ឃាត់ខ្លួនរឿងប្រើហិង្សារ វាយប្រពន្ធកូន ស្រាប់តែរកឃើញ មានដីកាចាប់ខ្លួនករណីប្លន់

កណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនក្នុងករណីហិង្សាវាយប្រពន្ធ កូន នៅម៉ោងប្រមាណ ២០៖០៥នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងផ្ទះ ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយឃាត់ខ្លួនសមត្ថកិច្ចរងឃើញថា ជននេះធ្លាប់មានដីកាចាប់ខ្លួនពាក់ព័ន្ធនិងករណីប្លន់ តែបានរត់គេចខ្លួនទៅធ្វើការនៅថៃបាត់។

បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ន ណាវី ភេទប្រុស អាយុ៣២ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ឯជនរងគ្រោះជាប្រពន្ធឈ្មោះ ផាន ម៉េត ភេទស្រី អាយុ ៣៥ឆ្នាំ ជាកសិករ រស់នៅជាមួយគ្នា។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ នៅម៉ោង ១០៖០០នាទី កូនជនសង្ស័យអាយុ ៦ឆ្នាំ បានលេងជាមួយក្មេងដទៃ ហើយធ្លាក់ចូលលូ ទើបជនសង្ស័យរករឿងប្រពន្ធថា មិនមើលកូន ដោយសារប្រពន្ធជាប់រវល់ឆ្អើរត្រី ជនសង្ស័យក៏ចេញពីផ្ទះ ទៅផឹកស្រាបាត់ រហូតដល់វេលាម៉ោងកើតហេតុ បានត្រឡប់មកផ្ទះវិញ ហើយបានវាយកូន និងស្តីបន្ទោស មិនឲ្យកូនលេងជាមួយគេទៀត ពេលនោះប្រពន្ធ ឃាត់ក៏ត្រូវជនសង្ស័យ ជាប្តីចាប់បោចសក់វាយប្រពន្ធ។

បើតាមការបញ្ជាក់របស់មន្រ្តីនគរបាល ជនសង្ស័យ យ៉ន ណាវី នេះមានដីកាចាប់ខ្លួន ពីបទប្លន់ប្រព្រឹត្តនៅភូមិ ព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៦ កន្លងមក តែជនសង្ស័យ បានគេចខ្លួនទៅធ្វើការនៅប្រទេសថៃ។ ក្រោយពេលឃាត់ខ្លួន រួចជនសង្ស័យ ខាងលើត្រូវបានកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី៕

ឃាត់ខ្លួនរឿងប្រើហិង្សារ វាយប្រពន្ធកូន ស្រាប់តែរកឃើញ មានដីកាចាប់ខ្លួនករណីប្លន់