ស្គាល់​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ស្ដាប់​ ឌី សាវ៉េត រៀបរាប់​​ដំណើរ​រឿង

ស្គាល់​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ស្ដាប់​ ឌី សាវ៉េត រៀបរាប់​​ដំណើរ​រឿង

រឿង “ជីវិត​ផ្សង​ព្រេង” ជា​ប្រភព​បង្កើត​ឲ្យ​មាន​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ច្រៀង​ដោយ ស៊ីន ស៊ីសាមុត និង​​​អ្នក​ស្រី​ ឌី សាវ៉េត តាម​អត្ថន័យ​នៃ​សាច់​រឿង​ទាំង​មូល។

 

និយាយ​ពី “ជីវិត​ផ្សង​ព្រេង” មក​ទល់​បច្ចុប្បន្ន​រឿង​នេះ​  អ្នក​ស្រី ​ប្រាប់​ថា​មិន​ដឹង​បាត់​ទៅ​ទី​ណា ​រក​មិន​ឃើញ ទោះ​បី​អ្នក​ស្រី​ខំ​ទៅ​រ​ដល់​ប្រទេស​ថៃ​ក៏​ដោយ​ នៅ​តែ​មិន​ឃើញ​។​ តារា​រៀម​ច្បង​នេះ​អះ​អាង​ថា​រឿង​នេះ​ទទួល​ការ​គាំ​ទ្រ​ខ្លាំង​កាល​សម័យ​នោះ​ បើ​សិន​ជា​នៅ​មក​​ដល់​ឥឡូវ​ប្រាកដ​ជា​ល្បី​ខ្លាំង។

 

ស្គាល់​បទ “ស្នេហ៍​ឆ្លង​វេហាស៍” ស្ដាប់​ ឌី សាវ៉េត រៀបរាប់​​ដំណើរ​រឿង

 

ទោះ​យ៉ាង​ណា​ក្ដី ​អ្នកស្រី ឌី សាវ៉េត ឆ្លៀត​សង្ខេប​ ជូន​នូវ​សាច់​រឿង “ជីវិត​ផ្សង​ព្រេង” បុព្វហេតុ​នៃ​បទ​ចម្រៀង “ស្នេហ៍​ឆ្លង​វេហាស៍” ​​មាន​​ដំណើរ​រឿង​​ដូច​តទៅ៖

 

មាន​នារី​ម្នាក់​ជា​ជនជាតិ​ខ្មែរ​រស់​នៅ​តំបន់​ជាយ​ដែន​នៃ​ក្រុង​ប៉ោយ​ប៉ែត ហើយ​មាន​បុរស​ម្នាក់​រស់​នៅ​បស្ចឹម​ប្រទេស ​ជន​ជាតិ​ថៃ​ បាន​មក​លេង​ប្រទេស​កម្ពុជា ​ហើយ​ពើប​ប្រទះ​នឹង​នារី​ជនជាតិ​ខ្មែរ​នោះ​ ក៏​បាន​ចាប់​ចិត្ត​ស្រលាញ់​។​ ប៉ុន្តែ​ដោយ​សារ​ខុស​ទឹក​ដី​គ្នា​ ពួក​គេ​មិន​បាន​រៀប​ការ​ជាមួយ​គ្នា​ទេ គ្រាន់​តែ​ស្រលាញ់​គ្នា​លួច​លាក់ ​​និង​រស់​នៅ​ជាមួយ​គ្នា រហូត​ដល់​បាន​កូនស្រី​ម្នាក់​។

 

តំណាល​ក្រោយ​មក ​កូន​ស្រី​នោះ​ចម្រើន​ពេញ​វ័យតែ​មិន​ឃើញ​ខ្លួន​មាន​ឪពុក​ដូច​គេ​ នាង​ក៏​បាន​សួរ​ទៅ​កាន់​ម្ដាយ​ថា៖ តើ​ឪពុក​ខ្ញុំ​នៅ​ទីណា? ហេតុ​អ្វី​ខ្ញុំ​គ្មាន​ឪពុក​ដូច​គេ? គាត់​នៅ​ទីណា ?​មាន​រូបរាង​ដូច​ម្តេច? ប៉ុន្តែ​ម្តាយ​នៅ​តែ​មិនព្រម​ប្រាប់។ លុះ​ក្រោយ​មក​ ដោយសារការ​​រំអុក​សួរ​ពី​កូន​ស្រី​ច្រើន​ដង​ពេក​ ទើប​ ម្ដាយ​​ព្រម​ប្រាប់​ថា​ ឪពុក​កូន​ស្រី​ ជា​ជនជាតិ​ថៃ​ ពេល​នេះ​មិន​ដឹង​ឪពុក​ទៅ​ដល់​ទី​ណា​នោះ​ទេ។

 

 

 (បទ​ ស្នេហ៍​ឆ្លង​វេហាស៍​ច្រៀង​ដោយលោកតា ស៊ិន ស៊ីសាមុត& ឌី សាវ៉េត)

ក្រោយ​មក ​នាង​ក៏​សម្រេច​ចិត្ត​ទៅ​តាម​រក​​ឪពុក​នាង​ដល់​ទឹក​ដី​ថៃ ប៉ុន្តែ​មិន​មែន​ងាយ​ស្រួល​នោះ​ឡើយ​ ព្រោះ​នាង​មិន​ចេះ​ភាសា​គេ​​ ហើយ​មាន​លុយ​កាក់​តែ​បន្តិច​បន្តួច​ក្នុង​ខ្លួន​ទៀត​។ ដំណើរ​រសាត់​អណ្ដែត​លើ​ទឹក​ដី​ប្រទេស​ជិត​ខាង​មួយ​នេះ នាង​ត្រូវ​ជួប​ចោរ​  ជន​ខិលខូច​ជា​ច្រើន ប៉ុន​ប៉ង​មិន​ល្អ​មក​លើ​រូប​នាង។ ​​ប៉ុន្តែ​សំណាង​ល្អ​ ​បាន​ជួប​ប៉ូលិស​ម្នាក់​ ​គេ​បាន​ជួយនាង​ច្រើន​លើក​ច្រើន​សារ​​ បន្ទាប់​មក ​​ក៏​មាន​ទំនាក់​ទំនង​​​គ្នា​ដោយ​តួ​ប្រុស​បាន​លប​លួច​មាន​ចិត្ត​ស្រលាញ់​ តួ​ស្រី​ក្នុង​រឿង​ហ្នឹង ដោយសារ​នាង​មាន​ចិត្ត​ស្លូត​បូត​ សុភាព​រាបសារ​ ស្អាត​ផង​នោះ​​។

 

ក្រោយ​មក​​ពួកគេ​ទាំង​ពីរ​បាន​ដើរ​លេង​ជាមួយ​គ្នា​ ហើយ​ក៏​ចេញ​ជា​បទ​ចម្រៀង​មួយ​បទ​ចំណងជើង​ថា​ “ស្នេហ៍​ឆ្លង​វេហាស៍” ។ រីឯ​តួ​អង្គ​កីឡា​ករ​បាល់​ទាត់​ សម្តែង​ដោយ​លោក​ ជា យុទ្ធ​ថន​ ​មាន​ស្នេហា​ជាមួយ​តួ​ស្រី​​ជា​ជនជាតិ​ថៃ​ ក្នុង​នោះ​បាន​រំលេច​ចេញ​ចម្រៀង​មួយ​បទ​ដែរ ចំណង​ជើង​ថា ” យើង​នៅ​ឆ្ងាយ​គ្នា​ម្ល៉េះ​ម្ល៉ា”។

 

ទី​បញ្ចប់​ដំណើរ​ស្វែង​រក​ឪពុក​របស់​តួ​ស្រី​ដែល​សម្តែង​ដោយ​ អ្នក​ស្រី ឌី សាវ៉េត​ បាន​ជួប​គ្នា ប៉ុន្តែ​គ្រា​នោះ​លោក​ឪពុក​របស់​នាង​​បាន​មាន​ប្រពន្ធ​កូន​បង្កើត​គ្រួសារ​ថ្មី​មួយ​ទៀត​រួច​ហើយ​៕

 

ឯកអគ្គ​រាជទូតថៃ ​និង ឌី សាវ៉េត​ បង្ហើប​រឿងខ្មែរដំបូង​​ល្បី​ខ្លាំង

អត្ថបទ៖ ថា ម៉ាលីដា