ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​កម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​​ស្រាលរាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ​ខេត្តសៀមរាប ​បើក​ប្រតិ​បត្តិ​ការ​​រួម​គ្នា តាម​ចាប់​ក្រុម​ក្មេង​ទំនើង​៧​នាក់ ដែល​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​ដាច់​សាច់​ក្បាល​ទាំង​ដុំ​ៗ កាលពីដើម​ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តសៀមរាប ហើយ​បន្ត​តាម​ចាប់ខ្លួន​ជន​ដៃដល់​ជា​បក្ខពួក​៦​នាក់​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ ​។ មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងកាលពី​រសៀល​ថ្ងៃ​ទី​១៧​ កុម្ភៈ ​២០១៦​ ថា ជន​ដៃដល់​ទាំងនេះ​ត្រូវ​សមត្ថកិច្ច​​​តាម​ចាប់ខ្លួន​ដល់​ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើ​អាវុធ (​កាំបិត និង​ដាវ​កែ​ច្នៃ​) និង​ដោយសារ​​​ជន​ដៃ​​ដល់​ច្រើន​នាក់កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​​បណ្តាល​ឲ្យ​របួស​ធ្ងន់ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា(​កាប់​ម៉ូតូ​)នៅ​ចំណុច​ហាង​តែ​គុ​ជ​ហា​នី​មៀ​ល ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​​ប្រមាណ១៤​នាក់ និង​ម៉ូតូ​៥​គ្រឿង ។

បន្ទាប់​ពី​មាន​សកម្មភាព​ដូច​ខាងលើ លោកស្នងការ និង​ស្នងការ​រង ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដឹកនាំ​ឲ្យការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​​ទើប​​ឈាន​ទៅ​​​ចាប់ខ្លួន​ជន​​ដៃ​ដល់​ទាំង​៧នាក់​ខាង​លើ​បានជា​បន្តបន្ទាប់​នៅ​ខេត្តសៀមរាប ​៕

ព័ត៌​មានពិស្តារ​មាន​ផ្សាយជូន​នៅ​លើទំព័រ​​កាសែត​កោះសន្តិភាព​