លោកស្រី កែ សុវណ្ណ​រតន៍​៖ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​

ភ្នំពេញ: គណៈប្រតិភូ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី កែ សុវណ្ណ​រតន៍​ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ចុះទៅ​សិក្សា​ស្វែងយល់​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​គ​ណៈ​កម្ម​ការ នៅ​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី និង​ថ្នាក់ដឹកនាំ​មន្ទី​ជំនាញ​ពាក់ព័ន្ធ  នៅ​សាលាខេត្ត​មណ្ឌលគិរី លោកជំទាវ​កែ សុវណ្ណ​រតន៍ បាន​មានប្រសាសន៍ថា គណៈប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ចុះមក​កាន់​ខេត្តរតនគិរី នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​ពី​ភាព​រីកចម្រើន និង​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​គ​ណៈ​កម្ម​ការ ដែល​ខេត្ត​បាន​ជួបប្រទះ នាពេល​កន្លងមក​។​

​ក្រៅពី​ការលើកឡើង ពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ នឹង​វិស័យ​ការងារ សង្គមកិច្ច និង​កិច្ចការនារី  លោកស្រី​ប្រធាន​គណៈប្រតិភូ ក៏បាន​ផ្ដោត ការយកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ពិសេស​លើ​ការងារ​គ្រប់គ្រង​ឱសថ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ និង​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​។ លោកជំទាវ បាន​បញ្ជាក់ថា ការគ្រប់គ្រង​ឱសថ​បាន​ត្រឹមត្រូវ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ និង​ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់​ដែល​ចរាចរណ៍​លើ​ទីផ្សារ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោកស្រី​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​មន្ទីរជំនាញ សូម​យកចិត្តទុកដាក់​ទៅលើ​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ផ្នែក​ឯកជន​ត្រូវមាន ជំនាញ​ច្បាស់លាស់ និង​ត្រូវ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ផង​។​

​ជា​កិច្ច​ឆ្លើយតប លោក អេង ប៊ុន​ហ៊ាង បាន​ជម្រាបជូន​គណៈប្រតិភូ​គណៈកម្មកា​ជំនាញ​នៃ​រដ្ឋសភា ថា អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត មណ្ឌលគិរី បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​យ៉ាងសកម្ម ពិសេស​វិស័យ​សុខាភិបាល ក្នុង​គោលដៅ​លើកកម្ពស់​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ជនជាតិភាគតិច​ជាដើម​។​

​លោក​បាន​បន្តថា នៅ​ទូទាំង​ខេត្ត​មានស្រុក​ប្រតិបត្តិ​១ មន្ទីរពេទ្យបង្អែក​១ មណ្ឌល​សុខភាព​១១ ប៉ុស្តិ៍​សុខភាព​១៧ និង​គ្រែ​អ្នកជំងឺ​៦៦​គ្រែ​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​ក៏មាន​សេវា​សុខាភិបាល​ឯកជន​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​បន្ទប់​ពិគ្រោះ​ជំងឺ​ចំនួន​១២​កន្លែង (​មានច្បាប់​១១​កន្លែង​) បន្ទប់​ពិនិត្យ​ផ្ទៃពោះ​មាន​ចំនួន​០៦​កន្លែង បន្ទប់​ថែទាំ​ជម្ងឺ​មានច្បាប់​ចំនួន​២៧​កន្លែង បន្ទប់ពិសោធន៍​មានច្បាប់​ចំនួន​០៣​កន្លែង ឱសថស្ថាន មានច្បាប់​ចំនួន​០២​កន្លែង ឱសថស្ថាន​រង​(​ក​)​មានច្បាប់​ចំនួន​០១​កន្លែង និង​ឱសថស្ថាន​រង​(​ខ​)​មានច្បាប់​០១​កន្លែង​។​

​លោក អភិបាល បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​ឱសថ ក្លែងក្លាយ​អាជ្ញាធរខេត្ត ក៏មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុងការ​ទប់ស្កាត់​ការនាំ​ចូល ឱសថ​ក្លែងក្លាយ ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​២០១៤ អាជ្ញាធរខេត្ត​បាន​បង្ក្រាប ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​បាន​០១​ករណី​ផងដែរ​។​

​ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍​របស់​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​រួចមក លោកស្រី កែ សុវណ្ណ​រតន៍ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ខេត្ត​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ ដែល​បាន​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ឆ្លើយតប​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​

​បន្ទាប់មក​គណៈប្រតិភូ​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​កន្លែង​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​។​

​សូមបញ្ជាក់ថា គណៈប្រតិភូ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា នឹង​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​ចំនួន​បួន​គឺ ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦៕

លោកស្រី កែ សុវណ្ណ​រតន៍​៖ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​

លោកស្រី កែ សុវណ្ណ​រតន៍​៖ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​

លោកស្រី កែ សុវណ្ណ​រតន៍​៖ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​

លោកស្រី កែ សុវណ្ណ​រតន៍​៖ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង ផលប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​