង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ។ ផ្ទះ​ដែល​ត្រូវ​ក្រុម​ចោរ​ចូល​គាស់​លួច​នេះ ស្ថិត​នៅ​ខាងកើត​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ប្រហែល​២០០​ម៉ែត្រ ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខណៈ​ម្ចាស់ផ្ទះ​រវល់​ទៅ​លក់​មាស​ដូរ​ប្រាក់​នៅ​ឯ​ផ្សារ ។

អធិការ​នគរបាល​ស្រុក​ថ្មគោល លោក​ផង់ សុភាព បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ​គាស់​លួច​ទ្រព្យសម្បត្តិ​នេះ​ឈ្មោះ ឯក រ៉ា​វី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​អាជីវករ​លក់​មាស​ដូរ​ប្រាក់​នៅ​ផ្សារ​ស្រុក​ថ្មគោល ។ លោក​ថា ក្រុម​ចោរ​អាច​មាន​បក្សពួក​លើស​ពី​២​នាក់ ហើយ​បាន​ចូល​ទៅ​គាស់​បង្អួច​ផ្ទះ ខណៈ​ពេល​គ្រួសារ​នេះ​បិទទ្វារ​ទុក​ចោល​រួច​នាំ​គ្នា​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ ។ លោក​អធិការ​បញ្ជាក់​ថា ម្ចាស់ផ្ទះ​បានដឹង​រឿង​នេះ​នៅ​ពេល​គាត់​ទៅ​ផ្ទះ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ។ លុះ​ចាក់សោ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ឃើញ​ស្នាម​រើ​កកាយ​និង​គាស់​បំបែក​ទូដែក ក៏​មានការ​ភ្ញាក់ផ្អើល​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

អ្នកស្រី ឯក រ៉ា​វី បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​កើតហេតុ​មិន​មាន​កូនចៅ​គាត់​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ​ទាំងអស់​គ្នា ។ គាត់​មិន​បានដឹង​ថា ក្រុម​ចោរ​ចូល​គាស់​ទម្លាយ​ផ្ទះ​តាំងពី​ម៉ោង​ប៉ុន្មាន​ទេ គឺ​ទើបបាន​ដឹង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ពេល​គាត់​ទៅ​ផ្ទះ​។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​ចោរ​បាន​គាស់​ចម្រឹង​បង្អួច​ខាងក្រោយ ហើយ​ចូល​ទៅ​ខាងក្នុង​រើ​កកាយ​គ្មាន​សល់​កន្លែង​ណា​ទេ​។ មិនតែប៉ុណ្ណោះ បាន​គាស់​ទ្វារ​ទូដែក​ប្រមូល​យក​លុយ និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ គឺ​ហ្មត់តែម្ដង ។

អ្នកស្រី​និយាយ​ទៀត​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន គ្រឿងអលង្ការ​ប្លា​ទី​ន​ចំនួន​២៥​តម្លឹង គ្រឿងមាស​ចំនួន​១,៧​តម្លឹង ប្រាក់​ដុល្លារ​១១០​ដុល្លារ ប្រាក់​ថៃ​៣២​ម៉ឺន​បាត និង​ប្រាក់​ខ្មែរ​៣០​លាន​រៀល ។

បើ​តាម​អ្នក​នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​និយាយ​ថា គាត់​បានឮ​សំឡេង​វាយដំ​ក្ដុងក្ដាំង​ពេញ​ក្នុងផ្ទះ ដែរ​ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​កើតឡើង​ទេ ព្រោះ​ម្នាក់​ៗ​គិត​ថា​ប្រហែល​ម្ចាស់ផ្ទះ​កំពុង​វាយដំ​ឬ​ធ្វើ​អ្វី​នៅ​ក្នុងផ្ទះ​នោះ ។  សកម្មភាព​វាយដំ​នោះ​បាន​កើតឡើង​ជិត​កន្លះ​ម៉ោង​ទើប​ស្ងប់ស្ងាត់ ។ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឃើញ​ម្ចាស់ផ្ទះ​ទៅ​ដល់ ហើយ​ភ្លាម​នោះ​ក៏​ស្រែក​ឆោឡោ​ឡើង​ថា មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ដែល​នៅ​ខាងលិច​ផ្ទះ​ជន​រង​គ្រោះ​នោះ​ប្រហែល​២០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។

ស្នងការ​រង​នគរបាល​ខេត្ត លោក​ឧត្ត​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី មាន​ប្រសាសន៍​ថា បើ​តាម​ការ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​រហូត​មានការ​វាយ​កម្ទេច​ទូដែក​បែប​នេះ ក្រុម​ចោរ​អាច​មាន​គ្នា​លើស​ពី​២​នាក់ ហើយ​ក្រុម​នេះ​ជា​ក្រុម​ចោរ​អាជីព ដែល​អាច​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដើរ​ធ្វើ​សកម្មភាព​ទៀត​ផង ។ លោកស្នងការ​រង​បញ្ជាក់​ថា ក្រុម​ចោរ​អាច​ធ្វើ​សកម្មភាព​នៅ​ចន្លោះ​ពី​ម៉ោង​៨​ទៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ។ លោក​ថា លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឱ្យ​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​ខេត្ត​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ​ហើយ  រីឯ​កម្លាំង​ជំនាញ​មួយ​ចំនួន​ទៀត កំពុង​សួរនាំ​ម្ចាស់ផ្ទះ និង​សាក្សី​នានា​ដើម្បី​កំណត់​មុខសញ្ញា​ដែរ ។

គួរ​រំឭក​ថា ចាប់តាំងពី​ថ្ងៃ​ទី​៤ ខែមករា ដល់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦  មាន​ករណី​ក្រុម​ចោរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ក្នុង​ទ្រង់ទ្រាយ​ធំ​ចំនួន​២​លើក​ហើយ រាប់​ទាំង​លើក​នេះ​ផង ថែម​ទាំង​មាន​ករណី​ក្រុម​ចោរ​ស្រី​បុក​ទូ (​ចោរ​បន្លំ​ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​)​ចូល​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ​មួយ​លើក​ផង​ដែរ ។ សកម្មភាព​គាស់​ផ្ទះ និង​សកម្មភាព​ចោរ​ស្រី​បុក​ទូ​ចូល​លួច​ដល់​ក្នុងផ្ទះ​នេះ ត្រូវ​គេ​មើលឃើញ​ថា បាន​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​តែ​ម្ដង ដោយ​គ្មាន​ខ្លាចក្រែង​សមត្ថកិច្ច​បន្តិច​ឡើយ ។

ក្រៅពី​បទល្មើស​ខាងលើ​នេះ ក៏​នៅ​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​កើតឡើង​ចំនួន​៤​លើក​ជា​បន្តបន្ទាប់​ដែរ ដោយ​គិត​ត្រិ​ម​តែ​រយៈពេល​៤០​ថ្ងៃ ដើមឆ្នាំ​២០១៦​នេះ ខណៈ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​តែ​គ្មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្ដី ពេល​នេះ​សមត្ថកិច្ច​នៅ​តែ​បញ្ចេញ​កម្លាំង​តាម​ប្រមាញ់​មិន​ឈប់​ឈរ​នៅឡើយ​នៅ​តាម​ស្រុក​នានា ទាំង​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ទាំង​នៅ​តាម​ទីប្រជុំជន ដែល​គេ​សង្ស័យ​ថា ក្រុម​ចោរប្លន់​អាច​នឹង​សម្ងំ​លាក់ខ្លួន​នៅ​តាម​តំបន់​នោះ ៕