ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖ ​ក្រោម​វត្តមាន​លោក ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ​ នៅ​សាលាខេត្ត​កំពង់ចាម​គណៈ​កម្មការ​បុណ្យ​ទន្លេ​ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​​ជួបជុំ​គ្នា​នៅ​ខេត្តកំពង់ចាម​ ដើម្បី​ពិភាក្សា​ស្វែងរក​គន្លឹះ​ធ្វើ​យ៉ាងណា​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​ជាតិ ​និង​អន្តរជាតិ​ ចូលរួម​កាន់តែ​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ​ដែល​នឹង​​​ចាប់ពី​ថ្ងៃ​ទី​១១ ​ដល់​១៣ មីនា ​ ​២០១៦ ​ខាង​មុខ ដែលប្រារព្ធ​នៅ​ខេត្តកំពង់ចាម​ និង​ត្បូងឃ្មុំ​ ក្រោម​ប្រធានបទ «​ទន្លេ​ស្អាត​សហគមន៍​ល្អ» ។

លោក ថោ​ង ខុន បាន​ថ្លែង​ថា​ បុណ្យ​ទន្លេ​ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សា​រ​សំខាន់​បំផុត​ ក្នុង​ការ​លើកកម្ពស់​អរិយធម៌​ និង​វប្បធម៌​ជាតិ
ខណៈ​ដែល​បុណ្យ​ទន្លេ​ បាន​បង្ហាញ​នូវ​ទំនៀមទំលាប់​ប្រពៃណី​ និង​ផលិតផល​ ដែល​ជា​ស្នាដៃ​របស់​ប្រជាជន​កម្ពុជា​ ។ លោក​បញ្ជាក់​​ទៀតថា ប្រធានបទ​នៃ​បុណ្យ​ទន្លេ​លើក​ទី​២​នេះ ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​នៃ​ទេសចរណ៍​អាស៊ាន​ ដែល​ជម្រុញ​កា​រត​ភ្ជាប់​បណ្តា​​ប្រទេស​ ក្នុង​មហា​តំបន់​ទន្លេមេគង្គ​ សំដៅ​បង្កើន​សហប្រតិបត្តិការ​ ជាមួយ​បណ្តា​ប្រទេស​ ដែល​ជា​សមាជិក​ទន្លេមេគង្គ​ផ្សេង​ទៀត ​។