ពុទ្ធសាសនបណ្ឌិត្យ​នឹង​រៀបចំ​បាឋកថា​ប្រចាំខែ​កុម្ភៈ​លើ​ប្រធានបទ​«​ដើម្បី​ស្គាល់​អង្គរ​»

​ភ្នំពេញ​៖ ពុទ្ធសាសនបណ្ឌិត្យ​នៃ​ក្រសួង​ធម្មការ និង​សាសនា នឹង​រៀបចំ​ធ្វើ​បាឋកថា​ប្រចាំខែ​កុម្ភៈ​លើ​ប្រធានបទ​«​ដើម្បី​ស្គាល់​អង្គរ​» នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែកុម្ភៈ​ខាងមុខនេះ​។

​លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ គឺជា​វាគ្មិន​សម្រាប់​ការធ្វើ​បាឋកថា​ប្រចាំខែ​កុម្ភៈ​នេះ នៅ​ពុទ្ធសាសនបណ្ឌិត្យ លើ​ស្នាដៃ​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា​«​ដើម្បី​ស្គាល់​អង្គរ​»​។ សៀវភៅ​«​ដើម្បី​ស្គាល់​អង្គរ​»​នេះ គឺជា​សៀវភៅ​មួយ ដែល​ធ្វើការ​សិក្សា​និង​ចងក្រង​អំពី​ប្រាសាទ​ទាំងឡាយ​នៅ​អង្គរ និង​ក្រៅ​អង្គរ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ពុទ្ធសាសនបណ្ឌិត្យ​។​

​នៅក្នុង​ការធ្វើ​បទ​បង្ហាញ​នោះ លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ នឹងធ្វើ​ការពន្យល់​ពី​អត្ថន័យ​នៃ​ប្រាសាទអង្គរវត្ត ពី​មូល​ហេតុដែល​ព្រះមហាក្សត្រ​ខ្មែរ​ពី​ដើម​ស្ថាបនា​ប្រាសាទ និង​ពន្យល់​អំពី​អត្ថន័យ​នៃ​កំពូល​ទាំង​ប្រាំ​ដែល​នៅ​កណ្ដាល​ប្រាសាទអង្គរវត្ត​។ លើសពីនេះ​ទៀត លោក​សាស្ត្រាចារ្យ នឹង​ពន្យល់​អំពី​រូប​នាគ និង​រូប​អប្សរា ដែល​គេ​ឃើញ​រាប់រយ រាប់ពាន់​នៅ​គ្រប់​ប្រាសាទ​ទាំងអស់ ព្រមទាំង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​អង្គរ​បាក់បែក​។

​គួ​បញ្ជាក់ថា ការរៀបចំ​ធ្វើ​បាឋកថា​ប្រចាំ​ខែកុម្ភៈ​នេះ នឹង​ប្រព្រឹត្ត​នៅ​នៅវេលា​ម៉ោង ៩:០០ ដល់​ម៉ោង​១១:០០​ព្រឹក ថ្ងៃទី​២៤​ខាងមុខនេះ និង​បើកឱកាស​ឲ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​។

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​