បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​អប់រំ​ថ្នាក់​អស្សឫទ្ធិ ដល់​អ្នកគ្រូ នាង ផល្លា​

​សាធារណរដ្ឋ​បារាំង​បានផ្តល់​គ្រឿង​ឥស្សរិយយស​អប់រំ (Ordre des Palmes Académiques) ថ្នាក់​អស្សឫទ្ធិ ដល់​អ្នកស្រី នាង ផល្លា គ្រូបង្រៀន​នៅ​សាលា​អង្គការ​គ្រួសារ​ថ្មី  តាមរយៈ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​នេះ​។ ការបំពាក់​គ្រឿង​ឥស្សរិយយស​នេះ​ប្រព្រឹត្តឡើង​ស្របពេល​នឹង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ​របស់​អង្គការ​គ្រួសារ​ថ្មី ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំង​សមាជិក​រដ្ឋាភិបាល និង​លោក Benoît Duchâteau-Arminjon ដែលជា​ប្រធាន និង​ស្ថាបនិក​នៃ​អង្គការ​នេះ​។​

​បារាំង​សម្រេចចិត្ត​បំពាក់​គ្រឿង​ឥស្សរិយយស​អប់រំ​នេះ​ដល់អ្នកស្រី នាង ផល្លា គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការទទួលស្គាល់ និង​លើកទឹកចិត្ត​របស់​បារាំង​ចំពោះ​អ្នកគ្រូ នាង ផល្លា ដែលជា​អ្នកសម្របសម្រួល​កម្មវិធី​ជាតិ​នៃ «​ការអប់រំ​សម្រាប់​កុមារ​ពិការភ្នែក និង​គ ថ្លង់​» , ជា​គ្រូបង្រៀន និង​ជា​ស្ត្រី​មួយរូប​មានដំណើរ​ជីវិត និង​ប្រវត្តិ​ការងារ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ជា​បេក្ខជន​១​រូប​ក្នុងចំណោម​បេក្ខជន​១០​រូប​ដើម្បី​ដណ្តើម​ពានរង្វាន់​គ្រូបង្រៀន​ឆ្នើម​ពិភពលោក (Global Teacher Prize) ផងដែរ​។​
បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​អប់រំ​ថ្នាក់​អស្សឫទ្ធិ ដល់​អ្នកគ្រូ នាង ផល្លា​

​សូមបញ្ជាក់ថា មេដាយ​អប់រំ គឺជា​គ្រឿង​ឥស្សរិយយស​ដ៏​ចំណាស់​មួយ​របស់​សាធារណរដ្ឋ​បារាំង ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨០៨ ដោយ​ព្រះ​ចៅ​ណាប៉ូឡេអុង​ទី​១ ដើម្បី​ផ្តល់ជូន​សាស្ត្រាចារ្យ និង​លោកគ្រូ អ្នកគ្រូ​។ ចាប់តាំងពី​ឆ្នាំ​១៨៦៦​មក គ្រឿង​ឥស្សរិយយស​នេះ​ត្រូវបាន​បំពាក់​ដល់​បុគ្គល​មិនមែនជា​គ្រូបង្រៀន​ផងដែរ តែ​ជា​បុគ្គល​ដែលមាន​ស្នាដៃ​ឧត្តុង្គឧត្តម​ក្នុង​វិស័យ​អប់រំ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​