សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេច​៥ នាង​អឿ​ន ដា​លី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​សម្រាល​កូនស្រី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​រៀប​ការ​ជាមួយ​ជនជាតិ​ស្បែក​ស​អស់​រយៈពេល​ជាង​២​ឆ្នាំ ។

រូបភាព​កូនស្រី​នាង​អឿ​ន ដា​លី​ស ត្រូវ​ស្វាមី​របស់​នាង លោក​ណា​ថា​ន់ ប្លេ​ក​ឃ័​រ ជនជាតិ​អូស្ត្រាលី បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ក្រោយ​ពី​កូនស្រី​លើក​ដំបូង​របស់​ពួក​គេ​ចាប់កំណើត ។

ជាមួយនឹង​រូបថត​កូនស្រី​ដែល​មានមុខមាត់​កាត់​ទៅ​រក​ភាគី​ខាង​ប្រុស​នោះ ស្វាមី​របស់ អឿ​ន ដា​លី​ស សរសេរ​សារ​ថា «​សូម​ណែនាំ អឿ​ន ដា​លី​ស កូនស្រី​របស់​នាង​បាន​សម្រាល​ហើយ​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​អូស្ត្រាលី ។

កូនស្រី​នេះ ដាក់​ឈ្មោះ​លី​ហ្សា ប្លេ​ក​ឃ័​រ មាន​ទម្ងន់​៣,៥៩​គីឡូក្រាម ។ ម្តាយ និង​ទារក​មាន​សុខភាព​ល្អ​» ។

បន្ទាប់​ពី​រូបភាព​កូនស្រី​របស់​អឿ​ន ដា​លី​ស បង្ហោះ​នោះ​មាន​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​នាង​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ​ចំពោះ​នាង ហើយ​ពួក​គេ​ចាត់​ទុក​ថា កូនស្រី​នេះ​នឹង​រឹតចំណង​ស្នេហ៍​រវាង​នាង និង​បុរស​ឆ្លង​ទ្វីប​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​មួយ​កម្រិត​ទៀត ។

អតីត​តារា​សម្តែង និង​ពិធី​ការិនី​ក្នុង​កម្មវិធី  តន្ត្រី​យុវវ័យ​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នាង​អឿ​ន ដា​លី​ស បាន​ចូល​រោងការ​ជាមួយ​បុរស​វ័យ​៣០​ឆ្នាំ ជនជាតិ​អូស្ត្រាលី​កាលពី​អំឡុង​ឆ្នាំ​២០១៣ ។ ពិធី​មង្គលការ​របស់​ដា​លី​ស ធ្វើ​ឡើង​ចំនួន​២​លើក​ក្នុង​ឆ្នាំ​តែ​មួយ ។ លើក​ទី​មួយ​នាង​រៀបចំ​មង្គលការ​តាម​បែប​បស្ចិមប្រទេស​នា​ខែកញ្ញា នៅ​អូស្ត្រាលី និង​លើក​ទី​២​នាង​បាន​មក​ប្រទេស​កំណើត​រៀប​ការ​ម្តងទៀត​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៣ ។

នាង​អឿ​ន ដា​លី​ស ធ្លាប់​អះអាង​ថា ស្វាមី​នាង​មិនមែន​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ដូច​គេ​និយាយ​ទេ គឺជា​បុគ្គលិក​បម្រើ​ការងារ​ធម្មតា​នៅ​ក្រុមហ៊ុន​រថយន្ត​មួយ រីឯ​ម្តាយក្មេក​នាង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ។

បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​តាម​គន្លង​ប្រពៃណី​ខ្មែរ​យ៉ាង​អធិកអធម​រួច​មក អតីត​ពិធី​ការិនី​អឿ​ន ដា​លី​ស និង​ស្វាមី បាន​ទៅ​កាន់​ទឹកដី​អូស្ត្រាលី​វិញ​ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៤ ។

ចាប់ពី​ពេល​នោះ​មក​អឿ​ន ដា​លី​ស បាន​ផ្តាច់​អាជីព​សិល្បៈ​មិន​ត្រឡប់​ក្រោយ​ឡើយ ដោយ​នាង​ត្រូវ​ចេញ​ទៅ​រស់នៅ​តាម​ស្វាមី​នៅ​ប្រទេស​អូស្ត្រាលី យ៉ាង​ស្ងៀមស្ងាត់ ៕