ស្រក​ទម្ងន់​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មតា​ដែរ​ទេ​?

ស្រក​ទម្ងន់​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មតា​ដែរ​ទេ​?

​ខ្ញុំ​អាយុ ២៧​ឆ្នាំ ហើយ​នេះ​គឺជា​ការ​មាន​ផ្ទៃពោះ​ទី​ពីរ​របស់​ខ្ញុំ​ហើយ​។ មិត្តភក្តិ​ខ្ញុំ​ភាគច្រើន​គឺ​ធាត់​ក្នុងពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ស្រក​ទម្ងន់ ២​គីឡូក្រាម​ទៅវិញ​កាលពី​ពីរ​ខែ​មុន​។ ខ្ញុំ​មាន​អា​ការៈក្អួត និង​ចាញ់កូន​ខ្លាំងណាស់ ហើយក៏​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​អី​ដែរ​។ តើ​នេះ​គឺជា​រឿង​ធម្មតា​ដែរ​ទេ​? តើ​វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាមួយ​ដែរ​ទេ​?

​ការ​ស្រក​ទម្ងន់​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​កើត​មាន​ញឹកញាប់​ណាស់ ហើយ​ក៏​ធម្មតា​ដែរ​។ វា​គ្រាន់តែ​ជា​ការប្រែប្រួល​មួយចំនួន​តូច​ប៉ុណ្ណោះ​។
​ការ​មាន​ផ្ទៃពោះ​បណ្តាលឲ្យ​មាន​ការប្រែប្រួ​ល​មួយចំនួន​ទៅ​លើ​មុខងារ​របស់​រាងកាយ​ដូចជា ការបញ្ចេញ​អ័រម៉ូន​មាន​ផ្ទៃពោះ (hCG) ដែល​អាច​បង្ក​ជា​រោគសញ្ញា​ក្អួតចង្អោ ឬ​ហៅ​ថា​ចាញ់​កូន​។

​ស្ត្រី​ភាគច្រើន​ទំនងជា​មាន​រសជាតិ​ដែកៗ​ជាប់មាត់​ដោយសារតែ​ការ​ក្អួត ហើយ​ក៏​ធ្វើឲ្យ​ពួកគេ​មិន​ចង់​ញ៉ាំ​អ្វី​ដែរ​។ ហេតុដូច្នេះ​ហើយ​វា​នឹង​ធ្វើឲ្យ​ការញ៉ាំ​ថយចុះ និង​ស្រក​ទម្ងន់​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ព្រមទាំង​មាន​បញ្ហា​រលាក​ក្រពះ និង​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេងទៀត​ដូចជា​ទល់លាមក​ជាដើម​ដោយសារ​តែ​ក្រពះ​គ្មាន​អ្វី​កឹន​។ យ៉ាងណាមិញ ការ​ស្រក​ទម្ងន់​មួយ​គីឡូ​ពីរ​មិនមែន​ជា​មូលហេតុ​ដែល​ត្រូវ​បារម្ភ​ឡើយ​។

​ពេលណា​ដែល​អ្នក​គួរ​បារម្ភ​?
​បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ស្រក​ទម្ងន់​ធ្ងន់ធ្ងរ ដូចជា​ស្រក​ទម្ងន់​ច្រើនជាង ២​គីឡូក្រាម​ក្នុង​ត្រីមាស​ទី​មួយ នោះ​ទើប​ជា​រឿង​ធ្ងន់ធ្ងរ​។ រោគសញ្ញា​នៃ​ការដកដង្ហើម​ទៅ​ធំក្លិន​ផ្អែមៗ​ដែល​អាច​ដោយសារតែ​ការ​ឃ្លាន​អាហារ​នោះ វា​គួរតែ​ជា​រឿង​ត្រូវ​ទាក់ទង​គ្រូពេទ្យ​ព្យាបាល​ហើយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ធ្លាប់​មាន​ការប្រែប្រួល​ទាំងឡាយ​ណា​ទាក់ទង​នឹង​ទម្ងន់ ឬ​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​ដោយសារតែ​ការ​ច​ង្អោ ឬ​ទល់លាមក​នោះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះថា ការ​ញ៉ាំ​អាហារ​តិច និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​អាច​នាំឲ្យ​មាន​ផលវិបាក​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។